• 2018-11-05 03:08:11
  • ស្នេហា

៦យ៉ាងនេះ ត្រូវប្រយ័ត្នបំផុតពេលរៀបចំមង្គលការ កុំឲ្យការហើយអស់លុយពីខ្លួនរលីង

  • 2018-11-05 03:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មង្គល​ការ​សំខាន់​ណាស់ សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ ហើយ​តែង​ចង់​រៀប​ចំ​ឲ្យ​មើល​ទៅ​ល្អ​ឥត​ខ្ចោះ។ តែ​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ដែល​មាន​លទ្ធភាព​ល្មមៗ គួរ​គិតគូរ​ឲ្យ​បាន​ល្អិត​ល្អន់ លើ​ខ្ទង់​ចំណាយ និង​ប្រការ​មួយ​ចំនួន​គួរ​ប្រុង​ប្រយ័ត្ន ជៀសវាង​ការ​ហើយ​រក​លុយ​ទូទាត់​ឲ្យ​គេ​មិន​បាន។ ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​បទពិសោធន៍​ ពី​ប្ដីប្រពន្ធ​មួយ​ចំនួន អំពី​ការ​រៀប​ចំ​មង្គល​ការ៖

១. និយាយ​គ្នា​ឲ្យ​ច្បាស់​លាស់​ជាមួយ​ចុង​ភៅ

ការ​រៀបចំ​មង្គលការ​មួយ​អ្វី​ដែល​ត្រូវ​ចំណាយ​ច្រើន​ជាង​គេ​បំផុត គឺ​ថ្លៃ​ម្ហូប​ទទួល​ភ្ញៀវ។ ក្នុង​ពិធី​រៀប​ការ​នីមួយៗ ម្ចាស់​ដើមការ​មិន​មែន​ធ្វើ​ម្ហូប​ទទួល​តែ​ភ្ញៀវ ក្នុង​ពេល​បង្ហើយ​នោះ​ទេ គឺ​ត្រូវ​ទទួល​តាំង​ពី​ថ្ងៃ​ចូល​រោង។ ដូច្នេះ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​លាស់​លើ​រឿង​មួយ​ចំនួន​ដូចជា៖ ជ្រើស​រើស​ម្ហូប​ណា​ដែល​សមរម្យ​ អាច​ទទួល​យក​បាន​កុំ​លើស​ពី​លទ្ធភាព ការ​កំណត់​បរិមាណ​ឲ្យ​សមស្រប​ទៅ​នឹង​ចំនួន​ភ្ញៀវ​ កុំ​ឲ្យ​បបូរ​ហូរហៀរ​ខ្លាំង​ពេក។

ក្រៅ​ពី​នេះ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន ចំពោះ​ក្រុម​ចុង​ភៅ ដែល​ចម្អិន​ម្ហូប​អាហារ មិន​ស័ក្ដិសម​នឹង​តម្លៃ ដូចជា​កិបកេង ត្រី សាច់ បន្លែ ធ្វើ​មិន​យក​ចិត្ត​ទុក​ដាក់។ ដូចនេះ​ម្ចាស់​កម្មវិធី​ត្រូវ​​ចាត់​នរណា​ម្នាក់​ឲ្យ​ឃ្លាំ​មើល​បញ្ហា​ទាំង​នេះ​ទើប​បាន។

២. ប្រយ័ត្ន​បំផុត​រឿង​ស្រា​ថ្លៃៗ កុំ​ដល់​ថ្នាក់​គាស់​ចោល

ម្ចាស់​ការ​ខ្លះ​គិត​ថា ដាក់​ស្រាបៀ និង​ស្រា​ថ្លៃៗ ធ្វើ​ឲ្យ​មាន​ការ​កោត​សរសើរ​ពី​ភ្ញៀវ​ដែល​​ចូលរួម។ តែ​ផ្ទុយ​មក​វិញ​អ្នក​ដែល​មាន​ធនធាន និង​អ្នក​ដែល​គិត​បាន​ស៊ី​ជម្រៅ គេ​មិន​ផ្ដោត​សំខាន់​លើ​រឿង​នេះ​ឡើយ ដោយ​គិត​លើ​សុវត្ថិភាព​អ្នក​ចូលរួម​ជា​ចម្បង។ ការ​ដាក់​ស្រាថ្លៃៗ ច្រើន​ហួស​ប្រមាណ​ធ្វើ​ឲ្យការ​ចំណាយ​កាន់​តែ​ច្រើន ហើយ​ធ្វើ​ឲ្យ​ពិធី​រៀបការ​ក្លាយ​ជា​កន្លែង​ស៊ីផឹក ពេល​ខ្លះ​អាច​ជ្រុល​ដល់​ប្រើ​អំពើ​ហិង្សា ធ្វើ​ឲ្យ​បាត់បង់​ស្មារតី​ពេល​បើកបរ។ ដូចនេះ​សូម​ពិចារណា​ឡើង​វិញ​ត្រង់​ចំណុច​នេះ។

៣. រឿង​ភ្ញៀវ​មិន​មែន​ចេះ​ដើរ​តែ​ហៅ​ផ្ដេសផ្ដាស ហើយ​កំណត់​ចំនួន​តុ​តាម​ការ​ស្មាន​ឡើយ

ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ចូលរួម​ គឺ​កាន់​តែ​សំខាន់ ត្រូវ​វិភាគ​មើល​ថា ភ្ញៀវ​ណា​ដែល​គិត​ថា​គេ​មិន​អាច​មក​ចូលរួម ឬ​អាច​ត្រឹម​ផ្ញើ​លុយ ភ្ញៀវ​ណា​ដែល​អាច​មក​ផ្ទាល់​បាន និង​ភ្ញៀវ​ណា​ដែល​មិន​គួរ​ហៅ។ ធ្វើ​បែប​នេះ ដើម្បី​ងាយ​ស្រួល​កំណត់​ចំនួន​តុ និង​ម្ហូប​ដែល​ត្រូវ​ទទួល កុំ​ឲ្យ​លើស​ កុំ​ឲ្យ​ខ្វះ។ ឧបមា​ថា កំណត់​ចំនួន​តុ​ឡើង​មួយ​គំនរ តែ​មិន​បាន​គិត​ឲ្យ​ច្បាស់​រឿង​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ នោះ​អាច​នឹង​សល់​តុ​ធ្វើ​ឲ្យ​ខាត​លុយ​ចោល​ទទេៗ។

៤. ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន​រឿង​សំអាង​ការ

សំអាង​ការ ក៏​ជា​រឿង​មួយ​ត្រូវ​ចំណាយ​ច្រើន​មិន​ស្ទើរ​ដែរ មាន​សំអាង​ការ​ខ្លះ​មិន​ស្មោះ​ត្រង់​ជាមួយ​យើង​ទេ។ ចួន​កាល​គេ​កំណត់​តម្លៃ​ថ្លៃ ហើយ​សន្យា​ដាក់​ឈុត​ថ្មីៗ​ឲ្យ តែ​ដល់​ថ្ងៃ​មិន​ដូច​អ្វី​ដែល​សន្យា ការ​រៀប​ចំ​មិន​ស័ក្ដិ​សម​នឹង​តម្លៃ។ ហើយ​ម្យ៉ាង​វិញ​ទៀត​សំអាង​ខ្លះ មាន​តែ​សេវា​តុបតែង​កូន​ក្រមុំ​-កូន​កំឡោះ មិន​មាន​ជាកញ្ចប់​ឡើយ។

ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ គួរ​ជ្រើស​រើស​សំអាង​ការ​ណា​ដែល​មាន​សេវាកម្ម​ជា​កញ្ចប់។  ក្នុង​នោះ​រួម​មាន អាចារ្យ ភ្លេង​បុរាណ​សម័យ ​ អ្នក​កាត់​សក់ មួយ​កំប្លេ​តែ​ម្ដង​។ ប្រសិន​បើ​រក​សេវាកម្ម​ផ្សេងៗ​ពី​គ្នា​នឹង​ធ្វើ​ឱ្យ​ការ​ចំណាយ​កាន់​តែ​ច្រើន​ ថ្លៃ​បណ្ណាការ​យក​មក​ប្រើប្រាស់​សឹង​មិន​គ្រប់​។

៥. ការ​ជ្រើសរើស​ហាង

ប្រសិន​បើ​អាច មាន​ទីធ្លា​នៅ​ផ្ទះ​ខ្លួន​ឯង​គ្រប់គ្រាន់ យក​ល្អ​មិន​គួរ​ចំណាយ​រៀបចំ​នៅ​ក្នុង​ហាង ឬ​កន្លែង​ធំៗ​នោះ​ទេ។ លើកលែង​តែ​ម្ចាស់​ការ គ្មាន​កន្លែង​រៀបចំ ទើប​រៀបចំ​នៅ​ក្នុង​ហាង ប៉ុន្តែ​រឿង​ដែល​ត្រូវ​ធ្វើ គឺ​ស៊ើបសួរ​ពី​តម្លៃ​នៅ​តាម​បណ្ដា​ហាង​នានា ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​ធ្វើ​ការ​ជ្រើសរើស​ហាង​មួយ​ណា​ដែល​ស័ក្ដិសម​នឹង​លទ្ធភាព។

៦. ប្រយ័ត្ន​ឲ្យ​មែន​ទែន​រឿង​អ្នក​ថត

អ្វី​ដែល​មិន​អាច​ខ្វះបាន​រូប​ថត​អនុស្សាវរីយ៍ ថ្ងៃ​រៀប​មង្គល​ការ តែ​ត្រូវ​ដឹង​ថា ជាង​ថត​រូប​ខ្លះ​ខូច​ណាស់ ចុចៗ​យក​ឲ្យ​តែ​បាន​រូប​ច្រើន​សន្លឹក ទោះ​រូប​ខ្លះ​មិន​សំខាន់​ក៏​ដោយ។ ម្ចាស់​ការ​ត្រូវ​ចាត់​ចែង​ឲ្យ​ច្បាស់ ចាំ​ឃ្លាំ​មើល​អ្នក​ថត ឲ្យ​ចុច​ថត​តែ​ពិធី​ណា​ដែល​ខ្វះ​មិន​បាន ជ្រើស​រើស​ក្រុមថត​ដែល​មាន​ជំនាញ បាន​ទាំង​គុណភាព និង​បរិមាណ។ ចួន​កាល​ការ​ហើយ បាន​រូប​ឡើង​មួយ​គំនរ តែ​សុទ្ធ​តែ​រូប​អត់​បាន​ការ​៕

​ ​​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់