• 2018-11-19 03:49:09
  • ការអប់រំ

សប្បាយអាចក្លាយជាទុក្ខ បើមិនដឹងរឿងទាំង១០ គួរប្រយ័ត្នពេលដើរលេងអុំទូក

  • 2018-11-19 03:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​២១​ដល់​ ២៣ វិច្ឆិកា​ ខាងមុខនេះ​។ តាម​ការប៉ាន់ស្មានរបស់អគ្គស្នងការនគរបាលជាតិ មនុស្ស​ប្រមាណ ៣ម៉ឺននាក់ នឹង​ចូល​រួម​អបអរ​សាទរ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ។ ចំនួន​មនុស្សដ៏​ច្រើននេះ យើង​មិនអាច​ដឹងមុន​ថា នឹងអាចមានបញ្ហាអសកម្មណាមួយកើតឡើងជាយថាហេតុនោះឡើយ ដូច្នេះ Sabay សូម​ចែក​រំលែក​ប្រការ​ប្រុង​ប្រយ័ត្ន​ ១០យ៉ាង នៅ​ពេល​ដើរ​កម្សាន្ត​នា​ឱកាស​នេះ៖​​​

១. របស់​របរ​មាន​តម្លៃ​

ជា​ការ​ពិត​ លោក​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​របស់​របរ​មាន​តម្លៃ​ឲ្យ​​មែន​ទែន ​ដូច​ជា​ម៉ូតូ​ ប្រាក់​កាស​ គ្រឿង​អលង្ការ​ ទូរស័ព្ទ​ដៃ​ជា​ដើម ​ព្រោះ​​មាន​ជន​ឆ្លៀត​ឱកាស​​ជា​ច្រើន​ ដែល​​ចាំ​លួច​ ឆក់​ និង​ លូក​ហោ​ប៉ៅ​នៅ​ក្នុង​ពិធី​​បុណ្យ​មួយ​នេះ​ផង​ដែរ។​ ​ប្រការ​ល្អ​គួរ​តែ​ រក​កន្លែង​​​ដែល​មាន​សុវត្ថិ​ភាព​ដើម្បី​ផ្ញើ​ម៉ូតូ​​ និង​រក្សា​សំបុត្រ​ឲ្យ​បាន​ល្អ​។​ កុំ​ដាក់​កាបូប​លុយ​នៅ​ហោ​ប៉ៅ​ក្រោយ ហើយ​គួរ​​ពាក់​អាវ​វែង​ៗ​ដើម្បី​​បិទ​បាំង​កាបូប​លុយ​ និង​ទូរស័ព្ទ​ដៃ​។ ​លើស​ពី​នេះ​មិន​គួរ​ពាក់​គ្រឿង​​អលង្ការ​មាន​តម្លៃ​​ច្រើន​នោះ​​ទេ។​​

២. ​​វង្វេង​គ្នា​​

ពេល​មាន​មនុស្ស​ជា​ច្រើន​ដើរ​ទៅ​មក​ គឺ​វា​ងាយ​ណាស់​ដែល​ធ្វើ​អោយ​អ្នក​​វង្វេង​គ្នា​ ជា​ពិសេស​កុមារ​តូច​ៗ​។​ ដូចនេះ​អ្នក​គួរ​ធ្វើ​ដំណើរ​ជិត​គ្នា និង​ប្រាប់​ទី​តាំង​ដែល​អ្នក​នឹង​ទៅ​អោយ​បាន​ច្បាស់​​លាស់​។​ ក្នុង​ករណី​បាត់​គ្នា​ អ្នក​អាច​ទាក់​ទង​ជាមួយ​អាជ្ញាធរ ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ដើម្បី​ជួយ​ផ្សាយ​ដំណឹង​​ផង​ដែរ​។ ​ម្យ៉ាង​សម្រាប់​កុមារ​តូច​ៗ ​ម្ដាយ​ឪពុក​គួរ​សរសេរ​លេខ​ទូរស័ព្ទ​ដាក់​ជាប់​ខ្លួន​កូន​ ដើម្បី​ការ​ពារ គឺ​ជា​ការ​ល្អ​បំផុត​។​​​​

៣. ខ្យល់​គ​​

នៅ​កន្លែង​​ដែល​មាន​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​គ្នា​កក​កុញ​​ គឺ​ច្បាស់​ជា​បណ្ដាល​អោយ​មាន​អាការៈ​ថប់​ដង្ហើម​​ជា​មិន​ខាន​។​ សម្រាប់​​មនុស្ស​ដែល​មាន​កម្លាំង​ខ្សោយ​គឺ​ពិត​ជា​ងាយ​​ប្រឈម​មុខ​នឹង​ការ​ខ្យល់​គ​​ណាស់​ ហេតុនេះ​យល់​ល្អ​ អ្នក​គួរ​តែ​ត្រៀម​ប្រេង​ខ្យល់ ឬ​ប្រេង​កូឡា​តាម​ខ្លួន​ និង​សូម​កុំ​ព្យាយាម​ឈរ​​នៅ​ផ្គុំគ្នា​យូរ​ពេក​។

​​​​​​ ៤. ចំណី​អាហារ​គ្មាន​អនាម័យ​​

រូបតំណាង

ចំណី​អាហារ​ និង ទឹក​គឺ​មាន​សារៈសំខាន់​ណាស់​។​ បើ​លោក​អ្នក​បរិភោគ​អាហារ​ដែល​​មិន​ស្អាត​គឺ​ងាយ​ឲ្យ​លោក​អ្នក​ មាន​ជំងឺ​រាគ​រូស​ ចុក​ឆ្អល់​ជា​មិន​ខាន​ និង​ឆ្លង​ជំងឺ​ផ្សេងៗ​។​ ក្នុង​ករណី​មាន​រឿង​នេះ​ សូម​ប្រញាប់​ទៅ​ជួប​​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​​ដែល​ប្រចាំ​ការ​ក្នុង​ពិធី​បុណ្យ​ ហើយ​​នៅ​ជិត​លោក​អ្នក​បំផុត។​​

​៥. កុំ​ឲ្យ​ក្មេង​តូច​ៗ​ទៅ​ជិត​ទឹក​ទន្លេ

កូន​ក្មេង​តូច​ៗ​ និង ទឹក​គឺ​ជា​សញ្ញា​មួយ​នៃ​ភាព​គ្រោះ​ថ្នាក់​ផង​ដែរ​។ កុំ​បណ្ដោយ​អោយ​កូន​របស់​លោក​អ្នក​ ទៅ​លេង​នៅ​ក្បែរ​ច្រាំង​ទន្លេ​ឲ្យ​សោះ​ ព្រោះ​អាច​​រអិល​ធ្លាក់​ដោយ​ចៃដន្យ​បាន​។ ​​​​​​​​​

៦. ជន​ឆ​បោក

មួយ​វិញ​ទៀត​ គួរ​តែ​ប្រយ័ត្ន​ប្រយែង​ ចំពោះ​ជន​មិន​ស្គាល់​មុខ​ ដែល​សួរ​រក​ខ្ចី​ទូរស័ព្ទ​ ដូរ​លុយ​ដុល្លារ​ក្រដាស​ធំ​ៗ​​ ឬ​ធ្វើ​ល្បិច​ជ្រុះ​មាស​​​អោយ​យើង​រើស​ជា​ដើម​។​ លើស​ពី​នេះ​ទៅ​ទៀត​កុំ​ពិសា​ភេសជ្ជៈ ឬ អាហារ​ពី​​មនុស្ស​មិន​ស្គាល់​មុខ​​ព្រោះ​អ្នក​អាច​រង​គ្រោះ​ដោយ​ការ​ដាក់​ថ្នាំ​សណ្ដំ​ក៏​ថា​បាន​។​

៧. ការ​បៀតបៀន​ផ្លូវ​ភេទ​

​ ចំពោះ​នារី​ៗ​ សូម​​ប្រុង​ប្រយ័ត្ន​ ចំពោះ​ជន​ខិល​ខូច​មួយ​ចំនួន​​​ដែល​បន្លំ​បេះ​ថ្ពាល់​ ឬ​បន្លំ​ប៉ះ​ស្ទាប​ជា​ដើម​​។ ជា​ការ​ល្អ មិន​គួរ​ដើរ​លេង​ដល់​យប់​ជ្រៅ​ពេក ឬ​ដើរ​​​តែ​ឯង​នៅ​កន្លែង​ស្ងាត់​​នោះ​ឡើយ​។ គួរ​ដើរ​ជា​ក្រុម ដើម្បី​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក។ ​

៨. ប្រយ័ត្ន​នាំ​អេដស៍​ចូល​ផ្ទះ

​នា​ឆ្នាំ​កន្លង​មក​ គេ​សង្កេត​ឃើញ​មាន​នារី​រក​ស៊ី​ផ្លូវ​ភេទ​មួយ​ចំនួន​​បាន​យក​​ឱកាស​នេះ​ដើម្បី​ស្វែង​រក​​អតិថិជន​​ផង​ដែរ​តាម​រូប​ភាព​បិទ​បាំង​នានា​។​ ដូច្នេះ​សម្រាប់​បុរស​ៗ​ ដែល​មក​លេង​ពិធី​បុណ្យ​នេះ​ សូម​គិត​គូ​​ឲ្យ​​បាន​វែង​ឆ្ងាយ​ដល់​អនាគត​របស់​គ្រួសារ​។

៩. ​ប្រយ័ត្ន​ទិញ​ចំ​​ទំនិញ​គ្មាន​គុណភាព​

​ដូច​រាល់​ឆ្នាំ​ ការ​តាំង​ពិព័រណ៍​ និង​​លក់​ទំនិញ​សឹង​គ្រប់​ភេទ​នៅ​ពេល​បុណ្យ​អុំ​ទូក​សំបូរ​ហូរហែ​ ដែល​ដាក់​​លក់​តម្លៃ​ថោក​ៗ​ លក់​បញ្ចុះ​តម្លៃ ​​ទិញ​មួយ​ថែម​មួយ​ និង​ប្រូម៉ូសិន​ជា​ដើម​។ ប៉ុន្តែ​លោក​អ្នក​ក៏​គួរតែ​​ប្រយ័ត្ន​ទំនិញ​ទាំង​នោះ ព្រោះ​ជន​ខិល​មួយ​ចំនួន​អាច​ឆ្លៀត​ឱកាស​កេង​ចំណេញ​ ​ដាក់​លក់​ផលិតផល​ក្លែងក្លាយ ​លក់ទំនិញ​ហួស​កាលបរិច្ឆេទ ...ល។​​​​​​​​​

​១០. ស្គាល់​ទីតាំង​ពិនិត្យ​សុខភាព​ មិន​គិត​ថ្លៃ​

ក្នុង​ករណី​មាន​បញ្ហា​ សុខភាព​ សូម​​បង​ប្អូន​ស្វែង​រក​សេវា​ពិនិត្យ​សុខភាព​២៤ ម៉ោង​របស់​ក្រសួង​សុខាភិបាល​ ដោយឥត​គិត​ថ្លៃ​ នៅ​តាម​ទីតាំង​កំណត់​ទាំង​១២។ សូម​ចុច​អាន​បន្ថែម៖ ​​ទីតាំងពិនិត្យសុខភាព២៤ម៉ោង មិនគិតថ្លៃទាំង១២កន្លែង គួរដឹងមុន

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់