• 2018-12-14 06:30:00
  • សុខភាព

ជំងឺ១ប្រភេទកើតច្រើនលើកុមារក្រោម២ឆ្នាំ រោគសញ្ញាចេញមកច្រឡំគ្នានឹងរលាកបំពង់ ក

  • 2018-12-14 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ប្រភេទ​ថ្មី​១​ ប្រភេទ​កំពុង​យាយី​សុខភាព​កុមារ​តូច នោះ​គឺ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​។ ជំងឺ​នេះ​តែង​កើត​មាន​ចំពោះ​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​។ ជំងឺ​នេះ ច្រើន​កើត​មាន​ចំពោះ​កុមារ ​នៅ​រដូវ​ធ្លាក់​ខ្យល់ ដែល​អាច​មាន​ ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មិនា។ នេះបើតាមវេជ្ជបណ្ឌិតឯកទេសរោគកុមារ។

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ បាន​បញ្ជាក់​ប្រាប់ ថា វា​បង្ក​ដោយ​មេ​រាគ​ម្យ៉ាង ដែល​មាន​ឈ្មោះ​ថា Virus Respiatoire Syncytiale (VRS) ស្ទើរ​តែ 90%។ វា​ឆ្លង​តាម​ផ្លូវ​ដង្ហើម និង​ការ​ប៉ះ​ទឹក​មាត់ សំបោរ​របស់​អ្នក​ជំងឺ​។

កុមារកើតជំងឺ VRS ប្រភពរូប mamanpourlavie

លោក​វេជ្ជបណ្ឌិត​ បាន​បញ្ជាក់​បន្ថែម​ប្រាប់ Sabay តាម​ទូរសព្ទ​ថា មនុស្ស​ចាស់​ក៏​អាច​ឆ្លង​ក្រោយ​បាន​ប៉ះ​​កុមារ​ឈឺ​ផង​ដែរ​។ មួយ​វិញ​ទៀត កុមារ​ដែល​កើត​ជំងឺ​នេះ ១​ឆ្នាំ​៣​ដង នៅ​មុន​កុមារ​​អាយុ២ឆ្នាំ នឹង​អាច​មាន​ភាគរយ​វិវត្ត​ជំងឺ​ទៅ​ជា​រលាក​ទង​សួត​ធ្ងន់ធ្ងរ ឬ​កើត​ហឺត ដែល​ពិបាក​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​។ ករណី​ខ្លះ ក៏​​អាច​នាំ​គ្រោះថ្នាក់​ដល់​ជីវិត។

កុមារកើតជំងឺ VRS ប្រភពរូប mamanpourlavie

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បានបញ្ជាក់បន្ថែមទៀតតាមរយៈអត្ថបទសុខភាពមួយ ដែលបានចុះផ្សាយថាៈ ជា​ដំបូង​វា​ឲ្យ​កុមារ​មាន​រោគសញ្ញា​ដូចជា: ក្ដៅ​ខ្លួន ហៀរសំបោរ តឹងច្រមុះ ហៀរ​ទឹក​មាត់ ក្អក ឈឺ​សន្លាក់ សាច់ដុំ។ ស្ថានភាព​ទូទៅ​កុមារ ដូច​ប្រក្រតី​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ដែល​ឪពុកម្ដាយ សូម្បី​តែ​ពេទ្យខ្លះ ​ក៏​គិត​ថា​វា​ជា​ជំងឺ​រលាក​បំពង់​ ក​ ធម្មតា​ដែរ។

ដំណាក់​បន្ទាប់​កុមារ​ចាប់​ផ្ដើម​មាន​អាការៈ ហត់​ដង្ហក់ ក្អក​ខ្លាំង និង​ញឹកញាប់​ជាង​មុន ជា​ពិសេស​នៅ​ពេល​យប់។ កុមារ​អស់​កម្លាំង រញ៉ាំរញ៉ូវ មិន​សូវ​បរិភោគ​ ឬ​បៅ​ទឹកដោះ។ ជា​ពិសេស​ម្ដាយ​កត់ សំគាល់​ថា​កុមារ​មាន​សំឡេង​ដូច​ឆ្មា​ស្រមុក​នៅ​ក្នុង​សួត​កុមារ និង​មាន​ស្នាម​ផឺត​ផត​ក្នុង​ទ្រូង​កុមារ។

តំណាងមេរោគ Virus Respiatoire Syncytiale ប្រភពរូប beldico

ចំណែក​ឯ​ករណី​ធ្ងន់ធ្ងរ​ កុមារ​អាច​ស្វាយ បបូរ​មាត់ ឈប់​ដក​ដង្ហើម ប្ដូរ​សម្បុរ​ស្បែក​ស្លាក់​ឈាម​ទៀត​ផង។

ចំពោះ​ការ​ព្យាបាល លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ណែ​នាំ​ថា ​គឺ​ទៅ​តាម​រោគ​សញ្ញា។ គ្រូពេទ្យ​អាច​ប្រើ​ថ្នាំ​ឆ្ពង់​ដើម្បី​បន្ថយ​ការ​ហត់ របស់​កុមារ បន្ថែម​ជាតិ​ទឹក​នៅ​ពេល​កុមារ​មិន​អាច​បរិភោគ​បាន។ ចំពោះ​ថ្នាំ​ផ្សះ​គ្រូ​ពេទ្យ​អាច​ប្រើ​បាន​លុះ​ត្រា​តែ​គាត់​សង្ស័យ ឬ​បូមឈាម​បញ្ជាក់​ថា​មាន​ឆ្លង​បាក់តេរី​បន្ថែម​ទៀត។

កុមារកើតជំងឺ VRS ប្រភពរូប Odysseedubienetre

សូម​បញ្ជាក់​ថា គ្រូ​ពេទ្យ​នឹង​ធ្វើ​ចលនា​សួត​ដើម្បី​យក​ស្លេស​ចេញ ហើយ​កុមារ​មួយ​ចំនួន​ប្រឈម​នឹង​ការ​សម្រាក​នៅ​មន្ទីរ​ពេទ្យ។ ឪពុកម្ដាយ បើ​សង្កេត​ឃើញ​កុមារ​ហត់​ខុស​ប្រក្រតី​សូម​ប្រញាប់​យក​កុមារ​មក​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម