• 2018-12-04 01:41:27
  • សុខភាព

កូន​ក្តៅ​ខ្លួនខ្លាំង ដាក់​ថ្នាំមិនត្រូវ ប្រញាប់​យកទៅពេទ្យ ក្រែង​កើត​ជំងឺ​មួយ​នេះ​

  • 2018-12-04 01:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​ថា​នៅ​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូនេះ​មានកើន​ឡើងករណី​ជំងឺ​គ្រុន​ឈាម​​លើ​កុមារ និង​មនុស្ស​ចាស់​ដោយ​ថា​ជា​ខួប​កើន​ឡើង​នៃ​ជំងឺ​មួយ​នេះ​​ក្នុង​រង្វង់​បួន​ទៅ​ប្រាំ​ឆ្នាំ​ម្តង។​

នៅ​លើ​ទំព័រហ្វេស​ប៊ុក​នាយក​ដ្ឋាន​ប្រ​យុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ ក្រ​សួង​សុខាភិបាល​នៅ​ព្រឹក​នេះ​បាន​សរសេរថាកម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ក្រសួង​សុខាភិបាល​ និង​បណ្តា​មន្ទីរ​សុខាភិបាល​ ខេត្ត​ រាជធានី​បាន​ចាត់​វិធាន​ការ​បាញ់​ថ្នាំសម្លាប់​មូសខ្លា និង​បើកយុទ្ធនាការ​ដាក់​ថ្នាំ​អាបែត​បន្ថែម ​និង​អប់​រំសុខ​ភាព​​ដល់​ប្រ​ជា​ពល​រដ្ឋ។​

ប្រ​ភព​ដដែល​បន្តថា​​«ដើម្បី​បង្ការ​កុំ​ឲ្យ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ក្នុង​តំបន់​បង​ប្អូន​ សូម​បង​ប្អូន​ចូល​រួម​ទាំង​អស់​ក្នុង​ការ​បំបាត់​ជំរ​ក​ដង្កូវទឹក ​ក្នុងផ្ទះ ​ជុំវិញផ្ទះ​បងប្អូន ​ទីសាធារណៈ​នានា និង​ក្នុង​អាង​ស្តុកទឹក​​នៅ​ក្នុង​វត្តអារាម​ ការពារ​កូន​កុំឲ្យ​មូសខាំ​ដោយ​ពាក់​ខោអាវ​គ្រប​ជិត​ខ្លួន​កូន​ ពាក់​ស្រោម​ជើង​​ គេង​ក្នុង​មុង​ជានិច្ច​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់»។

ប្រ​ភព​ខាង​លើ​បញ្ជាក់​ថាអាណាព្យាបាលត្រូវ​​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់​បើ​ឃើញ​កូន​ក្តៅ​ខ្លួន​ខ្លាំង​ផ្តល់​ថ្នាំ​មិន​ចុះ​កម្ដៅ​ ឬសង្ស័យ​ថាមានជំងឺ​គ្រុនឈាម ​។ រោគសញ្ញាជំងឺ​គ្រុនឈាម​រួមមាន​ គ្រុនក្តៅ ខ្លាំង​ ឈឺក្បាល ឈឺក្រោយ​រង្វង់ភ្នែក ឈឺពោះ ក្អួត​ និង​ករណីខ្លះ​មាន​កន្ទួល​ក្រហម​លើស្បែក​ ឬ​សញ្ញា​ហូរឈាម ជា​ដើម។ ប្រ​ភព​ដដែល​បន្ត។​

​សម្រាប់​ករណី​ឃើញ​មាន​ជំងឺ​គ្រុន​ក្តៅ​កើត​ច្រើន​ខុស​ធម្មតា​ក្នុងភូមិ ​ឬ​ក្នុងមូលដ្ឋានរបស់​ខ្លួន​​ប្រ​ភព​ខាង​លើ​ថា​ប្រ​ជា​ពល​រដ្ឋ​អាច​ទាក់​ទង​លេខទូរសព្ទ​ ១១៥ ដោយ​មិនគិត​ថ្លៃ​គ្រប់​ប្រ​ព័ន្ធ​ដោយ​ថា​ដើម្បី​ឲ្យ​មន្ត្រី​​ជំនាញ​ចុះ​ឆ្លើយ​តប​ជា​បន្ទាប់៕

អត្ថបទ៖ ទូច សុខា

មតិយោបល់