• 2018-11-19 02:20:43
  • សេដ្ឋកិច្ច

ឈ្មួញ៖ ខ្ញុំ​ចេះ​ដើរ​ទិញ​អំពៅ​ជា​ង​២០​ឆ្នាំ​ហើយ​មិនដែល​ឃើញ​ឆ្នាំ​ណា​​ថ្លៃ​ខ្ពស់​​ដូច​ឆ្នាំ​នេះ​ទេ

  • 2018-11-19 02:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទិញ​អំពៅ​លក់​បន្ត ឬហៅថា​ឈ្មួញ​កណ្តាល​បាន​អះអាង​ថា​អំពៅ​ឆ្នាំនេះ​ពិបាក​រក​ទិញ និង​មាន​តម្លៃកើន​ទ្វេ​ដង​លើស​ឆ្នាំ​កន្លងទៅ​។

លោក ​ពូ​ ឈន​ ជា​ឈ្មួញ​កណ្ដាល​ម្នាក់​​ដែល​មាន​ស្តង់​លក់​អំពៅ​នៅ​ផ្សា​រទីរួម​ខេត្ត​តា​កែវ​ប្រាប់Sabay ​​​ថា​​ឆ្នាំនេះ​តម្លៃ​អំពៅ​ថ្លៃ​ដោយ​កន្លែង​ខ្លះ​ទឹក​លិច ជា​ហេតុធ្វើ​ឲ្យ​អំពៅ​មិន​សូវ​សម្បូរ​ដូច​ឆ្នាំ​កន្លងទៅ។

(កសិករ​ អែន​ ម៉ាក់​លី កំពុង​រៀប​រាប់​ពី​វិធី​ដាំអំពៅ​ប្រាប់​អ្នក​សារព័ត៌មាន​ Sabay)

​​លោក​ថា៖​​«ខ្ញុំ​ចេះ​ដើរ​ទិញ​អំពៅ​ជា​ង​២០​ឆ្នាំ​ហើយ​មិនដែល​ឃើញ​ឆ្នាំ​ណា​​អំពៅ​មាន​តម្លៃ​ខ្ពស់​​ដូច​ឆ្នាំ​នេះ​ទេគឺ​ពិបាក​​ទិញ​​ណាស់...ឆ្នាំមិញ​ចម្ការ​មួយ​ដែល​ខ្ញុំ​​ធ្លាប់​​​ទិញ​ម៉ៅ​​ត្រឹម​តែ​៧លាន​រៀល​ទេ​​តែ​ឆ្នាំ​នេះ​ឡើង​ដល់១៥​ទៅ​១៦​លាន​រៀល​​...​ធ្វើ​ម៉េច​បើ​យើង​មិន​ទិញ​អត់​មាន​អំពៅ​លក់​នឹង​គេ»​។​

បុរស​​វ័យ​កណ្ដាល​រូប​នេះបន្ត​ថា​លោក​មាន​រថ​យន្ត​១គ្រឿង​ដើរ​ទិញ​​អំពៅ​តាម​ខេត្ត​មួយ​ចំនួនដូចជា​ស្រុក​កោះធំ ខេត្ត​កណ្ដាល កំពង់​ស្ពឺ​ អ្នក​លឿង​ ព្រៃវែង ​និង​ស្រុក​គីរីវង់ ខេត្ត​តាកែវ ​ហើយ​ថា​ឆ្នាំ​នេះ​ទឹកធំ​ជន់​លិច​ចម្ការ​អំពៅ​​​ធំ​ៗ​នៅ​ខេត្ត​កំពង់​ស្ពឺ​និង​ខេត្ត​កណ្ដាល​ជា​ហេតុ​ធ្វើ​​ឲ្យ​តម្លៃ​អំពៅ​ហក់​ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ។

​​​​​​​​​​​​​​​​លោក​ អែន​ ម៉ាក់​លី​ កសិករ​​ដាំ​អំពៅ​ម្នាក់​​ក្នុង​ចំណោម​​អ្នកដាំ​រាប់​រយ​នាក់​ក្នុង​ស្រុក​គីរីវង់​បាន​រៀប​រាប់​ថា​អំពៅ​ឆ្នាំ​នេះ​មាន​តម្លៃ​ល្អ​ជាង​ឆ្នាំ​មុន​និង​មាន​​​ទីផ្សារ​ល្អ​។​

កសិករ​រូប​នេះ​បន្ត​ទៀត​ថា​​៖«​​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​​ព្រោះ​​កាល​ពី​ឆ្នាំ​ទៅ​អំពៅ​ដែល​ខ្ញុំ​​ដាំ​លើ​​ទំហំ​ដី​ប្រមាណ​ជា​៥០​អា ទទួល​ផល​មិន​បាន​១​លាន​រៀល​ផង​តែ​ឆ្នាំ​នេះ​ឈ្មួញ​កណ្ដាល​អោយ​ថ្លៃ​ជិត​​៣​លាន​រៀល​ទៅ​ហើយ​តែ​ខ្ញុំ​មិន​ទាន់​​ទទួល​លុយ​កក់​ពី​ឈ្មួញ​​ទេ​ព្រោះ​ចង់​ទុក​អោយ​បាន​ថ្លៃ​ជាង​នេះ​បន្តិច»​។

​ជាមួយ​ទឹកមុខ​ញញឹម​ញញែម​​អ្នកស្រី​ ឡាយ​​​ គឹម​​លីន​​​​​ អ្នក​ស្រុក​គិរីវង់ដែរ​​ឲ្យ​ដឹង​ថា​អ្នកស្រី​មាន​ចម្ការ​អំពៅ​២​កន្លែង​ដោយ​អ្នកស្រី​ថា​បាន​ទទួល​លុយ​កក់​ពី​ឈ្មួញ​​អស់ហើយ​​ក្នុង​តម្លៃ​​៣លាន​រៀល​ខណៈ​ពេល​ដែល​ឆ្នាំ​មុន​​ៗ​បាន​ថ្លៃ​ត្រឹម​តែ​១លាន​រៀល​ប៉ុណ្ណោះ​​ក្នុង​១រដូវ។

អ្នកស្រី​បន្ត​ថា​​៖​ «មិន​ថា​តែ​​​ខ្ញុំ​ទេ​អ្នក​ផ្សេង​ទៀត​មាន​អារម្មណ៍​ត្រេក​អរ​ដូច​ៗ​​គ្នា​ព្រោះ​មិន​ដែល​មាន​ឆ្នាំ​ណា​អំពៅ​បាន​ថ្លៃ​អញ្ចឹង​​ទេ​....​ខ្ញុំ​ចង់​ឲ្យ​វា​បាន​ថ្លៃ​បែប​នេះ​រាល់​ឆ្នាំ​»។

កសិករ​ទាំងខាង​លើ​មិន​បាន​ដឹង​ច្បាស់​ទេថាមូល​ហេតុ​អ្វី​បាន​ជាអំពៅ​ឆ្នាំនេះ​ឡើង​ថ្ងៃ គ្រាន់​តែ​ឮ​តៗគ្នា​ថា​តំបន់​ដែល​ធ្លាប់​ដាំ​អំពៅ​មួយ​ចំនួន​ត្រូវ​ទឹក​ជន់លិច​កាលពី​ពេល​កន្លងទៅ​ ទើប​ធ្វើ​ឲ្យ​ចំនួន​អំពៅ​មាន​កម្រិត៕

អត្ថបទដោយ៖ ជិន វេន

មតិយោបល់