• 2018-11-30 03:32:16
  • ព័ត៌មាន

ចាំបាច់ទៅណាឆ្ងាយ! ៥កន្លែងនៅខេត្តកំពត សប្បាយកប់សារី អស់លុយតិចទៀត

  • 2018-11-30 03:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ដើរ​លេង​កម្សាន្ត បាន​មក​ដល់​ទៀត​ហើយ ម្នាក់​ៗ​កំពុង​គិត​ថា តើ​គួរ​ទៅ​ដើរ​លេង​នៅ​ឯណា​មែនទេ? តោះ! សាក​មក​ស្គាល់​៥​កន្លែង​នៅ​ខេត្ត​កំពត​នេះ​បន្តិច​ទៅ​មើល៍ សុទ្ធ​តែ​កន្លែង​កម្សាន្ត​សប្បាយ​ៗ អាច​ធ្វើ​ឲ្យ​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ស្រស់​ស្រាយ។

១. ថ្ម​តាដា​សច្ចំ

​​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​ទើប​ត្រូវ​បង្កើត​ឡើង​ប្រហែល៣ឆ្នាំ  ​គឺ​រមណីយដ្ឋាន​ថ្ម​តា​ដា​សច្ចំ​បាន​ទាញ​ទេសចរ​ទាំង​ខ្មែរ ​និង​បរទេស​ទៅ​កម្សាន្ត​ឥត​ដាច់​ដោយសារ​​​​​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត ​និង​​ទេសភាព​ជួរ​ភ្នំ​ដ៏​គួរ​ឲ្យ​ទាក់​ភ្នែក​តាម​ផ្លូវ​ឡើង​ ប្រៀប​បាន​ទៅ​នឹង​ក្រមុំ​​​លាក់​ខ្លួន​ក្នុង​​ជ្រលង​ភ្នំ​ដ៏​ស្រស់​ស្អាត​មួយ។

បើ​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពត​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​ទឹក​ឈូ​អ្នក​នឹង​ចំណាយ​ពេល​ប្រហែល ​៣០ ​នាទី​ ​ឬ​លើស​​នេះ​បន្តិចបន្តួច។ រមណីយដ្ឋាន​មួយ​នេះ​មាន​កន្លែង ទស្សនា​ជា​ច្រើន ដូច​ជា ទឹក​ជ្រោះ​អូ​តាត្រាវ ទឹក​ជ្រោះ​ធ្លាក់​​ពី​វាលវែង ពង​ទឹក បត់ដា ទឹក​ជ្រោះ​អូ១ ទឹក​ជ្រោះ​អូ២ ទឹក​ជ្រោះ​អូ៣ ​ទឹកផុស​តាដា​រូង​ចន្ទ​ និង ទឹក​ធ្លាក់​ថ្ម​តា​ដា​​​សច្ចំ។

 

ទៅ​ហួស​​រមណីយដ្ឋាន​ទឹកឈូ​ប្រហែល ​៥ ​គីឡូម៉ែត្រ​អ្នក​នឹង​ឃើញ​ផ្លូវ​បត់​ចូល​រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្ម​តា​ដា​​​សច្ចំ ​ដោយ​ត្រូវ​ចំណាយ​ពេល​ឡើង​ទៅ​ប្រហែល ​១៥ ​ទៅ​ ២០ ​នាទី​ទៀត។

២. សួន​សត្វ ញឹម វណ្ណដា

សួន​សត្វ​ ញឹម វណ្ណដា ទឹក​ឈូ ខេត្ត កំពត គឺ​ជា​សួន​សត្វ​ធំ​ទី២ បន្ទាប់​ពី​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ ព្រៃភ្នំ​តាម៉ៅ ។ តាម​ការ​ឲ្យ​ដឹង​ពី​បុគ្គលិក​ នៅ​ទី​នេះ មាន​សត្វ​៤៧ព្រភេទ ដែល​សរុប​សត្វ​ទាំង​អស់​មាន​ជាង២០០ ក្បាល។

សួន​សត្វ​ ញឹម វណ្ណដា ទឹក​ឈូ ខេត្ត កំពត មិន​ត្រឹម​តែ​មាន​សត្វ​ទេ នៅ​ទី​នេះ​មាន​ទាំង​សួន​ដំណាំ​ហូប​ផ្លែ ជា​​ច្រើន​ប្រភេទ​ផង​ដែរ ដូច​ជា សាវម៉ាវ និង ធុរេន​ជា​ដើម។

៣.ណាតាយ៉ា

វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៣ ពី​ទី​រួម​ខេត្ត​កំពត​ចម្ងាយ​ជាង ១៨ គីឡូម៉ែត្រ នឹង​ទៅ​ដល់​រមណីយដ្ឋាន​ណាតាយ៉ា ដែល​ជា​កន្លែង​កម្សាន្ត​បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់​ផ្សារ​ភ្ជាប់​ធម្មជាតិ។

ជាមួយ​បន្ទប់​ស្នាក់នៅ ២៣ បន្ទប់ ដែល​មាន​តម្លៃ​ចាប់​ពី ៨០ ដុល្លារ ដល់ ២០០ ដុល្លារ ភ្ញៀវ​ដែល​មក​កម្សាន្ត​នឹង​ទទួល​បាន​ការ​ផ្តល់​សេវា​ប្រកប​ដោយ​ការ​យកចិត្តទុកដាក់ ជាមួយ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​ពិសារ​រួម​ទាំង​ការ​កម្សាន្ត​នានា បន្ថែម​ពី​លើ​បន្ទប់​ស្នាក់នៅ​ដែល​តុបតែង​ប្រកប​ដោយ​ភាព​រ៉ូម៉េទិក។  

៤. រមណីយដ្ឋាន​ Kampot River Residence

រមណីយដ្ឋាន​Kampot River Residence ​ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ទី​កន្លែង​នេះ ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជួរ​ភ្នំ​ វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី ដង​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់​គួរ​ឲ្យ​ចង់​គយ​គន់​មិន​ជិន​ណាយ។ 

ក្រៅ​ពី​មាន​ទេសភាព​ស្អាត​ហើយ​រមណីយដ្ឋាន​មួយ​នេះ​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព​ផង​ដែរ គឺ​មាន​ផ្ទះ​សង់​ពី​ឈើ នៅ​ដាច់​ៗ​ពី​គ្នា។ ការ​តុបតែង​នៅ​ខាង​ក្នុង​មាន​របៀប​រៀប​រយ តាម​លក្ខណៈ​បុរាណ និង​សម័យ ដែល​អាច​ស្នាក់​នៅ​ជា​លក្ខណៈ ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬគូស្នេហ៍​ ។

៤. បឹង​កាឡូ​បែប​ធម្មជាតិ Yellow Sun Hostel

បឹង​កាឡូធម្មជាតិ​មួយ​មាន​ចំងាយ ប្រមាណ ២​គីឡូមែត្រ​ ពី​សារមន្ទី​ខេត្តកំពត លោកអ្នក​អាច​លំហែកាយ​ជួប​ជុំ​ជាមួយ​គ្រួសារ​ មិត្តភក្តិ ក្នុង​ថ្ងៃឈប់​សម្រាក​យ៉ាង​រីករាយ​បំផុត​។

Yellow Sun Hostel ដែល​ជាកន្លែង​ស្នាក់​នៅ​ជា​លក្ខណៈ​បឹង​កា​ឡូ​បែបធម្មជាតិ​នៅ​ខេត្ត​កំពត​ ​មាន​សួន​ច្បារ​ និង​ បារ​សម្រាប់​លេង​ ​​កម្សាន្ត ​មិនតែប៉ុណ្ណោះ​ យើង​អាច​ជិះ​ទូក​លេង​កម្សាន្តតាម​មាត់​បឹងទៀត​ផង។

​ដោយ​ឡែក​​ បន្ទប់​ស្នាក់​នៅ​វិញ ​សម្រាប់​ថ្ងៃធម្មតា រឺថ្ងៃបុណ្យ បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់។ បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់។ ជាងនេះទៀត​ ក៏មាន​បន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់។

៥. ឧទ្យាន​ដងព្រែក

ឧទ្យាន​ដង​ព្រែក មាន​ទី​តាំង​ស្ថិត​នៅ​​ជិត​តំបន់​ទឹក​ធ្លាក់​ទឹក​ឈូ  មាន​ចម្ងាយ​ពី​​ទី​រួម​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។ រៀង​រាល់​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​នានា​ ឧទ្យាន​មួយ​នេះ មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ នោះ ៨០ភាគរយ ជា​ភ្ញៀវ​ជាតិ និង  ២០ភាគរយទៀត​ជា​ភ្ញៀវ​អន្តរ​ជាតិ។

ភ្ញៀវ​ទេសចរណ៍​ អាច​កម្សាន្ត​តាម​រយៈ​​ការ​ជិះ​ទូក​នៅ​ក្នុង​ទឹក​ព្រែក​​ដ៏​ថ្លា​ឈ្វេង  គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក​ដ៏​ស្រស់​បំព្រង។ ចំពោះ​តម្លៃ​វិញ  ​រយៈ​ពេល ​១ម៉ោង​ត្រឹម​តែ៥ដុល្លារ​ប៉ុណ្ណោះ។  ពិសេស​ប្រិយមិត្ត​​ក៏​អាច​សាក​ល្បង​ការ​កម្សាន្ត​ថ្មី ​បែប​ព្រឺព្រួច  នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ ទៅ​ត្រើយ​ម្ខាង​ទៀត ​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ​​ ​មានតម្លៃ ៧.៥ដុល្លារ៕

 

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់