• 2018-12-04 09:45:18
  • ការអប់រំ

សូមប្រយ័ត្ន! មកដឹងទម្លាប់អាក្រក់ទាំង៥យ៉ាង ធ្វើឲ្យមនុស្សកាន់តែក្រ

  • 2018-12-04 09:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ថា​ក្រ​គ្មាន​នរណា​ម្នាក់​ចង់​ជួប ចង់​ឮ​ ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ដែល​អាច​ជម្នះ​ភាព​ក្រ​បាន​គឺ​ជា​មនុស្ស​ជោគជ័យ​បំផុត​។ ពាក្យ​ក្រ​មិន​មែន​សំដៅ​ទៅ​លើ​តែ​ជន​ក្រី​ក្រ​ខ្វះ​ទី​ពឹង​នោះ​ទេ ប៉ុន្តែ​ពាក្យ​ក្រ​នេះ​គឺ​សំដៅ​ទៅ​លើ​ភាព​ខ្វះ​ខាត​ មិន​អាច​បំពេញ​តម្រូវ​ការ​ ឱ្យ​បាន​គ្រប់​គ្រាន់ ដែល​មនុស្ស​ចង់​បាន។

១. មិន​ហ៊ាន​ប្រឈម​ជាមួយ​ហានិភ័យ

ភាព​ខ្លាច​ ភាព​រុញរា​សុទ្ធ​តែ​ជា​កត្តា​រាំង​ស្ទះ​នូវ​អ្វី​ដែល​បាន​គិត​ ដែល​ចង់​ធ្វើ​។ ហើយ​មូល​ហេតុ​ដែល​បង្ក​ឱ្យ​មនុស្ស​មួយ​ចំនួន​តែង​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ មិន​ថា​ការ​រៀន ធ្វើការ រកស៊ី នោះ​ទេ គឺ​បណ្ដាល​មក​ពី​ធ្វើ​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​សង្គម​។ មួយ​វិញ​ទៀត​អាច​បណ្ដាល​មក​ពី​កត្តា​គ្រួសារ ​ខ្វះ​អ្នក​ជំរុញ​លើក​ទឹក​ចិត្ត និង​កត្តា​ខ្លួន​ឯង​ដែល​គ្មាន​បំណង​បណ្ដុះ​ខ្លួន​ឱ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ គឺ​បណ្ដែត​បណ្ដោយ​តាម​យថាកម្ម​។

២. សុំ​ត្រឹម​តែ​មួយ​រស់ៗ

មនុស្ស​គ្មាន​មហិច្ឆតា​ពេក​ ក៏​មិន​កើត​ដែរ ត្រូវ​ចេះ​ចង់​មាន​ចង់​បាន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ តែង​និយាយ​ថា សុំ​តែ​ម៉ា​រស់​បាន​ហើយ ដូច្នេះ​ទើប​គ្មាន​ការ​ខិតខំ​ប្រឹង​ប្រែង​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​។ ដូចនេះ​ប្រសិន​បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ ដំបូង​ត្រូវ​មាន​ ក្ដី​ប្រាថ្នា ក្ដី​ស្រមៃ​សិន ថា​ចង់​បាន​អ្វី​ ចង់​ក្លាយ​ជា​អ្វី​? ទើប​អាច​ធ្វើ​ឱ្យ​មាន​ការ​តស៊ូ​ព្យាយាម​សម្រេច​នូវ​អ្វី​ដែល​យើង​ចង់​បាន​។ ប៉ុន្តែ​ប្រសិន​បើ ​គ្មាន​មហិច្ឆតា​នោះ​ក៏​គ្មាន​ការ​រីក​ចម្រើន មិន​ងាយ​ងើប​ផុត​ពី​ភាព​ក្រ​បាន​ដែរ។​

រូបតំណាង

៣. គោលដៅ​មិន​ទៀង​ទាត់

​នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា គោល​ដៅ​ក្នុង​ជីវិត​ដែល​កំណត់​មិន​ប្រាកដ​ប្រជា ម្ដង​ចង់​ធ្វើ​នេះ​ម្ដង​ចង់​នោះ។ នៅ​ពេល​ដែល​សាកល្បង​ធ្វើ​រឿង​អ្វី​មួយ​បរាជ័យ​ក៏​បោះ​បង់​ការ​ព្យាយាម ហើយ​ស្រវា ទៅ​ចាប់​មួយ​ទៀត ដោយ​មិន​បាន​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​ឱ្យ​ដល់​ទី​បំផុត​។ ដូច្នេះ​គោល​ដៅ​មុន​នឹង​កំណត់​ត្រូវ​វិភាគ​មើល​លើ​ស្ថានភាព​ខ្លួន​ឯង និង​កត្តា​ជុំវិញ​ខ្លួន តើ​អាច​ទៅ​មុខ​រួច​ទេ? ហើយ​ត្រូវ​បំពេញ​នូវ​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ​ទើប​អាច​ទៅ​ដល់​គោល​ដៅ​នោះ​។​

៤. ខ្វះ​ទំនាក់ទំនង

​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន ជាពិសេស​ជាមួយ​បុគ្គល​ជោគជ័យ ដើម្បី​រៀន​សូត្រ​ពី​គេ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ហាក់​ខ្វះ​ទំនាក់ទំនង ជា​កត្តា​ធ្វើ​ឱ្យ​ខ្វះ​ព័ត៌មាន មិន​សូវ​មាន​ឱកាស។ ការ​បង្កើន​ទំនាក់ទំនង​ឱ្យ​ច្រើន​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត ប៉ុន្តែ​ទំនាក់ទំនង​នោះ​ត្រូវ​តែ​ជា​ទំនាក់ទំនង​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​។

រូបតំណាង

៥. តាំង​ខ្លួន​ធ្វើ​ជា​អ្នក​មានទាំងមិនមានលទ្ធភាពគ្រប់គ្រាន់

មាន​លទ្ធភាព​ចូល​ហាង​ទំនើប​រាល់​ថ្ងៃ មាន​សមត្ថភាព​ទិញ​របស់​ថ្លៃ​ប្រើ​តាម​ចិត្ត​ចង់​ តាម​កម្រិត​ប្រាក់​ខែ តែ​បាន​ត្រឹម​មួយ​គ្រប់​ៗ ហើយ​ចុង​ខែ​គ្មាន​លុយ​សល់​ គេ​មិន​ហៅ​អ្នក​ធូរធារ​ឡើយ គឺ​ហៅ​ថា​មនុស្ស​ចាយ​មិន​ចេះ​ប្រមាណ​ខ្លួន​ទៅ​វិញ​ទេ។ អ្វី​ដែល​គួរ​ធ្វើ គួរ​តែ​ទុក​លុយ​សម្រាប់​ការ​ចំណាយ​លើ​អាហារ​ថ្លៃៗ និង​របស់​ថ្លៃ​ៗ​ទាំង​នោះ មក​ជា​ប្រាក់​សម្រាប់​សន្សំ​ ហើយ​គួរ​ងាក​មក​ប្រើ​របស់​ណា អាហារ​ណា​ដែល​សមរម្យ​វិញ​ទើប​ជា​ការ​ប្រសើរ។ ប្រសិន​បើ​ចំណាយ​ទៅ​តាម​ទឹក​លុយ​ដែល​មាន​នៅ​ក្នុង​ដៃ ទោះ​អ្នក​ធ្វើ​ការ​រាប់​ឆ្នាំ​ទៀត​ក៏​មិន​សល់​លុយ​ផង។

សូមបញ្ជាក់ថា ៥ចំណុចខាងលើនេះ គឺជាការចែករំលែកបទពិសោធន៍ពី ​លោក ហេង តារារ័ត្ន សាស្ត្រាចារ្យសេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​ឯកជន​មួយ បាន​ប្រាប់​ពី​​ទម្លាប់​អាក្រក់​ៗ​ មួយ​ចំនួន​ដែល​ធ្វើ​អោយ​ក្រ​ហើយ​កាន់​តែ​ក្រ​ថែម​ទៀត៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់