• 2018-11-18 08:46:56
  • ការអប់រំ

រឿង​មិន​នឹក​ស្មាន​៧​យ៉ាង​ ដែល​ឆ្កែ​អាច​ដឹង​ដោយ​ក្លិន

  • 2018-11-18 08:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារម្មណ៍នៃក្លិនត្រូវបានគេហៅថា ត្រូវ​បាន​គេ​ហៅ​ថា ឃានវិញ្ញាណ។ មនុស្ស​មិន​មាន​វិញ្ញាណ​ពិសេស​នេះ​ដូច​សត្វ​ឆ្កែ​ទេ។ វេបសាយ Brightside បាន​លើកឡើង​ថា ច្រមុះ​របស់​សត្វ​ឆ្កែ​ខ្លាំង​ជាង​មនុស្ស ១​ម៉ឺន​ដង។ ដោយសារ​តែ​គុណសម្បត្តិ​ពិសេស​នេះ​ហើយ​ទើប​ឆ្កែ​ត្រូវ​បាន​គេ​បង្វឹក​ដើម្បី​ឲ្យ​បម្រើ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ផ្សេងៗ។ សូម្បី​តែ​ឆ្កែ​ធម្មតា​ដែល​មិន​ត្រូវ​បាន​គេ​បង្វឹក​ក៏​មាន​វិញ្ញាណ​ពិសេស​ពី​កំណើត​របស់​ពួកគេ​ដែរ។

១ ការ​ផ្លាស់ប្ដូរ​កម្រិត​គ្លុយកូស​ក្នុង​ឈាម

ការ​សិក្សា​បាន​បង្ហាញ​ថា ឆ្កែ​អាច​ធំ​​​ក្លិន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក ឬ នៅ​ពេល​ម្ចាស់​របស់​ពួកវា​អាច​នឹង​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ពួកគេ​អាច​កំណត់​អត្តសញ្ញាណ​នេះ​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ក្លិន​ចេញ​ពី​ញើស​របស់​អ្នក។ ប្រភព​ខាង​លើ​បន្ថែម​ទៀត​ថា វា​ក៏​អាច​វិភាគ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​យើង​បាន​ដែរ។

​ហេតុ​ដូច្នេះ​នៅ​ពេល​ដែល​វេជ្ជបណ្ឌិត​ក្នុង​ផ្ទះ​មួយ​នេះ​ចាប់​ផ្ដើម​ធំ​ក្លិន​ខុស​ប្រក្រតី​របស់​អ្នក ឬ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ងងុយ​គេង​ខុស​​ធម្មតា វា​នឹង​បញ្ចេញ​ប្រតិកម្ម​ទៅ​កាន់​អ្នក​ភ្លាម។ ឆ្កែ​អាច​ចាប់​ផ្តើម​បង្ហាញ​ពី​ភាព​តានតឹង​របស់​វា និង ព្យាយាម​​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ម្ចាស់។

២ មហារីក

អ្នក​វិទ្យាសាស្ត្រ​ពន្យល់​ថា​មហារីក​ធ្វើ​ឱ្យ​កោសិកា​របស់​យើង​ធ្វើការ​ខុស​ពី​ធម្មតា​ក្នុង​ការ​លូតលាស់។ កោសិកា​ខូច​ទាំង​នោះ ផលិត​ប្រូតេអ៊ីន​​ដែល​ឆ្កែ​អាច​ធំ​ក្លិន​។​​ ឆ្កែ​អាច​រក​ឃើញ​ជំងឺ​មហារីក​សួត មហារីក​ប្រូស្តាត ឬ មហារីក​ផ្លោក​នោម​តាម​រយៈ​ការ​ចាប់​អារម្មណ៍​របស់​វា​ទៅ​លើ​ទឹក​នោម​របស់​អ្នក។

សព្វថ្ងៃ​នេះ​អ្នក​អាច​ជួប​សត្វ​ឆ្កែ​នៅ​គ្លីនិក ដែល​អាច​ដឹង​ពី​ជំងឺ​មហារីក​ផ្សេងៗ​រួម​នឹង​មហារីក​សុដន់​ផង​ដែរ ព្រោះ​វា​ជា​ឧបករណ៍​វាស់​ស្ទង់​បឋម​ដែល​អាច​​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ដឹង​ពី​លទ្ធផល​ថា​ជា​ជំងឺ​មហារីក។

៣ អត្តសញ្ញាណ​

មនុស្ស​អាច​ដឹង​ពី​អត្តសញ្ញាណ​មនុស្ស​តាម​ការ​ចំណាំ ខណៈ​ដែល​ឆ្កែ​ចាំ​ដោយសារ​ក្លិន។ នៅ​ក្នុង​ច្រមុះ​របស់​ឆ្កែ ក្លិន​របស់​មនុស្ស​មាន​ភាព​ពិសេស​ដោយ​ឡែកៗ​ពី​គ្នា​ប្រៀប​បាន​នឹង​ការ​ស្កេន​ម្រាម​ដៃ។

ឆ្កែ​ដែល​ទទួល​បាន​ការ​ហ្វឹកហាត់ អាច​បែងចែក​សូម្បី​តែ​ក្លិន​​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​កូន​ភ្លោះ។ សមត្ថភាព​របស់​ពួកវា​ត្រូវ​បាន​ប្រើ​ យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ការងារ​ប៉ូលិស​នៅ​ពេល​ស្វែងរក​អ្នក​បាត់ខ្លួន​។

៤ អាការ​ប្រកាច់​ឆ្កួត​ជ្រូក

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​សត្វ​ឆ្កែ​អាច​សញ្ញាណ​នៃ​អាការ​ប្រកាច់​ឆ្កួត​ជ្រូក​របស់​ម្ចាស់​វា​រហូត​ដល់​៤៥​នាទី​មុន​ពេល​ដែល​អាការៈ​នេះ​កើតឡើង​លើ​អ្នក។ វា​អាច​ដឹង​ពី​ក្លិន​នៃ​ស្ថានភាព​សុខភាព​របស់​អ្នក។ ​​​នៅ​ពេល​ដែល​ឆ្កែ​​អាច​ដឹង​ពី​គ្រោះ​នេះ វា​នឹង​ព្យាយាម​ប្រាប់​អ្នក​តាម​រយៈ​ការ​ព្រុស​ខុស​ធម្មតា​ជា​ដើម ហើយ​ប្រសិន​បើ​អ្នក​ដួល​សន្លប់​មិត្តសម្លាញ់​នេះ​នឹង​នៅ​ជិត​អ្នក។

៥ នៅ​ពេល​អ្នក​ទៅ​លេង​ជាមួយ​ឆ្កែ​អ្នក​ដទៃ

ឆ្កែ​អាច​បញ្ជូន​សារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​តាម​រយៈ​​​ក្លិន​ក្នុង​បរិយាកាស​ខ្យល់​ដូចជា ទឹកនោម ស្បែក និង លាមក​ជាដើម។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ទៅ​លេង​ផ្ទះ​មិត្តភ័ក្ដិ​របស់​អ្នក​ដែល​មាន​សត្វ​ចិញ្ចឹម ឆ្កែ​របស់​អ្នក​នឹង​ដឹង​រឿង​ទាំង​អស់។ ឆ្កែ​របស់​អ្នក​នឹង​ព្យាយាម​ហិត​ក្លិន​របស់​អ្នក​ពេញ​ដង​ខ្លួន​ ដើម្បី​ដឹង​ថា​តើ​អ្នក​ទៅ​លេង​ជាមួយ​ឆ្កែ​​មួយ​ណា។ ព័ត៌មាន​នៅ​លើ​ដង​ខ្លួន​អ្នក រួមមាន អំពី​ពូជ​ឆ្កែ ទំហំ សុខភាព និង លក្ខណៈ​ពិសេស​ដទៃ​ទៀត​របស់​ឆ្កែ​ដែល​អ្នក​បាន​ទៅ​ក្បែរ។

៦ ការ​មានផ្ទៃពោះ

ប្រសិន​បើ​អ្នក​មាន​ផ្ទៃពោះ រាងកាយ​របស់​អ្នក​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​យ៉ាង​ខ្លាំង។ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ឆ្កែ​អាច​ដឹង​ថា​អ្នក​មាន​ផ្ទៃ​ពោះ​តឹង​ពី​ភ្លាមៗ ហើយ​អាកប្បកិរិយា​របស់​ពួកគេ​មក​លើ​ខ្លួន​អ្នក​នឹង​ផ្លាស់ប្តូរ​ចាប់​តាំង​ពី​ពេល​នោះ​មក ពោល​គឺ​ពួកគេ​ចាប់​ផ្ដើម​លែង​ស្និទ្ធស្នាល​នឹង​អ្នក​ដូច​ពី​មុន​ តែ​មិន​មែន​មក​ពី​គេ​ច្រណែន​ជាមួយ​នឹង​កូន​ក្នុង​ផ្ទៃ​ទេ ប៉ុន្តែ​ព្រោះ​គេ​គិត​ថា​អ្នក​​ជា​មនុស្ស​ថ្មី។

៧ ព្យុះ ឬ គ្រោះ​ធម្មជាតិ

តាំងពី​សម័យ​បុរាណ សត្វ​មាន​តួនាទី​យ៉ាង​សំខាន់​ដែល​អាច​ដឹង​ពី​បម្រែបម្រួល​អាកាសធាតុ​។ ការ​អង្កេត​សព្វថ្ងៃ​បង្ហាញ​ថា ឆ្កែ​អាច​ព្យាករណ៍​អាកាសធាតុ​រួមមាន​ព្យុះ និង គ្រោះ​ធម្មជាតិ​នានា​រួមមាន​ការ​ញ័រចំប្រប់​របស់​ឆ្កែ​ជាដើម៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់