• 2018-10-31 09:30:00
  • ការអប់រំ

គិតអាយុជីវិតភ្ញៀវជាធំ អ្នកកំពង់ចាម១គូ មូលមតិគ្នា អត់ដាក់ស្រាថ្ងៃការ ក្រោមហេតុផល ៣នេះ

  • 2018-10-31 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការ​ថ្មីថ្មោង​របស់​ប្ដី​ប្រពន្ធ​មួយ​គូ ​បាន​រៀបចំ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ ដោយសារ​តែ​ម្ចាស់​ដើម​ការ​ សម្រេច​ចិត្ត​មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ទទួល​ភ្ញៀវ ក្រោម​ហេតុផល​ ៣នេះ ដែលបញ្ចាំង​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​។

អ្នកស្រី ធីម សុភួង បាន​ផ្ដល់​បទ​សម្ភាស​មក​កាន់ Sabay តាម​សារ​អេឡិចត្រូនិក​ថា អ្នកស្រី បាន​រៀបការ​ជាមួយ​ស្វាមី​ឈ្មោះ លោក ភឿក សុខជា កាល​ពី ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ភូមិ​ជើងព្រៃ ឃុំ​ជើងព្រៃ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។

(រូបភាពផ្តល់ឲ្យ)

កម្មវិធី​នេះ​បាន​រៀបចំ​មាន​ចំនួន​ប្រមាណ​ជាង​៣០តុ តែ​ក្រុម​គ្រួសារ​ទាំង​សងខាង​បាន​មូល​មតិ​គ្នា​ថា គឺ​អត់​យក​គ្រឿង​ស្រវឹង មក​ទទួល​ភ្ញៀវ​ទេ។ ក្នុង​នោះ គឺ​មាន​ដាក់​តែ​ម្ហូប​ដូច​កម្មវិធី​អាពាហ៍ពិពាហ៍​ទូទៅ រួម​នឹង​ទឹក​ក្រូច តែ​ប៉ុណ្ណោះ។

ទិដ្ឋភាពលើតុ ក្នុងថ្ងៃការ (រូបភាពផ្តល់ឲ្យ)

អ្នកស្រី​ថា មូលហេតុ​សំខាន់​ ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​សង​ខាង ពិសេស​សាមី​ខ្លួន​ ធ្វើ​រឿង​នេះ​គឺៈ

១. ដើម្បី​កម្មវិធី​ជួបជុំ​គ្នា បែប​រីករាយ​ធម្មតា គ្មាន​គ្រឿង​ស្រវឹង ឬ​អ្នក​ស្រវឹង​អួទីនួ

២. ចង់​ចាប់​ផ្ដើម​ដើម្បី​ប្រយោជន៍​សម្រាប់​គំរូ​មួយ​ក្នុង​សង្គម

៣. កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ដោយ​អ្នក​ផឹក​គ្រឿង​ស្រវឹង។

អ្នកស្រី​បន្ថែម​ថា ៣ហេតុផលនេះ ក៏​នាំ​ឲ្យ​ភ្ញៀវ​ដែល​បាន​ទៅ​ចូលរួម​ខ្លះ ពិតជា​ភ្ញាក់ផ្អើល និង​ខ្លះ​ទៀត បាន​សួរ​​ថា ហេតុ​អី​កម្មវិធី​ការ​មួយ​ ទាំងមូល​ បែរជា​មិន​ដាក់​ស្រា​ឲ្យ​ផឹក? តើ​ធ្វើ​បែប​នេះ អត់​ខ្លាច​បាត់​ចំណងដៃ ទេ​ឬ? ទោះ​យ៉ាង​នេះ​ក្ដី ក៏​មាន​ភ្ញៀវ​ខ្លះ​គាំទ្រ និង​បាន​លើក​សរសើរ​ ពី​គំនិត​នេះ​ថា​ល្អ ហើយ​ប្លែក​គេ​។

ឆ្លើយតប​នឹង​ចម្ងល់​ខាងលើ អ្នកស្រី​បន្ត​ថា មិន​មាន​អី​ចម្លែក​ទេ ដែល​មាន​អ្នក​ឆ្ងល់​ដូចនេះ។ ទន្ទឹម​នឹង​សំណួរ​ខាងលើ​នេះ​ដែរ ក៏​មាន​អ្នក​គាំទ្រ​គំនិត​នេះច្រើន​ ជា​ហេតុ​ធ្វើឲ្យ​មិន​មាន​បញ្ហា​រឿង​អ្នក​លុយ​ចង​ដៃ។

(រូបភាពផ្តល់ឲ្យ)

ម្យ៉ាង​វិញ​ទៀត​ អ្នកស្រី​ថា មុន​សម្រេច​លើក​គំនិត​នេះ គឺ​បាន​ត្រៀម​ជា​ស្រេច​បង្ការ​បញ្ហា។ ​វា​ជា​រឿង​ដែល​មិន​គួរ​គិត​រឿង​ខាត​ចំណេញ​ទាល់​តែ​សោះ គិត​រឿង​ចំណេញ​ខាត​ គឺ​រឿង​ជំនួញ តែ​នេះ​ជា​ពិធី​មង្គល ការ​ចូលរួម​ការ​ចងដៃ​វា​ជា​រឿង​ផ្សេង​ ដែល​ជា​សន្ដាន​ចិត្ត​របស់​ភ្ញៀវ មិត្តភ័ក្ដិ​ បងប្អូន នៃ​ការ​រាប់អាន​គ្នា។

សូម​បញ្ជាក់​ថា គំនិត​ខាងលើ​គឺ​ជា​ការ​ចាប់​ផ្ដើម​មួយ ក្នុង​នាម​ប្រជាពលរដ្ឋ​ធម្មតា​ម្នាក់ បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ មាន​គ្រោះថ្នាក់​ប្រចាំ​ថ្ងៃ​ដោយ​គ្រឿង​ស្រវឹង។

អាចថាមនុស្ស​ខ្លះ ពិតជា​និយម​ផ្ដល់​តម្លៃ​លើ​ការ​ផឹក​គ្រឿងស្រវឹង​ច្រើន ជាង​ការ​​ជួបជុំ​គ្នា សឹង​តែ​គ្រប់​កម្មវិធី។ នេះ​បើ​តាម អ្នកស្រី ធីម សុភួង។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់