• 2018-11-16 06:48:40
  • ព័ត៌មាន

ម្ចាស់ដេប៉ូប្រេងឥន្ធនៈ​មួយ​កន្លែង​ត្រូវបញ្ជូន​ទៅ​តុលាការ​ ក្រោយ​រកឃើញ​ភាពមិន​ប្រ​ក្រ​តីជាលើកទី២

  • 2018-11-16 06:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជំនាញ​នៃអគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល​បាន​សម្រេច​បញ្ជូន​សំណុំរឿង​ម្ចាស់ដេប៉ូប្រេង​ឥន្ធនៈ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ម្នាក់ទៅ​តុលាការ​បន្ទាប់ពី​មន្ត្រីជំនាញ​បាន​រកឃើញ​ភាព​មិន​ប្រ​ក្រតីជាលើកទី​ពីរ​នៅ​ដេប៉ូមួយ​នេះ។​

(មន្ត្រីជំនាញ​កំពុង​ពិនិត្យ​កម្រិត​ល្អៀង និង​គុណភាព​ប្រេងឥន្ធនៈ​នៅ​ដេប៉ូ​មួយ​កន្លែង/រូបភាព៖ អគ្គនាយកដ្ឋានកាំកុង​ត្រូល)

នៅ​លើ​ទំព័រហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​នា​រសៀល​នេះ អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូវ​បាន​សរសេរថា​កាលពីថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីជំនាញ​រួមជាមួយ​ព្រះ​រាជអាជ្ញារង​ខេត្ត​កណ្តាល​ផង​បាន​ចុះ​ទៅ​ពិនិត្យ​ជាលើកទី​ពីរ​នៅ​ដេប៉ូប្រេងឥន្ធនៈនានានៅ​ខេត្ត​កណ្តាល។ តាម​រយៈ​ការពិនិត្យ​មាន​ដេប៉ូ​មួយ​ឈ្មោះ រស្មី ពិសី នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ត្រូវ​បាន​មន្ត្រីជំនាញ​រកឃើញ​ថា​បាន​បង្ករភាព​មិន​ប្រ​ក្រ​តីជា​លើកទី២​។

ប្រ​ភព​ដដែល​បន្តថា​៖ «យោង​តាមលទ្ធផល​ត្រួត​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​ជាលើក​ទី២​ ដោយម្ចាស់​ដេប៉ូ ​ពុំអនុវត្ត​តាម​ការ​ណែនាំរបស់​មន្រ្តីជំនាញ ​ដែល​តម្រូវ​ឱ្យ​ម្ចាស់​ដេប៉ូ​ធ្វើ​កិច្ចសន្យាកែតម្រូវភាពមិន​ប្រក្រតី​ ដែល​បាន​រកឃើញកាល​លើកទី១​ ទើប​មន្រ្តីជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បីអនុវត្ត​ និងផ្តន្ទាទោស​តាម​នីតិវិធីច្បាប់»។

គួរ​បញ្ជាក់ថា​ការ​ចុះពិនិត្យ​របស់មន្ត្រិជំនាញ​តាម​ស្ថានីយ ឬដេប៉ូ​គឺ​ពិននិត្យ​ទៅ​លើ​កម្រិត​ល្អៀងនៃការ​លក់​ចេញ និង​កម្រិត​គុណភាព​អុកតាន​នៅ​ក្នុង​ប្រេង​ឥន្ធនៈ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម