• 2018-11-27 09:56:00
  • ព័ត៌មាន

មន្រ្តីប្រាប់ទៅកម្មករ រឿងការងារ បើមិនទាន់ដោះស្រាយ សូមផ្ញើមកហ្វេសប៊ុកផ្លូវការ ២នេះ

  • 2018-11-27 09:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជំនាញ​​១រូប នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ប្រសិន​បើ​កម្មករ​​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ផ្នែក​ការងារ​ ហើយ​មិន​ទាន់​មាន​ចំណាត់​ការ​ អាច​ផ្ញើ​សារ​មក​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​២នេះ។

លោក​លើក​ឡើង​បែប​នេះ ខណៈ​មន្ត្រី​នៃ​តំណាង​ស្ថាប័ន​ការងារ​១ បាន​លើកឡើង​ពី​វិវាទ​ការងារ ការ​បំពាន​លក្ខខណ្ឌ​នានា​លើ​កម្មករ និងចំណាត់ការយឺតយ៉ាវ នាពេលកន្លងទៅ។

រូបតំណាង

លោក អាន រ៉ាម៉ា ​​មន្ត្រី​សម្របសម្រួល​ប្រចាំ​តំបន់ ​របស់​សហភាព​ការ​ងារ ឬ​ហៅ​កាត់​ថា CLC បាន​លើក​ឡើង​ពី​វិវាទ​ការងារ រួមមាន​ការ​ឲ្យ​កម្មករ​ធ្វើការ​លើស​ម៉ោង និង​​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ជំនាញ រួម​នឹង​បញ្ហា​ដទៃ​ទៀត ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​ នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ខេត្ត​ព្រះសីហនុ។

លោក អាន រ៉ាម៉ា

ចំណុច​នេះ ​ត្រូវ​បាន​លោក លោក ប៉ុល ចាន់ដារ៉ា អគ្គ​នាយករង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បដិសេធ​ថា​មិន​មាន​ការ​បំពាន​សិទ្ធិ​ទាំងនោះ​ កើត​មាន​ចំពោះ​កម្មករ​ទេ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ប្រសិន​បើ​​បងប្អូន​មាន​បញ្ហា​ពិត អាច​ផ្ញើ​មក​ទំព័រ​ហ្វេសប៊ុក​ផេក​ចំនួន២ ដែល​រង់ចាំ​ទទួល​​គ្រប់​បញ្ហា​ការងារ របស់​បងប្អូន​កម្មករ ដើម្បី​ដឹង​លឺ​ដល់​ថ្នាក់​ដឹក​នាំ​ជួយ​ដោះស្រាយ​ឲ្យ​បាន​លឿន។

លោក ប៉ុល ចាន់ដារ៉ា

លោក​បាន​បញ្ជាក់​ថា ការ​ផ្ញើ​មក​ហ្វេសប៊ុក​២នេះ ករណី​កម្មករ​បាន​ប្ដឹង ឬ​ជូន​ដំណឹង​ទៅ​តាម​មន្ទីរ​ការងារ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ហើយ តែ​អត់​ទាន់​មាន​អ្នក​ចាត់​ការ។ ដូច្នេះ​កម្មករ​ទាំងអស់ មិន​ថា​តែ​អ្នក​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ខេត្ត​ព្រះសីហនុ​ទេ នឹង​ទទួល​បាន​ដំណោះស្រាយ​លឿន ហើយ​នឹង​បាន​ទៅ​ដល់​ដៃ​ថ្នាក់​ដឹកនាំ​ផង​ដែរ។

លោក ប៉ុល ចាន់ដារ៉ា បាន​បញ្ជាក់​ថា ទី១. គឺ​ទំព័រ​ហ្វេស​ប៊ុក​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស (Samdech Hun Sen, Cambodian Prime Minister) ដែល​មាន​ក្រុមការងារ​ពិសេស​ចាំ​ទទួល​គ្រប់​ព័ត៌មាន​ទាំងអស់​ រួច​បញ្ជូន​ទៅ​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួច​នឹង​ចាត់​ជំនាញ​ការ​ដោះស្រាយ​បន្ទាន់​ជូន។

ទី២. ទំព័រ​ហ្វេស​ប៊ុក សរសេរ​ជា​ភាសាខ្មែរ ឈ្មោះថា ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​មាន​ក្រុម​ការងារ​ចាំ​ទទួល​ភ្លាម​ៗ​រាល់​សារ​របស់​បង​ប្អូន រួច​បញ្ជូន​ទៅ​កាន់​អ្នក​ជំនាញ​និមួយៗ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

រូបតំណាង

សូម​បញ្ជាក់​ថា តួលេខ​កម្មករសរុប​​ឆ្នំាំ ២០១៨នេះ មាន​ចំនួន​ប្រមាណ​ ២លាននាក់។ ក្នុង​នោះ​កម្មករ​ប្រមាណ​៨០ម៉ឺន​នាក់​កំពុង​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ និង​ប្រមាណ ១លាន ២សែននាក់ ដែល​មក​ពី​វិស័យ​នានា។ នេះ​បើ​តាម​របាយការណ៍​ពី​លោក ប៉ុល ចាន់ដារ៉ា អគ្គ​នាយករង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម