- 2018-12-03 05:28:07
- ព័ត៌មាន
រកឃើញជើងខ្លាំងផ្តាច់ព្រ័ត្រវគ្គអ្នកដឹកនាំអាជីវកម្ម SmartEdu ក្រោយហ្វឹកហាត់ជាង ២សប្តាហ៍
- 2018-12-03 05:28:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជើងខ្លាំងផ្តាច់ព្រ័ត្រវគ្គអ្នកដឹកនាំអាជីវកម្ម SmartEdu ក្រោយហ្វឹកហាត់ជាង ២សប្តាហ៍
ចន្លោះមិនឃើញ
បន្ទាប់ពីបានឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងកម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) របស់កម្មវិធី SmartEdu រយៈពេល ១៣ ថ្ងៃនៅក្នុងសៀមរាប ក្រុមជ័យលាភីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួនបីក្រុម បានបង្ហាញដំណោះស្រាយនវានុវត្តន៍នៅក្នុងវគ្គផ្ដាច់ព្រាត់ និង ពិធីប្រគល់រង្វាន់នៅឯសណ្ឋាគារសូហ្វីធែលភ្នំពេញ។ ព្រឹត្តិការណ៍បិទកម្មវិធីនេះមានការចូលរួមជាកិត្តិយសពី ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា។
ក្រុមដែលមានឈ្មោះថា Smart ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន៨នាក់ ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងវគ្គផ្ដាច់ព្រាត់។ គំនិតនវានុវត្តន៍ (ការអនុវត្តបែបថ្មី) បែបឌីជីថលទាំងថ្មី និងចាស់ ដើម្បីកាត់បន្ថយការតេមិនសូវមានតម្លៃដ៏ច្រើន មកកាន់មជ្ឈមណ្ឌលផ្ដល់ព័ត៌មានរបស់ក្រុមហ៊ុន Smart ដែលត្រូវបានបង្កើតឡើងដោយចំណាយពេលត្រឹមតែ ៤៨ម៉ោង បានធ្វើឲ្យគណៈកម្មការវិនិច្ឆ័យភ្ញាក់ផ្អើល ក្នុងនោះរួមមានដូចជា លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ជី សីលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay លោក Richard Bates នាយកប្រតិបត្តិក្រុមហ៊ុន AIA និងកញ្ញា ម៉ៅ សុផល្លីន នាយកផ្នែកដៃគូក្រុមហ៊ុន Pathmazing។
ក្រុមឈ្នះក្នុងវគ្គផ្ដាច់ព្រាត់ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។ ចំណែកឯក្រុមដែលធ្វើបានល្អបំផុតក្នុងអំឡុងពេលចូលរួមសិក្ខាសាលា ទទួលបានប្រាក់រង្វាន់ចំនួន ១,២០០ ដុល្លារ។ លើសពីនេះ និស្សិតដែលបានធ្វើល្អបំផុតចំនួន ៨រូប នឹងទទួលបានការចុះកម្មសិក្សាដែលមានប្រាក់ឧបត្ថម្ភ រយៈពេល ២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ប្រទេសម៉ាឡេស៊ី។
ក្នុងអំឡុងពេលបិទកម្មវិធី លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានចែករំលែកចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការបណ្ដុះអ្នកដឹកនាំអាជីវកម្មថ្មីៗ សម្រាប់អនាគតរបស់វិស័យឌីជីថលនៅកម្ពុជា តាមរយៈកម្មវិធីប្រចាំឆ្នាំនេះ ដែលយកគំរូតាមកម្មវិធី Axiata អ្នកមានទេពកោសល្យវ័យក្មេង (Axiata Young Talent Program) ប្រទេសម៉ាឡេស៊ី។
បេក្ខជនដែលមកពីសាកលវិទ្យាល័យចំនួន ១៤ នៅទូទាំងប្រទេសកម្ពុជា ត្រូវបានជម្រុះយកចំនួន៤៨ នាក់ ដែលក្នុងមួយក្រុមមានបេក្ខជនចំនួន ៦នាក់។ បន្ទាប់មក ក្រុមទាំងនោះបានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលនៅ សណ្ឋាគារសុខាសៀមរាប ជាកន្លែងដែលពួកគេ បានទទួលការបំពាក់បំប៉នផ្នែកទ្រឹស្ដី ផ្នែកពិសោធន៍ ឱកាសអភិវឌ្ឍបុគ្គល ដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនង គំនិតច្នៃប្រឌិត និង ជំនាញត្រិះរិះពិចារណា ក៏ដូចជាជំនាញគ្រប់គ្រងអារម្មណ៍ផងដែរ។ បេក្ខជន បានចូលរួមក្នុងការប្រកួតប្រជែង សិក្ខាសាលា និងការពិសោធន៍ជាច្រើន ទាក់ទងទៅនឹងអាជីវកម្មបែបឌីជីថល ដោយពួកគេត្រូវបានជំរុញឲ្យបញ្ចេញសមត្ថភាពឲ្យអស់ និង ផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក។
កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការក្នុងខែតុលាឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata ដើម្បីជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Smartបានប្តេជ្ញាវិនិយោគប្រាក់ចំនួន ១លាន ៥សែនដុល្លារ សម្រាប់រយៈពេល ៣ឆ្នាំទៅក្នុងកម្មវិធីចំនួនពីរនៃ SmartEdu ។ ក្រៅពីនេះ កម្មវិធីអាហារូបករណ៍ SmartEdu និង កម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ (USDP) នឹងបន្តបណ្ដុះធនធានមនុស្សកំពូលៗ សម្រាប់វិស័យឌីជីថល និងអាជីវកម្ម របស់កម្ពុជាបន្ថែមទៀត។
ថវិកាមួយផ្នែកនៃប្រាក់វិនិយោគទាំង ១លាន៥សែនដុល្លារដែលផ្ដល់ជូនដោយក្រុមហ៊ុន Smart នឹងត្រូវបានបញ្ចូលទៅក្នុងកញ្ចប់ថវិកាជាតិដើម្បីការកសាងសមត្ថភាព ព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍។
ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/Smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smartedu.com.kh៕