• 2018-12-03 01:45:43
  • សេដ្ឋកិច្ច

ត្បាញ​ដោយ​ដៃបាន​តិច​ពេក ច្នៃ​ដាក់​ម៉ូទ័រត្បាញ​បាន​រាប់​សិប​ក្នុង​មួយថ្ងៃៗ

  • 2018-12-03 01:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នូរ​សំឡេង​តុក​តាក់ៗ​ចេញ​ពី​ផ្ទះ​សិប្បករ​បី​គ្រួសារ​នៅ​ភូមិ​ក្រាំង​​ស្ដៅ​ឃុំ​សឹង​ស្រុក​សំរោង​ខេត្ត​តាកែវ​បាន​ទាក់​ទាញ​អ្នក​ដំណើរ​ឲ្យឈប់​​ចូល​មើល​មិន​ដាច់​ឡើយ​។​ នោះ​គឺ​ជា​សំឡេង​កី​ត្បាញ​កន្សែង​​ដែល​ដើរ​ដោយ​ដុំ​ម៉ូទ័រ​និង​ខ្សែ​ពាន​តូចៗ​ដាក់​​ទាញ​កង់​យោង​នៅ​តាម​​សងខាង​នៃ​កី​តម្បាញ​។

(ទិដ្ឋភាព​ក្នុង​កន្លែង​ត្បាញ​ក្រមា)

អ្នកស្រី​ ប៉ែន ​ភាព​ ជា​អ្នក​គ្រប់​គ្រង​សិប្បកម្ម​មួយ​ដែល​មាន​កី​តម្បាញ​ចំនួន១២​គ្រឿង​បាន​ប្រាប់ Sabay ​ថា​​​​ត្បិត​អី​​បច្ចុប្បន្ន​តម្រូវ​ការ​ទីផ្សារ​កាន់​តែ​រីក​ធំ​ ដូច្នោះ​ការ​​​ផលិត​កន្សែង​​​​ពេល​​នេះ​លែង​ធ្វើ​ដោយ​ដៃ​ដូច​មុន​ទៀត​ហើយ។ អ្នក​ស្រី​បន្តថា​​កី​តម្បាញ​នីមួយៗ​អូស​ដោយ​ម៉ូទ័រ​ហើយ​មនុស្ស​ចាំ​តែ​មើល​អំបោះ​កុំ​ឲ្យ​​ដាច់​ជា​ការ​ស្រេច​។​

អ្នកស្រីឲ្យ​ដឹងទៀត​ថា​​កី​តម្បាញ​ដែល​ដើរ​ដោយ​​​​​​​​​​ម៉ូទ័រ​ទាំង​នេះ​កើត​ឡើង​ដោយ​ការ​ច្នៃ​ប្រឌិត​របស់​​​​កូន​ប្រសា​រ​​​អ្នកស្រី​ដែល​​ធ្លាប់បាន​រៀន​តៗ​គ្នា​ពី​អ្នក​រស់​នៅ​ខេត្ត​កណ្តាល​។

(អ្នកស្រី​ ប៉ែន ​ភាព កំពុង​ពិនិត្យ​ក្រមា)

អ្នក​ស្រី​បញ្ជាក់​ទៀតថា​​ថា​​សិប្បកម្ម​របស់​អ្នកស្រី​ផលិត​តែ​កន្សែង​​សម្រាប់​​កូន​កំលោះ​កូន​ក្រមុំ​ហុច​ទទួល​ភ្ញៀវ​ក្នុង​ពិធី​រៀប​ការ​តែប៉ុណ្ណោះ​​ព្រោះ​ថា​បច្ចុប្បន្ន​នេះ​មានការ​ពេញ​និយម​ទិញ​កន្សែង​​តូចៗ​បែប​នេះ​យក​ទៅ​ជូន​ភ្ញៀវ​ឬ​ប្រើ​ជា​កាដូរ​អនុស្សាវរីយ៍​។

ស្ត្រី​វ័យ​៥៦​ឆ្នាំ​រូប​នេះ​បន្ត​ថា​​៖ «បច្ចុប្បន្ន​នេះ​គេ​លែង​ប្រើ​កម្លាំង​មនុស្ស​ដូច​មុន​ហើយ​ព្រោះ​វា​​ព្រោះ​វា​យូរ​ណាស់...​កាល​ជំនាន់​ខ្ញុំ​នៅ​តូចៗ​​​ម្ដាយ​ខ្ញុំ​ត្បាញ​ដោយ​ដៃ​​ទម្រាំ​បាន​កន្សែង​មួយៗ​ចំណាយ​ពេល​១​ទៅ​២​ថ្ងៃ​ឯណោះ​»​។

ម្ចាស់​សិប្បកម្ម​ដដែល​ប្រាប់ទៀត​​ថា​​ក្នុង​ក្ដារ​កី​នីមួយៗ​អាច​ផលិត​បាន​ពី៦៥​ទៅ​៧០ កន្សែង​​​ក្នុង​មួយ​ថ្ងៃហើយ​ថា​រៀង​រាល់ពីរ​ថ្ងៃ​ទើប​លា​ក្ដារ​កី​មក​កាត់​ច្រៀក​ជា​កន្សែង​តូចៗ​ប្រ​វែង​ប្រហែល​ជិត​១​ម៉ែត្រ​និង​ទទឹង​២តឹក​។

(ម៉ូទ័រ​ទាញ​កីតម្បាញ)

ចំពោះ​ទី​ផ្សា​វិញ​អ្នក​ស្រី​ថា​​អតិថិជន​ភាគ​ច្រើន​មក​ពី​ភ្នំពេញ​និង​ខេត្ត​សៀមរាប​។ ស្ត្រី​ដដែល​បន្ត​ថា​​​ សិប្បកម្ម​អ្នកស្រី​ផលិត​ស្ទើរ​តែ​មិន​ទាន់​តាម​ការ​​បញ្ជា​ទិញ​ពី​អតិថិជន​ផង​ដោយ​រៀង​រាល់​២ឬ៣​ថ្ងៃ​​មាន​ការ​បញ្ជា​ទិញ​មិន​តិច​ជាង​២ ០០០កន្សែង ​ទេ ហើយ​​ចំពោះ​តម្លៃ​វិញ​​​អ្នកស្រី​ថា​កន្សែង​មួយ​ថ្លៃ​១៥០០រៀល៕

អត្ថបទ៖ ជិន វេន

មតិយោបល់