• 2018-12-05 09:50:26
  • ការអប់រំ

ហេតុផល​មួយ​ចំនួន ដែល​យុវជន​គួរ​តែ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ឲ្យ​បាន​ច្រើន

  • 2018-12-05 09:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​ស្ម័គ្រ​ចិត្ត​ជា​សកម្មភាព​ការងារ​មួយ ដែល​មិន​មាន​គោល​បំណង​ទាញ​យក​ប្រាក់​ចំណូល និង​មាន​គោលដៅ​ជួយ​អង្គភាព និង​សហគមន៍​ណាមួយ​។ ការងារ​ស្ម័គ្រ​ចិត្ត ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ជា​សកល នៅ​ទូទាំង​ពិភពលោក ហើយ​កម្លាំង​ដែល​ចូល​រួម​ច្រើន​ជាង​គេ​ គឺ​ជា​យុវជន​។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា ការងារ​ស្ម័គ្រចិត្ត​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ពី​សំណាក់ រាជរដ្ឋាភិបាល និង​អង្គការ​ជាតិ អន្តរជាតិ​នានា ក្នុង​គោល​បំណង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ជា​សំខាន់​។

ការងារ​ស្ម័គ្រ​ចិត្ត​មាន​គុណសម្បត្តិ​ បី​យ៉ាង ដែល​ពិភពលោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ទី​មួយ គឺ​អភិវឌ្ឍន៍​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន ​រួម​មាន បង្កើន​ជំនាញ​វិជ្ជាជីវៈ បង្កើន​ទំនាក់ទំនង​ក្នុង​សង្គម និង​មាន​ភាព​ក្លាហាន។ ទីពីរ គឺ ជួយ​ដល់​សហគមន៍ ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា ដូច​ជា​បញ្ហា​អនក្ខរកម្ម អនាម័យ សុខាភិបាល កសិកម្ម និង​វប្បធម៌​ជា​ដើម​។ ទី​បី គឺ កសាង​កេរ​ឈ្មោះ​នៅ​ក្នុង​សង្គម កត្តា​នេះ​មាន​សារៈសំខាន់ ដើម្បី​ជួយ​ឲ្យ​យុវជន​មាន​ឱកាស​ទូលំទូលាយ​ក្នុង​វិស័យ​ការងារ​ជាតិ និង​អន្តរជាតិ​។ ឯកឧត្ដម តូច ជឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ថា ការងារ​ស្ម័គ្រ គឺ​ជា​សកលវិទ្យាល័យ​បើក​ចំហ (Opening University) យុវជន​គ្រប់​រូប​អាច​ចូល​រៀន​បាន​គ្រប់​ពេលវេលា គ្រប់​ទី​កន្លែង ដោយ​មិន​បង់​ថ្លៃ ដើម្បី​អភិវឌ្ឍន៍​ខ្លួន និង​មាន​ឱកាស​ជួយ​សង្គម​ដោយ​ផ្ទាល់​។

លោក​ស្រី ផលីន ថាមេស៊ីស (Pauline Tamesis) តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​ថា ឱកាស​ការងារ​នៅ​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ និង​ឯកជន​សម្រាប់​និស្សិត ដែល​ធ្លាប់​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ទូលាយ​ជាង និស្សិត​ដែល​មិន​ធ្លាប់​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត ព្រោះ​ថា ការងារ​ស្ម័គ្រចិត្ត​ឆ្លុះ​បញ្ចាំង​ថា យុវជន​រូប​នោះ​ធ្លាប់​មាន​បទពិសោធន៍​ការងារ មាន​ទំនាក់​ទំនង​ល្អ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការងារ​។

ចំណែក​ឯ​ លោក ហ្គុយលូម សវ៉ាល់ (Guillaume Sauval) មក​ពី​អង្គការ SVO ជា​អង្គការ​ផ្ដល់​សេវាកម្ម​ផ្នែក​ការងារ​ស្ម័គ្រចិត្ត បាន​បង្ហាញ​ពី​បច្ចេកទេស​មួយ​ចំនួន ដើម្បី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​។ យុវជន​ដែល​មិន​ទាន់​មាន​បទពិសោធន៍​លើ​ការងារ​ស្ម័គ្រចិត្ត ពួក​គេ​អាច​បន្សាំ​ខ្លួន​បន្តិច​ម្ដងៗ តាម​សកម្មភាព​ស្ម័គ្រចិត្ត​តូចៗ និង​ខ្លីៗ ឲ្យ​បាន​ច្រើន និង​ស្វែង​រក​ឱកាស​ចូល​រួម​ការងារ​ស្ម័គ្រ​ធំៗ ដែល​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន ដោយ​ទទួល​ការ​ដឹកនាំ បង្ហាត់​បង្ហាញ ពី​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​បទពិសោធន៍​។ មួយ​ទៀត​គឺ​ធ្វើ​ការ​ជាមួយ​ដៃគូ ដែល​មាន​បទពិសោធន៍ មក​ពី​បរទេស ឬ​អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​សហគមន៍​ផ្ទាល់​។ យុវជន​ដែល​មាន​បទពិសោធន៍​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ម្នាក់ គឺ ពុទ្ធ វិបុល​វឌ្ឍនា បាន​ប្រាប់​ថា ការងារ​ស្ម័គ្រចិត្ត ដែល​បាន​ធ្វើ​កន្លង​មក បាន​បង្រៀន​គាត់​ឲ្យ​យល់​ច្រើន​ពី​បញ្ហា​សង្គម ទំហំ​នៃ​តម្រូវការ​សង្គម និង​អ្វី​ដែល​ខ្លួន​គាត់​ផ្ទាល់​អាច​ធ្វើ​បាន​សម្រាប់​សង្គម​។ យុវជន​រូប​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​កម្ពុជា​ចូល​រួម​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព ព្រោះ​វា​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​ដូច​បាន​រៀបរាប់​ខាង​ដើម​។

ត្រលប់​ទៅ​ប្រសាសន៍​ ឯកឧត្ដម តូច ជឿន វិញ​លោក​ថា បញ្ហា​កំពុង​ប្រឈម​នាំ​ឲ្យ​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​នៅ​មាន​កម្រិត​នោះ​មាន​បី​សំខាន់ៗ ទី​មួយ ធនធានមនុស្ស សំដៅ​ដល់​ចំណេះដឹង​ក្នុង​ការងារ​ស្ម័គ្រចិត្ត​។ ទីពីរ​បញ្ហា​ហិរញ្ញវត្ថុ ដែល​ហាក់​ដូច​ជា​នៅ​មិន​ទាន់​សម្បូរ​បែប​នៅ​ឡើយ និង​ទី​បី គឺ​ឱកាស ដែល​សំដៅ​ដល់​ព័ត៌មាន​ផ្សេងៗ ស្ដីពី​ការងារ​ស្ម័គ្រចិត្ត និង​លទ្ធភាព​ចូល​រួម​របស់​យុវជន​។

យ៉ាង​ណា​ក៏ដោយ​ក្នុង​ឆ្នាំ ២០១៨ នេះ យុវជន​ដែល​បាន​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​មាន​ចំនួន​រហូត​ដល់​ជាង ៦ពាន់​នាក់ ដែល​មិន​រាប់​បញ្ចូល​នូវ​សកម្មភាព​ស្ម័គ្រចិត្ត​ខ្លីៗ រាប់​ពាន់​នាក់​ទៀត​នោះ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រប់គ្រង​គម្រោង នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ការងារ​ស្ម័គ្រចិត្ត (UN Volunteer) លោក ឃ្លឺក លីវ (Clark Liu)។ តាម​រយៈ​កិច្ច​សហការ​រវាង UNV និង​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម តូច ជឿន និង លោក Clark សង្ឃឹម​ថា ឆ្នាំ ២០១៩ ខាង​មុខ​នេះ នឹង​មាន​យុវជន​កម្ពុជា​ប្រមាណ​ជា ច្រើន​ជាង ៦ពាន់​នាក់​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ចូល​រួម​ការងារ​ស្ម័គ្រចិត្ត៕

អត្ថបទ៖ ឈិន ធារ៉ាត

មតិយោបល់