• 2018-12-06 03:16:13
  • ការអប់រំ

គូបូតា ចំណាយ​ប្រាក់​ជិត​១សែន​ដុល្លារ ចូលរួម​ការងារ​សង្គម ជួយ​​សិស្សានុសិស្ស ខ្វះខាត​សម្ភារ​សិក្សា

  • 2018-12-06 03:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ​ គឺជា​ឆ្នាំ​ទី​៤ ដែល​ក្រុមហ៊ុន​គូបូតា​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា “Kubota Sharing The Future” ដែល​ក្នុង​ឆ្នាំ​ទី​៤នេះ គូបូតា​បាន​បរិច្ចាគ​កាបូប និង​ សម្ភារ​សិក្សា​សិស្ស​ចំនួន 20 000ឈុត មាន​តម្លៃ​ជាង​៩ម៉ឺន​ដុល្លារ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ស៊ូ អារ៉ាហ្វាត់ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង។

កម្មវិធី​សប្បុរសធម៌​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម ដែល​មាន​បំណង​ជួយ​ដល់​កុមារ​ដែល​ខ្វះខាត​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ជីវិត​កាន់តែ​ប្រសើរ​ឡើង។

  លោក ភីសានុ មីលីនតានុស​ អគ្គនាយក​រង​ទទួល​បន្ទុក​​ផ្នែក​លក់​ និង​សេវា​កម្ម នៃ​ទីស្នាក់​ការ​ធំ​ក្រុមហ៊ុន ស្យ៉ាម គូបូតា ខបភឺរេសិន បាន​មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​ក្រុមហ៊ុន ​ស្យ៉ាមគូបូតា​​ គឺ​មិន​ត្រឹម​តែ​សិក្សា​ស្រាវជ្រាវ​និង អភិវឌ្ឍន៍​បច្ចេកវិទ្យា​គ្រឿង​យន្ត​កសិកម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សន្យា​បន្ត​កម្មវិធី​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​សង្គម​ផងដែរ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គូបូតា​ បាន​បង្កើត​កម្មវិធី “Kubota Sharing The Future” នេះ​អស់​រយៈពេល ៤ឆ្នាំ​ជាប់ៗ​គ្នា ដែល​បាន​ជួយ​ដល់​វិស័យ​អប់រំ និង​យុវជន ជាក់ស្ដែង​គឺ​ការ​បរិច្ចាគ​កាបូប និង​ សម្ភារ​សិក្សា​ដល់​កុមារ​កម្ពុជា ដែល​ខ្វះខាត​ជាច្រើន​ម៉ឺននាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​សប្បុរសធម៌​មួយ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​សម្ភារៈ​សិក្សា​ត្រូវ​បាន​ផ្តល់​ទៅ​ដល់​កុមារ​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់ ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​សិក្សា​របស់​ពួកគេ​បាន​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សំគាល់។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ នៅ​មាន​តំបន់​ជាច្រើន​ទៀត​ ដែល​នៅ​ខ្វះខាត ដូច្នេះ​ហើយ​បាន​ជា គូបូតា​បន្ត​ធ្វើ​កម្មវិធី​នេះ​ក្នុង​ឆ្នាំ​នេះ​ដែល​ជា​ឆ្នាំ​ទី​៤។ កាបូប និង​សម្ភារ​សិក្សា​សិស្ស​ចំនួន ២ម៉ឺន​ឈុត​ត្រូវ​បាន​បរិច្ចាគ ដែល​ផ្តល់​ជូន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​ចំនួន​ ៥ ០០០​ឈុត និង ១៥ ០០០ ​ឈុត​ទៀត​ផ្តល់​ជូន​ភ្នាក់ងារ​ចែកចាយ​គូបូតា ដើម្បី​បរិច្ចាគ​ដល់​កុមារ​ខ្វះ​ខាត​ជាច្រើន​ខេត្ត​ទូទាំង​ប្រទេស។

លោក ភីសានុ មីលីនតានុស​ បាន​បន្ថែម​ទៀត​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្មវិធី “Kubota Sharing The Future” មាន​ទិសដៅ​បរិច្ចាគ​កាបូប និង សម្ភារ​សិក្សា​ ចំនួន ៤៩ ០០០​ឈុត ដែល​ផ្ដល់​ដល់​កម្ពុជា​ចំនួន ២០ ០០០ឈុត ភូមា​ចំនួន ១៦ ០០០ឈុត និង ឡាវ​ចំនួន ១៣ ០០០ ឈុត។ ការ​ផ្ដល់​ជូន​នេះ​តាម​រយៈ​ភ្នាក់ងារ​រដ្ឋាភិបាល និង​ភ្នាក់ងារ​ចែកចាយ​គូបូតា​ក្នុង​ប្រទេស​និមួយៗ ដើម្បី​បរិច្ចាគ​ទៅ​ដល់​កុមារ​ និង​យុវជន​ដែល​កំពុង​ខ្វះខាត។

ចាប់​តាំង​ពី​ក្រុមហ៊ុន​គូបូតា​កម្ពុជា ត្រូវ​បាន​បង្កើត​មក គូបូតា​មិន​ត្រឹម​តែ​រៀប​ចំ​កម្មវិធី​ “Kubota Sharing The Future” នោះ​ទេ តែ​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស​គូបូតា (KUBOTA Technical​ ​Education Center (KTEC) ដែល​ក្រោម​កិច្ច​សហប្រតិបត្តិ​ការណ៍​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង និង សាកល​វិទ្យាល័យ​មាន​ជ័យ ដែល​និង​អាច ឲ្យ​សិស្ស​និស្សិត​សិក្សា​ពី​គ្រឿង​យន្ត​កសិកម្ម​ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​នៅ​ពេល​អនាគត៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់