• 2018-11-06 07:30:00
  • សេដ្ឋកិច្ច

ចង់ឲ្យភ្ញៀវទៅលេងខេត្តព្រះសីហនុដូចមុនស្រួលទេ សំខាន់ដោះស្រាយ ៣រឿងនេះសិន

  • 2018-11-06 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តាម​ដាន​បញ្ហា​សង្គម​១​រូប​បាន​លើក​ឡើង​ ៣ចំណុច​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​ពិចារណា ប្រសិន​បើ​ចង់​ឲ្យ​ភ្ញៀវ​ខ្មែរ និង​បរទេស​ទៅ​លេង​ច្រើនដូច​មុន។ លោក​លើក​ឡើង​បែប​នេះ ខណៈ​សន្ទុះ​នៃ​ជនជាតិ​ចិន​បាន​សម្រុក​ចូល​មក​ប្រទេស​កម្ពុជា​ ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ និង​ព័ត៌មាន​អសន្តិសុខ​​មួយ​ចំនួន​​ ដែល​បន្ត​កើត​ឡើង​នៅ​ទីនោះ។

លោក សន ជ័យ អ្នក​តាមដាន​បញ្ហា​សង្គម និង​ជា​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម កម្ពុជា​បាន​ប្រាប់ Sabay តាម​សារ​អេឡិចត្រូនិក​ថា អ្វី​ដែល​លោក​ធ្លាប់​បាន​កត់​សម្គាល់​ គឺ​មាន​៣ចំណុច ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ទាក់ទង​ជនជាតិ​ចិន​ នៅ​ខេត្ត​ព្រះសីហនុ និង​ដើម្បី​ខេត្ត​ទេសចរណ៍​មួយ​នេះ​ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្រៅ​ពី​​ចិន​ទៅ​លេង​ច្រើនដូច​ដើម។

១. តម្លៃ​កន្លែង​ស្នាក់នៅ

រដ្ឋាភិបាល​ត្រូវ​វិនិយោគ​បង្កើត​ឲ្យ​មាន​កន្លែង​ស្នាក់​នៅ​ដូចជា​សណ្ឋាគារ និង​ផ្ទះ​សំណាក់ ដែល​មាន​តម្លៃ​ចន្លោះ ៧ ដល់ ២៥ដុល្លារ ក្នុង​១​យប់​។ ក្រៅ​ពី​នេះ​អាជ្ញាធរ​ ក៏​ត្រូវ​ធានា​ពី​តម្លៃ​​អាហារ​ឲ្យ​បាន សមរម្យ​ផង​ដែរ។

២. បញ្ហា​សណ្ដាប់ធ្នាប់

ចំណុច​នេះ រដ្ឋាភិបាល​ត្រូវ​កំណត់​ចំនួន​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ​ហើយ​ធានា​ថា​ជនជាតិ​ចិន​ទាំង​នោះ​ជា​មនុស្ស​ត្រឹមត្រូវ និង​អាច​គោរព​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​បាន​ត្រឹមត្រូវ។

៣. ឱកាស​សម្រាប់​ជនជាតិ​បរទេស​ផ្សេង​ទៀត

បន្ថែម​ពី​ចំណុច​ខាង​លើ ​រដ្ឋាភិបាល​ក៏​ត្រូវ​ធានា​យ៉ាងណា ដើម្បី​ឲ្យ​សាធារណជន​មើល​ឃើញ​ពី​ឱកាស​នានា​ដែល​មាន​ក្នុង​នោះ មាន​ទាំង​ខ្មែរ​ មាន​ទាំង​ចិន និង​ជនជាតិ​បរទេស​ផ្សេងទៀត​ដែរ។ នេះ​ជា​បរិយាកាស​ល្អ សម្រាប់​វិស័យ​ទេសចរណ៍ និង​ឱកាស​វិនិយោគ​ដទៃ​។

សូម​រំលឹក​ថា ចាប់​ពី​ឆ្នាំ​២០១៥មក ក្រុមហ៊ុន​មកពី​ប្រទេស​ចិន បាន​ឈរ​លំដាប់​ទី​១ ដែល​មាន​ប្រមាណ ​១៨,៦២% ដែល​បាន​វិនិយោគ​ដោយ​ផ្ទាល់​លើ​វិស័យ​ទេសចរណ៍​ ក្នុងចំណោម​ទុន​វិនិយោគ​សរុប​ប្រមាណ ​៤៦៤​ពាន់​​លាន​ដុល្លារ​អាមេរិក ។​

ដោយឡែក​ ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន​២​ធំ​ៗ បាន​មក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​មាន​ទុន​វិនិយោគ​ចំនួន ​១១៥​លាន​ដុល្លារ​អាមេរិក បើ​ផ្អែក​តាម​របាយការណ៍​ក្រសួងទេសចរណ៍​កម្ពុជា។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់