• 2018-11-24 02:55:00
  • ព័ត៌មាន

បុណ្យអុំទូកចប់ហើយ មកដឹងចំនួនភ្ញៀវទេសចរសម្រុកទៅលេងសៀមរាប ៣ថ្ងៃនេះ

  • 2018-11-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ព្រះរាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ  អកអំបុក ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​៣៣​ម៉ឺន​នាក់។ ចំនួននេះកើន​ឡើង​ប្រមាណ​១៨.៥៨ភាគរយ បើធៀបនឹង​ឆ្នាំ២០១៧។

ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​ប្រមាណ​ជាង​២៩ម៉ឺននាក់ កើន​ឡើង​១៩.០៦ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ កើន​ឡើង២.៩៩ភាគរយ។

ឯកឧត្ដម​បាន​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​ទាំង​នេះ​បាន​ទៅ​ទស្សនា​ការ​ប្រណាំង​ទូក​នៅ​តាម​បណ្ដោយ​ស្ទឹង​សៀមរាប និង​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​សៀមរាប។

រូបថត AKP

ឯកឧត្ដម​អភិបាល​ខេត្ត​បាន​បន្ត​ថា ចំពោះ​ថ្លៃ​ម្ហូប​អាហារ​គឺ​មាន​ការ​ឡើង​ថ្លៃ​តិច​តួច​ដែរ ប៉ុន្តែ​សម្រាប់​បន្ទប់​ស្នាក់​នៅ​គឺ​អត់​មាន​ការ​ខ្វះខាត​ទេ ដោយ​សារ​ភ្ញៀវ​ទេសចរ​ដែល មក​ទស្សនា ខេត្ត​សៀមរាប នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ជាតិ ហើយ​មាន​អ្នក​ខ្លះ​ទៅ​ស្នាក់​នៅ​ផ្ទះ​បងប្អូន។

រូបថត AKP

ចំពោះ​ការងារ​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​សាធារណៈ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ​ល្អ ប្រសើរ ដោយ​គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា អំពើ​ឆក់​ប្លន់ និង​បាតុភាព គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។

សូម​បញ្ជាក់​ថា សម្រាប់​ស្ថាន​ភាព​អនាម័យ បរិស្ថាន ក៏​មាន​សភាព​ល្អ​ប្រសើរ​លើស ពី​ពេល​មុន​ៗ ដោយ​នៅ​ទី​សាធារណៈ និង​ជុំវិញ​ទី​តាំង​ប្រារព្ធ​ពិធី ក៏​ដូច​ជា​តាម​បណ្ដោយ​ស្ទឹង​សៀមរាប​មាន​ការ​ថយ​ចុះ​នូវ​ការ​បោះ​ចោល​សំរាម​និង​កាក​សំណល់​ផ្សេង​ៗ។

ប្រភព៖ AKP ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់