• 2018-11-11 08:22:55
  • សុខភាព

ហេតុអ្វី​បាន​ជា​ទឹកភ្នែក​មនុស្ស​ប្រៃ?

  • 2018-11-11 08:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការស្វែងរក​​នៅ​លើ Google ៥,៥ ប៊ីលាន​ដង ក្នុង​១​ថ្ងៃៗ។ សំណួរ​សាមញ្ញ​មួយ​ក្នុង​ចំណោម​សំណួរ​រាប់​ពាន់​លាន ដែល​មនុស្ស​ចូលចិត្ត​សួរ​គឺ "ហេតុអ្វី​បាន​ជា​ទឹកភ្នែក​មនុស្ស​ប្រៃ"។ នេះ​បើ​តាម​​វេបសាយ Brightside បាន​ចុះ​ផ្សាយ។

ប្រភព​ខាង​លើ​បាន​ស្វែងរក​ចម្លើយ ទៅ​នឹង​សំណួរ​​នេះ ដោយ​បាន​អះអាង​ថា ៩៩% នៃ​ទឹក​ភ្នែក​គឺជា​ទឹក ហើយ​សល់​​ពី​នោះ​គឺជា​សមាសធាតុ​មិន​មែន​សរីរាង្គ​រួម​ទាំង​អំបិល។

បរិមាណ​អំបិល​ក្នុង​ទឹក​ភ្នែក​របស់​អ្នក​អាស្រ័យ​ទៅលើ​ស្ថានភាព​នៃ​រាងកាយ និង ហេតុផល​ដែល​អ្នក​យំ។​

ទឹក​ភ្នែក​មនុស្ស​ប្រៃ​បំផុត​នៅ​ពេល​ដែល​ពួកគេ​យំ​ ដោយសារ​ពួកគេ​មាន​អារម្មណ៍​វេទនា។ ក្នុង​ស្ថានភាព​នេះ នៅ​ពេល​មនុស្ស​យំ​ក្រពេញ​ទីរ៉ូអ៊ីត​របស់​ពួកគេ​ធ្វើការ​កាន់តែ​ច្រើន ហើយ​ចង្វាក់​បេះដូង​កាន់តែ​លោត​ញាប់។ នៅ​ពេល​​គ្រឿង​ក្នុង​មនុស្ស​ធ្វើ​ការ ស្រដៀង​នឹង​រាងកាយ​ខាង​ក្រៅ​ធ្វើ​សកម្មភាព​ដែរ ម្ល៉ោះ​ហើយ​ទើប​បាន​ជា​ញើស​និង​ទឹក​ភ្នែក​សុទ្ធ​តែ​មាន​រសជាតិ​ប្រៃ​ដូច​គ្នា។ ប្រភព​ខាង​លើ​បន្ត។

ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​មនុស្ស​សប្បាយ​ចិត្ត​រហូត​ដល់​យំ ទឹកភ្នែក​របស់​ពួកគេ​មិន​សូវ​មាន​ជាតិ​ប្រៃ​ទេ ព្រោះ​ក្រពេញ​​​ទីរ៉ូអ៊ីត​របស់​អ្នក​មិន​សូវ​ធ្វើ​ការ​ធ្ងន់​ដូច​ពេល​អ្នក​​កើត​ទុក្ខ។ ទីរ៉ូអ៊ីត​គឺ​ជា ឈ្មោះ​ក្រពេញ​បញ្ចេញ​ម្យ៉ាង​​ដែល​មាន​រូបរាង​ដូច​មេអំបៅ ស្ថិត​នៅ​ផ្នែក​ខាង​មុខ​នៃ​គល់​ក​របស់​មនុស្ស​យើង។​ វា​មាន​មុខងារ​គ្រប់គ្រង​ត្រួតពិនិត្យ ដំណើរ​ការ​នៃ​រាងកាយ​មនុស្ស​ដូចជា៖ គ្រប់គ្រង​ភាព​ថប់​នៃ​អារម្មណ៍ ចង្វាក់​បេះ​ដូង និង ការ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​ជាដើម។

មិន​ត្រឹម​តែ​គេ​អាច​ញែក​ភាព​ខុស​គ្នា​នៃ​ទឹក​ភ្នែក​មនុស្ស​​ពេល​កើត​ទុក្ខ​និង​ពេល​សប្បាយ​ចិត្ត​តាម​រយៈ​ជាតិ​ប្រៃ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​តែ​ការ​ពិសោធន៍​តាម​មីក្រូទស្សន៍​ក៏​អាច​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​នេះ​ដែរ។ ប្រភព​ខាង​លើ​បន្ថែម៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់