• 2018-12-03 05:13:37
  • សេដ្ឋកិច្ច

អនុវត្ត៥ក្បាច់នេះ ដើរលេងឆ្លងឆ្នាំអស់លុយតិច ដឹងសប្បាយកប់ជាមួយសង្សារ មិត្តភក្តិ

  • 2018-12-03 05:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មាន​ពិធីបុណ្យ​ទាន​ម្ដងៗ ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​និយម​ដើរ​កម្សាន្ត​ទៅ​ទី​ជិត ឬ ឆ្ងាយ ទៅតាម​ធនធាន និង​ពេលវេលា។ ​ដំណាច់​ឆ្នាំ​២០១៨​ ចូល​២០១៩ កំពុង​រំកិល​ជិត​មកដល់​ ក្រៅពី​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ជួបជុំ​គ្រួសារ​បងប្អូន​ញាតិមិត្ត តើ​ប្រិយមិត្ត​មាន​គម្រោង​ដើរ​កម្សាន្ត​ទៅ​ទីណា​ខ្លះ? ចង់​ដឹង​អត់ ដើរលេង​យ៉ាងម៉េច​ឲ្យ​សប្បាយ ហើយ​អស់​លុយ​តិច? តទៅ​នេះ​ជា​បទ​ពិសោធន៍​ លោក ​ផង់ ​វិចិត្រ​ ដែល​ធ្លាប់​ដឹក​នាំ​មិត្ត​ភក្តិ​ប្រមាណ ៤ -៥នាក់​ទៅ​កម្សាន្ត​ខេត្ត​កំពត​ បាន​ចែក​រំលែក​ដូច​ខាង​ក្រោម​៖​​​​

​១. ​ចូល​លុយ​ដើរ​លេង​ជុំ​គ្នា​

​លោក វិចិត្រ​ បញ្ជាក់​ចំណុច​ដំបូង​គេ​ថា ​ដើរលេង​ចំណេញ គឺ​ត្រូវ​ដើរ​ជា​ក្រុម។ វិធី​សាស្ត្រ​មួយ​នេះ ​គេ​និយម​ធ្វើ​​ច្រើន​​ ព្រោះ​ការ​ចូល​លុយ​គ្នា​ដើរ​លេង​ម្នាក់​បន្តិចៗ​ អាច​ជួយ​ឲ្យ​ដំណើរ​កម្សាន្ត​​កាន់​តែ​រីករាយ​ និង​បបូរ​ហូរហៀរ។ ​ប៉ុន្តែ​ចំណុច​​នេះ​ ត្រូវ​ការ​អ្នក​រៀប​​ចំណាយ​ទុក​មុន​ ការពារ​ចាយ​លើស​ ឬ​ចាយ​វាយ​ច្របូក​ច្របល់​ដោយ​មិន​ដឹង​ខ្លួន។ ​ផែន​ការ​ចំណាយ​​គួរ​គិត​ទុក​មុន​ដែល​សំខាន់​មាន​ដូច​ជា៖ មធ្យោបាយ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ អាហារ​ និង​ភេសជ្ជៈ។ ​​

​​​​​​​​​​​ រូបតំណាង ​ ​​២. ​រក​កន្លែង​ស្នាក់​នៅ​បាន​ច្រើន​គ្នា​

​ ​ចំណុច​នេះ​ លោក​វិចិត្រ​ បាន​ប្រាប់​ថា​ ការ​ស្នាក់​នៅ​​ដែល​អាច​គេង​បាន​ច្រើន​គ្នា​គឺ​ចំណេញ​ថវិកា​ និង​សប្បាយ​រីករាយ​។ ​លោក​អ្នក​អាច​ស្វែង​រក​លើ​បណ្ដាញ​សង្គម​ ជាពិសេស​ហ្វេសប៊ុក​មិន​ខ្វះ​ទេ ​ផ្ទះ​សំណាក់​ ផ្ទះ​ស្នាក់​នៅ​​ប្រជាជន ​ផ្ទះសំណាក់​ដម​ (​មាន​គ្រែ​ច្រើន​)។ ​​​​​​​

៣. វេច​អាហារ​

អាហារ​គឺ​ខ្វះ​មិនបាន​ឡើយ។​ ដូច​បាន​ដឹង​ស្រាប់​ តំបន់​ទេសចរណ៍​តម្លៃ​អាហារ​អាច​ថ្លៃ​ជាង​តំបន់​ធម្មតា។ ហេតុ​ដូចនេះ លោក​អ្នក​គួរ​ប្រមូល​លុយ​គ្នា​ឲ្យ​ហើយ​ បែង​ចែក​ចំណាយ​សម្រាប់​ម្ហូប​អាហារ​ដែល​យើង​ចូល​ចិត្ត ​អាច​ទិញ​ពី​ផ្សារ​ទុក​​​ជា​មុន​ ប៉ុន្តែ​ដើម្បី​រក្សា​​អាហារ​ទុក​បាន​យូរ ​និង​ស្រស់ ​គួរ​មាន​ធុង​ទឹក​កក​ទៅ​ជាមួយ​ផង​។​​​​

៤. ​រក​កន្លែង​ញាំ​មិន​គិត​ថ្លៃ

ជា​បទពិសោធន៍​ផ្ទាល់​របស់​យុវជន​ដឹក​នាំ​ក្រុម​ដើរ​លេង​ឲ្យ​ដឹង​ថា ​គម្រោង​ដើរ​លេង​គួរ​តែ​ត្រៀម​កន្ទេល​ កម្រាល​អង្គុយ​ ជា​ដើម​ អ្នក​អាច​​រក​កន្លែង​ណា​​ក្រាល​អង្គុយ​មិន​អស់​លុយ​​ ដូចជា​ក្រោម​ដើមឈើ លើ​វាល​ទំនេរ​មាន​ខ្យល់​អាកាស​ល្អ។ ​​​​​

៥. មាន​ឧបករណ៍​បង្កើត​បរិយាកាស​សប្បាយ​ៗ

​ ដើម្បី​បង្ក​បរិយាកាស​ឲ្យ​កាន់​តែ​រីក​រាយ គួរ​ណាស់​តែ​មាន​របស់​លេង​ ឧបករណ៍​តន្ត្រី​ទៅ​ជាមួយ​ផង​ដែរ​។ ប៉ុន្តែ​បើ​មាន​ឧបករណ៍​ គ្មាន​អ្នក​ចូលរួម​ ក៏​មិន​សប្បាយ ហេតុ​ដូចនេះ មាន​គ្នា​ច្រើន​អាច​ជួយ​រំលែក​ការ​ចំណាយ មាន​សុវត្ថិភាព អាច​ថតរូប​ជុំ​គ្នា ឬ លេងល្បែង​កម្សាន្ត​ផ្សេង ។ ​​​​ ប្រិយមិត្ត​យល់ស្រប​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ​ទេ? ហើយ​ឆ្លង​ឆ្នាំ​​ខាងមុខនេះ​ មាន​គម្រោង​ដើរ​កម្សាន្ត​ទីណា​ខ្លះ?

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់