• 2018-11-19 03:25:39
  • ការអប់រំ

កុំភ័យខ្លាចទាត់ខ្យល់! ចេះ៥ក្បាច់នេះ ចប់បរិញ្ញាបត្រភ្លាម ប្រាក់ខែអាចដល់ខ្ទង់ពាន់ដុល្លារ

  • 2018-11-19 03:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​និស្សិត​មួយ​ចំនួន​ ក្រោយ​បញ្ចប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ តែង​មាន​ផលវិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ ជា​ពិសេស​ការងារល្អ​ៗ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​។ ​ដូច្នេះ​តើ​មាន​គន្លឹះ​សំខាន់​ៗ​អ្វី​ខ្លះ ដើម្បី​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​មាន​ការងារ​ល្អ​ធ្វើ​ភ្លាម​? ​ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក ពី​សាស្ត្រាចារ្យ វង់ សុភ័ក្រ ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ នៅ​រាជធានី​ភ្នំពេញ៖

រូបតំណាង

១. កំណត់​គោលដៅ​ការងារ​ឲ្យ​ច្បាស់​លាស់

មុន​ជ្រើស​រើស​មុខ​ជំនាញ​ណា​មួយ​មក​សិក្សា ត្រូវ​កំណត់​ពី​ការងារ​ដែល​ខ្លួន​ឯង​ចង់​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា។ និស្សិត​មួយ​ចំនួន​ជ្រើស​រើស​មុខ​ជំនាញ​ទាំង​ស្រពេចស្រពិល​ មិន​ច្បាស់​ថា​តើ​ការងារ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ពិត​ប្រាកដ​នោះ​ទេ។ បែប​នេះ​ហើយ ទើប​ក្រោយ​រៀន​ចប់​និស្សិត​ខ្លះ ជ្រើស​រើស​ការងារ​ដែល​ខុស​នឹង​មុខ​ជំនាញ ឬ​និយាយ​បាន​ថា​ធ្វើ​ឲ្យ​តែ​មាន។

លោក​សាស្ត្រាចារ្យ សុភ័ក្រ បន្ត​ថា ប្រសិន​បើ​ចង់​បាន​ការងារ​មួយ​ ដែល​អាច​មាន​ឱកាស​រីកលូតលាស់ ឡើង​តំណែង ប្រាក់​ខែ គួរ​ធ្វើ​ការ​ដែល​ត្រូវ​នឹង​ជំនាញ ទេពកោសល្យ​ដែល​ជា​និស្ស័យ​របស់​ខ្លួន​ឯង បូក​ផ្សំ​នឹង​ជំនាញ​ដែល​សិក្សា​ចេះ​ច្បាស់​លាស់​ពី​សាកលវិទ្យាល័យ។

២. ភាសា​បរទេស

ដូច​ដែល​ដឹង​ស្រាប់​ហើយ ភាសា​អង់គ្លេស​គឺ​ជា​តម្រូវ​ការ​សំខាន់​បំផុត​ក្នុង​វិស័យ​ការងារ មិន​ថា​ក្រុម​ហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ឡើយ។ ត្រូវ​ចេះ​ភាសា​អង់គ្លេស​ឲ្យ​ច្បាស់ អាច​ប្រើការ​បាន​ ទើប​អាច​ប្រកួត​ប្រជែង​ជាមួយ​កំណើន​ធនធាន​ដ៏​លើស​លុប។ កាន់​តែ​ល្អ ប្រសិន​ចេះ​ភាសា​ចិន​បន្ថែម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​វិនិយោគ​ដ៏​ច្រើន​របស់​ប្រទេស​ចិន។

រូបតំណាង

៣. ការ​បង្កើត​ទំនាក់ទំនង​ល្អៗ

ក្នុង​នាម​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​រូប គួរ​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន ជាមួយ​បុគ្គល​ជោគជ័យ ឬ​អ្នក​ណា​ដែល​មាន​បទពិសោធន៍​ល្អ​ៗ​ច្រើន។ គួរ​ព្យាយាម​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​មិន​ផ្ដោត​លើ​ការ​ខំ​ប្រឹងប្រែង ពោល​គឺ​អ្នក​ចូល​ចិត្ត​ការ​សប្បាយ ហើយ​ងាក​មក​ទំនាក់ទំនង​ជាមួយ​បុគ្គល ដែល​អាច​ផ្ដល់​ព័ត៌មាន បទពិសោធន៍ ដែល​ពាក់ព័ន្ធ​នឹង​ការងារ ការសិក្សា​ផ្សេងៗ។

រូបតំណាង

៤. ភាព​ក្លាហាន

ឱកាស​កើត​ចេញ​ពី​ភាព​ក្លាហាន គ្មាន​នរណា​ម្នាក់ អាច​ផ្ដល់​ឱកាស​ច្រើន​បំផុត ជា​ង​ខ្លួន​យើង​នោះ​ទេ។ មាន​តែ​ខ្លួន​ឯង​នេះ​ហើយ ដែល​ជា​អ្នក​ស្វះស្វែង​ជួយ​ជ្រោមជ្រែង​ដល់​ខ្លួន​ឯង តាម​រយៈ​ភាព​ក្លាហាន មិន​ថា​ការ​ប្រកួត​សមត្ថភាព​ណា​មួយ ការ​ប្រឡង​យក​អាហារូបករណ៍ វេទិកា​វោហារ​សព្ទ​ជា​សាធារណៈ​ជាដើម។ កាល​ណា​មាន​ភាព​ក្លាហាន​នាំ​មុខ​ហើយ នោះ​នឹង​នាំ​ខ្លួន​យើង​បន្ត​ដំណើរ​ទៅ​មុខ​ឥត​ឈប់​ឈរ។

៥. មាន​ពេល​វេលា​អាច​សាក​ល្បង​ការងារ​បាន​គួរ​តែ​ធ្វើ

នៅ​ក្នុង​អំឡុង​ពេល​សិក្សា ប្រសិន​បើ​ឃើញ​ឱកាស​ការងារ​ណា​មួយ គិត​ថា​ខ្លួន​អាច​លៃ​ពេល​ដើម្បី​ធ្វើ​ គួរ​តែ​សាកល្បង​ធ្វើ។ ទន្ទឹម​នឹង​មាន​ជំនាញ​មួយ​សាកលវិទ្យាល័យ ការងារ​ក៏​ជា​បទពិសោធន៍​មួយ ជា​ទុន​ដ៏​សំខាន់​ឲ្យ​ខ្លួន​ឯង​យល់​កាន់​តែ​ច្បាស់​ពី​ខ្លួន​ឯង យល់​ដឹង​ពី​វិស័យ​ការងារ សម្លឹង​បាន​វែង​ឆ្ងាយ។ ក្រោយ​រៀន​ចប់ និស្សិត​កាន់​តែ​ច្បាស់​ទៀត​ទាំង​ការងារ និង​ជំនាញ​ ហើយ​អាច​ឈាន​ចូល​ក្រុមហ៊ុន​លំដាប់​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត៕

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់