• 2018-11-10 05:54:49
  • ការអប់រំ

ដាច់ខាត​កុំ​ធ្វើ​ដៃ​ជា​សញ្ញា "OK" នៅ​ប្រទេស​ជប៉ុន

  • 2018-11-10 05:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​នរណា​ម្នាក់​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លើក​ដំបូង​​នៅ​ក្នុង​ប្រទេស​ជប៉ុន នោះ​គេ​នឹង​ចាប់អារម្មណ៍​ភ្លាម​ថា វា​ជា​ប្រទេស​មួយ​ដែល​គ្មាន​ប្រទេស​ផ្សេង​ទៀត​ដូច​ឡើយ។

ជប៉ុន​គឺ​ជា​ប្រទេស​ដែល​មាន​​វប្បធម៌​ដ៏​សម្បូរ​បែប​ ហើយ​មាន​​ភាព​ខុសប្លែក​គ្នា​ជា​ច្រើន​ហាក់​បី​ដូច​ជា​មិន​សូវ​បង្ហាញ​ដោយ​ត្រង់ៗ​ទៅ​ដល់​អ្នកដំណើរ​ឡើយ ពិសេស​ភ្ញៀវ​ទេសចរ​ពី​លោក​ខាង​លិច។ តែ​សំណាង​ល្អ​ប្រជាជន​នៃ​ប្រទេស​នេះ​មាន​​ភាព​រាក់ទាក់​ខ្ពស់។ ពួកគេ​តែង​ចង់​ឲ្យ​​អ្នក​ដំណើរ​ពី​ក្រៅ​ចូល​ទៅ​លេង​ប្រទេស​របស់​ពួកគេ​បើ​ទោះ​ជា​ជនបរទេស​ទាំង​នោះ​មិន​សូវ​យល់​ពី​ទម្លាប់​របស់​ម្ចាស់​ស្រុក​ក៏​ដោយ។

ប្រសិន​បើ​មាន​ទេសចរ​ណា​ម្នាក់​​ធ្វើ​ខុស​ឆ្គង ប្រជាជន​ជប៉ុន​ក៏​មិន​ទៅ​ចង្អុល​ថា​ឲ្យ​ឡើយ ច្រើន​ណាស់​ពួកគេ​មើល​ដោយ​ក្រសែ​ភ្នែក​មិន​ពេញចិត្ត​ប៉ុណ្ណោះ។

កាយវិការ​មួយ​ក្នុង​ចំណោម​កាយវិការ​ដែល​មនុស្ស​​​ស្ទើរ​ជុំវិញ​ពិភពលោក​យល់​ថា​មិន​អី ប៉ុន្តែ​សញ្ញា​នេះ​មាន​ន័យ​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​សង្គម​ជប៉ុន នោះ​គឺ លើក​ដៃ​ជា​សញ្ញ "OK"។

នៅ​ប្រទេស​ជប៉ុន​អ្នក​មិន​គួរ​លើក​ដៃ​របស់​អ្នក​ធ្វើ​ជា​សញ្ញា "OK" នៅ​ទី​សាធារណៈ​ឡើយ។ អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​កំពុង​តែ​ផ្ដល់​ការ​គាំទ្រ ឬ គ្រាន់​តែ​ប្រាប់​នរណា​ម្នាក់​ថា​អ្នក​មិន​អី​ទេ ប៉ុន្តែ​នៅ​ជប៉ុន​គឺ​ជា​ករណី​ដោយ​ឡែក។

សញ្ញា "OK" គឺ​ជា​កាយវិការ​ទារ​ប្រាក់។ វា​ជា​សញ្ញា​បង្ហាញ​ពី​កិច្ចព្រមព្រៀង​​ដោយ​សម្ងាត់​ រវាង​​អ្នក​និងមនុស្ស​ដែល​អ្នក​ធ្វើ​សញ្ញា​នេះ​ដាក់ ដោយ​ជំនួស​ឲ្យ​ការ​និយាយ​ដោយ​ត្រង់ៗ។ ជារួម​សញ្ញា​​នេះ​បង្ហាញ​ពី​ភាព​ទុច្ចរិត។ ​​

នេះ​​មិន​រាប់​ដល់​កាយវិការ​​ប្រចាំថ្ងៃ​ផ្សេង​ទៀត ​ដែល​អ្នក​ប្រព្រឹត្ត​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន​ ដូច​ជា​ការ​ប្រើ​ចង្កឹះ ឬ ញ៉ាំ​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាដើម។ វា​សាមញ្ញ​សម្រាប់​កន្លែង​ផ្សេង​នៅ​ជុំវិញ​ពិភពលោក តែ​ជា​ឥរិយាបថ​ឈ្លើយ និង ខ្វះ​សីលធម៌​នៅ​ជប៉ុន។

ឧទាហរណ៍​​​ ដូចជា​កុំ​ដាក់​ចង្កឹះ​គង​មាត់​ចាន ព្រោះ​ធ្វើ​របៀប​នេះ​សំដៅ​ដល់​ការ​គោរព​បូជា​បុណ្យ​សព។ ​​​មួយ​ទៀត ទិញ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ភ្លាម​ ត្រូវ​ញ៉ាំ​ភ្លាម​ក្បែរ​កន្លែង​លក់​នោះ។ គោលការណ៍​ជាទូទៅ​ "ហាម​ញ៉ាំ​នៅ​ទី​សាធារណៈ" នៅ​ក្នុង​ប្រទេស​ជប៉ុន ពោលគឺ​មិន​អាច​ដើរ​បណ្តើរ​ញ៉ាំ​អាហារ ​ឬ​ភេសជ្ជៈ​​បណ្ដើរ​​ដូច​នៅ​តាម​បណ្តា​ទីក្រុង​នានា​នៅ​ជុំវិញ​​ពិភពលោក​នេះ​ទេ។

នៅ​មាន​ទម្លាប់​ស្មុគស្មាញ​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ស្វែង​យល់​អំពី​ប្រទេស​ដ៏​ស្អាត​ផូរផង់​នេះ បើ​មិន​ចង់​ខ្មាស​គេ៕

ប្រភព៖ Therichest ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់