• 2018-11-27 02:53:48
  • ការអប់រំ

បើអាយុលើសពី២០ឆ្នាំ គួរធ្វើរឿង៦យ៉ាងនេះ ពេលដាច់ឆ្នាំចាស់ ទើបជីវិតមានក្ដីសុខ

  • 2018-11-27 02:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​មនុស្ស​ម្នាក់ៗ ប្រៀប​ដូច​ជា​ដំណើរ​ផ្សងព្រេង​ដ៏​វែង​ឆ្ងាយ ត្រូវ​ជួប​រឿងរ៉ាវ​សព្វ​គ្រប់​បែប​យ៉ាង ជួន​កាល​រឿង​មិន​ចង់​ជួប​ក៏​ត្រូវ​តែ​ជួប មាន​ផ្អែម ប្រៃ ល្វីង​ ជូរចត់។ គ្មាន​នរណា​ម្នាក់​មាន​ជីវិត​អមត ហើយ​រង់ចាំ​ធ្វើ​អ្វី​ដែល​​នាំ​ឲ្យ​ខ្លួន​សប្បាយ នៅ​ចុង​បញ្ចប់​ដូច​ភាព​យន្ត​ឡើយ។ គួរ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​ឯង​រីករាយ​ចាប់​ពី​ពេល​នេះ​ទៅ ដូច​៦​ចំណុច នៅ​ខាង​ក្រោម​នេះ៖ ​

រូបតំណាង

១. ជ្រើសរើស​ការងារ​ណា​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត

ការងារ​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ជីវិត ហើយ​ជីវិត​ស្មុគស្មាញ ឬ​សប្បាយ​ចិត្ត​ក៏​អាស្រ័យ​លើ​ចំណុច​នេះ​ដែរ។ ដូច្នេះ​ហើយ គួរ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់ ពេល​ខ្លះ​មិន​ផ្ដោត​លើ​ប្រាក់​ចំណូល​ជា​ធំ ឬ​តំណែង​អ្វី ប្រភេទ​អ្វី រដ្ឋ ឯកជន​ឡើយ ប៉ុន្តែ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ពេល​ក្រោក​ពី​គេង​សប្បាយ​ចិត្ត​ទៅ​ធ្វើ​ការ​ដែរ​ឬទេ? ឬ​ឲ្យ​តែ​ដល់​ថ្ងៃ​ធ្វើ​ការ​បែរ​ជា​ធុញ​ថប់​ទៅ​វិញ?

ធ្វើ​អ្វី​ទៅ​តាម​ទេពកោសល្យ​ពី​ធម្មជាតិ ធ្វើ​ដោយ​ចេញ​ពី​ក្ដី​ស្រលាញ់ នោះ​ជីវិត​នឹង​ស្រស់ស្រាយ​រាល់​ថ្ងៃ ផ្ទុយ​ពី​មនុស្ស​ដែល​ធ្វើ​អ្វី​ខុស​ពី​ចំណូល​ចិត្ត​របស់​ខ្លួន ការងារ​ក្លាយ​ជា​សម្ពាធ​មួយ​ក្នុង​ជីវិត​ខ្លួន​ឯង។

​២. ចំណាយ​លុយ​ដែល​រក​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ក្ដីសុខ

លុយ​ដែល​ខិតខំ​រក​ដោយ​លំបាក​នោះ គួរ​បែងចែក​មួយ​ផ្នែក​ផ្ដល់​សុភមង្គល​ឲ្យ​ខ្លួន​​​​​​​​​​ឯង​ខ្លះ ដូចជា​ទិញ​របស់​ដែល​ខ្លួន​ឯង​ប្រាថ្នា ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ដែល​ប៉ង​ជា​យូរ ឬ​បើ​មាន​លទ្ធភាព​ដើរ​លេង​ក្រៅ​ប្រទេស​ទៀត​ក៏​កាន់​តែ​ប្រសើរ។

ចំណុច​នេះ​មិនមែន​មានន័យ​ថា ឲ្យ​ចាយ​បង្ហូរ​មិន​ទុក​សន្សំ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីករាយ​ចាប់​ពី​លុយ​តិចតួច​តាម​លទ្ធភាព​របស់​ខ្លួន​ កុំ​ចាំ​ទាល់​តែ​ក្លាយ​ជា​អ្នក​មាន​ ព្រោះ​យើង​មិន​ដឹង​ថា ទម្រាំ​ដល់​ពេល​នោះ តើ​យើង​អាច​នៅ​ចាយ​លុយ​នោះ​បាន​ឬ​ទេ? កុំ​ចាំ​រហូត​ដើរ​លែង​រួច ទើប​នឹក​ឃើញ​ស្ដាយ​ក្រោយ។

៣. ដល់​ពេល​វេលា​ដែល​គិត​ថា​មាន​ស្នេហា​បាន​គួរ​តែ​ចាប់​ផ្ដើម

ជីវិត​យុវវ័យ​គ្រប់​រូប​មិន​ថា អ្នក​ណា​ក៏​មិន​អាច​ជៀសផុត ពី​ច្បាប់​ធម្មជាតិ​មួយ​នេះ​ដែរ។ ដូច្នេះ​កុំ​គិត​ថា​មាន​ស្នេហា​ជា​ការ​ខុស​ឆ្គង ឬ​រង់ចាំ​ដល់​មាន​អ្វីៗ​គ្រប់​យ៉ាង​ទើប​ហ៊ាន​បង្កើត​ស្នេហា។ ការណ៍​គិត​បែប​នេះ​ដូច​ជា​ដាក់​អម្រែក​ដ៏​ធ្ងន់​មួយ​សម្រាប់​ខ្លួន​ឯង​ពេក​ហើយ មាន​ស្នេហា​មិន​មែន​ជា​កំហុស​ឡើយ តែ​ខុស​ត្រង់​ថា យក​ស្នេហា​មក​ញាំញី​ជីវិត​រហូត​ក្លាយ​ជា​ទុក្ខ​ទៅ​វិញ​ទេ។

រូបតំណាង

ស្នេហា​ជា​គ្រឿង​លម្អ​មួយ​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង​កាន់​តែ​ស្រស់​បំព្រង​ឡើង។ ស្នេហា​គ្រាន់​តែ​ជាពាក្យ​តំណាង​ឲ្យ​បុគ្គល​២​នាក់ ជា​អ្នក​បង្កើត​វា​ឡើង ស្នេហា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ឈឺ​ចាប់​ឡើយ តែ​ការ​ឈឺ​ចាប់ ឬ​រីករាយ​ដោយ​សារ​ស្នេហា គឺ​ផ្ដើម​ចេញ​ពីរ​បុគ្គល​ដែល​បង្កើត​វា​ឡើង​ ជា​មនុស្ស​ពូកែ​ប៉ុន​ណា​ក្នុង​រឿង​នេះ។

ដូច្នេះ​គួរ​ហ៊ាន​ចាប់​ផ្ដើម​វា​ឡើង​ជាមួយ​មនុស្ស​ដែល​យើង​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត កុំ​រង់ចាំ​ពេល​វេលា ព្រោះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា ថ្ងៃ​ស្អែក​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ គួរ​ធ្វើ​អ្វី​ដែល​បេះដូង​កំពុង​ទាមទារ។

​៤. ព្រលែង​ខ្លួន​ឯង​ឲ្យ​ធ្វើ​ខុស​កុំ​បិទ​ផ្លូវ​ខ្លួន​ឯង

ចំណុច​នេះ មាន​ន័យ​ថា ត្រូវ​ហ៊ាន​ប្រថុយ ហ៊ាន​ធ្វើ ហ៊ាន​ទទួល​ថា​ខុស កុំ​គិត​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​ក៏​ល្អ​ ធ្វើ​អ្វី​ក៏​ត្រូវ​គ្រប់​បែប​យ៉ាង​នោះ។ នៅ​លើ​លោក​នេះ​គ្មាន​អ្នក​ណា​មួយ​ល្អ​ឥត​ខ្ចោះ​ឡើយ កុំ​គិត​ថា​ការ​ធ្វើ​ខុស​ជា​រឿង​អាម៉ាស់ ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​តម្លៃ​ឲ្យ​សោះ។ ប៉ុន្តែ​ការ​ព្រលែង​ខ្លួន​ឯង​ឲ្យ​ធ្វើ​ខុស នោះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​រីក​ចម្រើន​ សម្លឹង​ឃើញ​ពិភពលោក​កាន់​តែ​ធំ​ទូលាយ មិន​មែន​មើល​ឃើញ​តែ​ខ្លួន​ឯង​នោះ​ទេ។

ការ​មិន​ទទួល​ស្គាល់​​ខ្លួន​ឯង ប្រៀប​ដូចជា​ការ​បិទ​ឱកាស​មួយ មិន​អាច​បោះ​ជំហាន​ទៅ​មុខ​ទៀត គឺ​នៅ​តែ​ដដែល​ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ។

៥. ត្រូវ​គិត​ថា​បញ្ហា​ជា​រសជាតិ​ជីវិត កុំ​គិត​ថា​ជា​កម្មពៀរ

នៅ​លើ​លោក​នេះ សួរ​ថា​តើ​នរណា​មួយ​ដែល​ថា មិន​មាន​បញ្ហា មាន​រូប​គឺ​តែង​មាន​ទុក្ខ ជា​ច្បាប់​នៃ​ជីវិត។ ជីវិត​ គឺ​ប្រៀប​ដូចជា​ការ​រង់ចាំ​ដោះស្រាយ​បញ្ហា​ពី​មួយ​រឿង​ទៅ​មួយ​រឿង ហេតុ​នេះ​ហើយ​កុំ​គិត​ថា ជីវិត​ខ្លួន​ឯង​ពោរពេញ​ដោយ​ទុក្ខនោះ។ មនុស្សគ្រប់រូបមាន​ទុក្ខ​ដូចគ្នា គ្រាន់​តែ​ថា អ្នក​ខ្លះ​ធ្ងន់ អ្នក​ខ្លះ​ស្រាល​ប៉ុណ្ណោះ ត្រូវ​រីករាយ​នឹង​ដោះស្រាយ​វា​ជា​និច្ច។ ការណ៍​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​លំបាក មិន​មែន​ជា​កម្មពៀរ​ឡើយ តែ​នេះ​ហើយ​ជា​រសជាតិ​ជីវិត​របស់​មនុស្ស។

រូបតំណាង

៦. រស់​នៅ​ជា​ខ្លួន​ឯង​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន

សេចក្ដី​សុខ​របស់​មនុស្ស អាច​កើត​មាន​បាន​លុះ​ត្រា​តែ​ចិត្ត​ស្ងប់ ពេញ​ចិត្ត​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង​ឬទេ? កុំ​យក​ជីវិត​ខ្លួន​ឯង ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ព្រោះ​ជួន​កាល​អ្នក​ដែល​កំពុង​ផ្អែមល្ហែម ឬ​មាន​សុភមង្គល​នៅ​នឹង​មុខ​អ្នក​ដទៃ មិន​ដឹង​ថា​នៅ​ក្រោយ​ខ្នង​មាន​រឿង​អ្វី​ខ្លះ​នោះ​ទេ។ ការណ៍​យក​ជីវិត​របស់​ខ្លួន​ទៅ​ប្រៀប​ជា​មួយ​អ្នក​ដទៃ​ គឺ​ជា​រឿង​ដ៏​ខុស​ឆ្គង ត្រូវ​បង្កើត​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​ឯង​មាន។ សុភមង្គល ឬ​ក្ដី​សុខ​របស់​មនុស្ស​ម្នាក់ៗ មាន​លក្ខណៈ​ផ្សេង​ពី​គ្នា ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង សំខាន់​តើ​យើង​ចេះ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ក្ដី​សុខ​បាន​ប៉ុណ្ណា​តែ​ប៉ុណ្ណោះ៕

ប្រភព៖ ផ្លូវជីវិត អត្ថបទ៖ រាជ

មតិយោបល់