• 2018-10-31 08:22:06
  • ការអប់រំ

មកស្គាល់អ្នកបើកយន្តហោះវ័យក្មេងបំផុត ២រូបរបស់កម្ពុជា បញ្ចប់ការហ្វឹកហាត់ត្រឹមវ័យ២០ឆ្នាំ

  • 2018-10-31 08:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ក្លាយ​ជា​អ្នក​បើកបរ​យន្តហោះ​មួយ​រូប មិន​មែន​ងាយ​ស្រួល​ឡើយ ហើយ​ក៏​មិនមែន​សុទ្ធ​តែ​គ្រប់​គ្នា​មាន​ឱកាស​នោះ​ទេ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ កូន​ខ្មែរ​វ័យ​ក្មេង​បំផុត​ពីរ​រូប​ហើយ បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​បើកបរ​យន្តហោះ​ ទាំង​មាន​អាយុ​តិច​ខ្លាំង។ ដូច្នេះ​សូម​មក​ស្គាល់​យុវជន​ទាំង​២​រូប​នេះ៖

១. លឹមស្រេង សេដ្ឋាមុនី

Sabay សូម​រំលឹក​ពី​អ្នក​បើក​យន្តហោះ​វ័យ​ក្មេង​​ដំបូង​បំផុត​របស់​កម្ពុជា បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​បើកបរ​យន្ត​ហោះ​ នៅសាលា​ដឮ៏​ល្បីល្បាញ​មួយ​របស់​សហរដ្ឋអាមេរិក ត្រឹម​វ័យ​១៩​ឆ្នាំ និង​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​បើក​យន្តហោះ​ខ្នាត​ធំ Airbus A320 ត្រឹម​វ័យ​២០​ឆ្នាំ​នៅ​ប្រទេស​ហ្វីលីពីន។ យុវជន​រូប​នោះ​គឺ លឹមស្រេង សេដ្ឋាមុនី បាន​ទទួល​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​តាំង​ពី​ឆ្នាំ​២០១៧។

លឹម​ស្រេង សេដ្ឋា​មុនី ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​មក​កាន់ Sabay ថា ​ក្រោយ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​​លើ​​​ជំនាញ​​​បើក​បរ​យន្តហោះ​មក​ពី​សាលា​​​មួយ​របស់​សហរដ្ឋអាមេរិក​ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៦​ហើយ​នោះ​ សេដ្ឋា​មុនី​បាន​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​ជា​អ្នក​បើក​យន្ត​ហោះ​បន្ត​ទៀត ​​នៅ​ប្រទេស​ហ្វី​លី​ពីន ​ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​បើក​យន្ត​ហោះ​ខ្នាត​ធំ Airbus A320 ដែល​ខ្លួន​ធ្លាប់​ស្រមៃ​តាំង​ពី​តូច​។

អ្នក​បើក​យន្តហោះ​វ័យ​ក្មេង​រូប​នេះ ​បន្ត​ទៀត​ថា ​មុន​ពេល​សម្រេច​ក្ដី​ស្រមៃ ខ្លួន​គិត​ថា​​ហោច​ណាស់​ក៏​រយៈពេល​៣​ឆ្នាំ​ដែរ ទើប​អាច​ទទួល​បាន​ភាព​ជោគជ័យ ប៉ុន្តែ​ឥឡូវ​ត្រឹម​តែ​១​ឆ្នាំកន្លះប៉ុណ្ណោះ ក៏​អាច​បើក​យន្ត​ហោះ​ប្រភេទ​ Airbus A320 បាន។ ​សេដ្ខា​មុនី ប្រាប់​ថា ក្រោយ​​បញ្ចប់​ការ​សិក្សា​ពី​សហរដ្ឋអាមេរិក​ ក្នុង​ខែ​១១ ឆ្នាំ​២០១៦ ​រូប​គេក៏​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ហ្វី​លី​ពីន​ដើម្បី​អាច​បើក​យន្តហោះ ​Airbus A320 ដែល​ត្រូវ​ចំណាយ​លុយ​បង់​ថ្លៃ​សាលា​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ។

លឹម​ស្រេង​ សេដ្ឋា​មុនី ប្រាប់​ទៀត​ថា ត្រឹម​តែ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ​​ ខ្លួន​អាច​បើក​យន្តហោះ​ខ្នាត​ធំ​នេះ​បាន ពោល​គឺ​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ ២០១៧​ សេដ្ឋា​មុនី​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​នាំ​មក​នូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដល់​គ្រួសារ និង​ជា​មុខ​មាត់​សម្រាប់​សង្គម​ជាតិ។ នៅ​ពេល​សួរ​ថា តើ​មុនី​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ​ពេល​បើ​ក​យន្តហោះ​ខ្នាត​ធំ​នេះ? មុនី​ប្រាប់​ថា មិន​មាន​ភាព​ភ័យ​ខ្លាច​អ្វី​ទាំង​អស់​ព្រោះ​ក្នុង​នាម​ជា​អ្នក​បើក​យន្តហោះ​គឺ​ត្រូវ​មាន​ស្មារតី​រឹង​មាំ និង​ការ​តាំង​ចិត្ត​ខ្ពស់​បំផុត​។

បច្ចុប្បន្ននេះ សេដ្ឋាមុនី មាន​អាយុ​២១​ឆ្នាំ​ហើយ ហើយ​ក៏​ជា​ពេល​ដែល​ត្រូវ​ខិត​ខំ​បំផុត​ដើម្បី​គ្រួសារ​ អនាគត ព្រម​ទាំង​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ។

២. អ៊ុង សុខាណៃ

កាល​ពី​ថ្មី​ៗ​នេះ មាន​យុវជន​ម្នាក់​ទៀត បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន បើកយន្តហោះ​ពី​ប្រទេស​ហ្វីលីពីន ត្រឹម​អាយុ​២០​ឆ្នាំ។ អ៊ុង សុខាណៃ ​បាន​តស៊ូ ពុះពារ គ្រប់​ឧបសគ្គ​រហូត​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន ចង់​ក្លាយ​ជា​អ្នក​បើកបរ​យន្តហោះ។ មិន​បាន​ទម្លាយ​ពី​ឈ្មោះ​សាលា​ដែល​គេ​បាន​សិក្សា​ឡើយ ប៉ុន្តែ​សុខាណៃ លើក​ឡើង​ថា ការ​ហ្វឹកហាត់​គឺ​មាន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ទៅលើ​សិក្ខាកាម ដោយ​គិត​ជា​ចម្បង​បំផុត​នោះ គឺ​បញ្ហា​សុវត្ថិភាព អំឡុង​ពេល​ដែល​ហ្វឹកហាត់។

ក្នុង​នាម​ជា​អ្នក​បើក​យន្តហោះ​ម្នាក់​មិន​មែន​ជារឿង​ងាយ​ស្រួល​ឡើយ ពិសេស​ពេល​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​កំពុង​ហ្វឹកហាត់ រូប​គេ​បាន​ឆ្លង​កាត់​ការ​លំបាកជាច្រើន។ អ្វី​ដែល​សុខាណៃ លំបាក​ខ្លាំង​នោះ គឺ​ការ​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ពី Single Engine ទៅ Twin Engine Aircraft ពេល​កំពុង​ហោះហើរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យុវជន​រូប​សង្ហា​នេះ បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​ជា​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ។

បន្ទាប់​ពី​បញ្ចប់​ថ្នាក់ ATPL គោល​ដៅ​បន្ទាប់​សុខាណៃ នឹង​ត្រឡប់​មក​កាន់​ជាតិ​មាតុភូមិ​វិញ ដើម្បី​បំពេញ​ការងារ​តាម​ក្ដី​ស្រមៃ​តាំង​បី​តូច​របស់​ខ្លួន៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម