- 2018-12-07 09:27:22
- ការអប់រំ
ឫកពា ៦យ៉ាង ទោះធ្វើការក្រុមហ៊ុនលំដាប់បានប្រាក់ខែខ្ពស់ គង់តែគេដាក់Black List
- 2018-12-07 09:27:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឫកពា ៦យ៉ាង ទោះធ្វើការក្រុមហ៊ុនលំដាប់បានប្រាក់ខែខ្ពស់ គង់តែគេដាក់Black List
ចន្លោះមិនឃើញ
ជីវិតប្រកបអាជីពការងាររបស់បុគ្គលម្នាក់ៗនៅក្នុងសង្គម ត្រូវការអភិវឌ្ឍខ្លួនឲ្យលឿនបំផុតតាមសមត្ថភាពនិងឱកាស។ ទន្ទឹមនឹងនេះ ដើម្បីក្លាយជាបុគ្គលិកឆ្នើមឆាប់ឡើងតំណែង ឬប្រាក់ខែក្នុងក្រុមហ៊ុនមួយ គឺទាមទារឱ្យបុគ្គលិកនោះមានគុណសម្បត្តិច្រើនជាងចំណុចអវិជ្ជមាន។ ខាងក្រោមនេះជាការចែករំលែករបស់លោក ផុន សុវណ្ណដេត ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុនឯកជនផ្នែកព័ត៌មានវិទ្យាមួយកន្លែង ពីកំហុសឆ្គងរបស់បុគ្គលិកក្នុងការបំពេញការងារ។
១. ធ្វើការដើម្បីតែប្រាក់ខែ
លោក ផុន សុវណ្ណដេត លើកឡើងថា បុគ្គលិកខ្លះបំពេញការងារដែលខ្លួនកំពុងតែធ្វើមិនបានធ្វើដោយកើតចេញពីទឹកចិត្តស្រឡាញ់ការងារនោះទេ ពោលគឺបំពេញការងារឱ្យតែរួចប៉ុណ្ណោះ។ បុគ្គលិកបែបនេះ ទោះទៅធ្វើការនៅកន្លែងណាក៏មិនងាយនឹងឡើងតំណែង ឬឡើងប្រាក់ខែឡើយ។ ដើម្បីក្លាយជាបុគ្គលិកល្អគួរធ្វើការងារដោយកើតចេញពីចិត្ត និងខិតខំធ្វើឱ្យបានល្អ ទើបមានលទ្ធផលល្អដូចគ្នា។
២. រង់ចាំការងារមកដល់
អ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យារូបនេះប្រាប់ទៀតថា ត្រង់ចំណុចនេះពិតជាសំខាន់ខ្លាំងណាស់ ក្នុងការបង្ហាញអំពីសក្ដានុពល និងសមត្ថភាពដែលខ្លួនមាន។ ជាបុគ្គលិកឆ្នើមម្នាក់ក្នុងក្រុមហ៊ុន គួរតែស្រវេស្រវាក្នុងការបំពេញការងារដោយខ្លួនឯងខ្លះ មិនមែនចាំតែថ្នាក់លើបង្គាប់នោះទេ ព្រោះពេលខ្លះថ្នាក់លើក៏ចង់ដឹងពីបុគ្គលិកម្នាក់នោះដែរ ថាតើអាចបង្កើតការងារដោយខ្លួនឯងបានដែរទេ? ចំពោះកំហុសឆ្គងរបស់បុគ្គលិកវិញ នៅពេលដែលថ្នាក់លើកំពុងតែមមាញឹកក្នុងការងារ ខ្លួនបែរជាមានពេលអង្គុយលេងទៅវិញ។
៣. មានជំងឺ "តួឯក"
ការអភិវឌ្ឍខ្លួន គឺចៀសមិនផុតពីកំហុស ឬបរាជ័យឡើយ ប៉ុន្តែអ្វីដែលសំខាន់ បើបុគ្គលរូបណាមិនព្រមទទួលស្គាល់កំហុសខ្លួនឯង ហើយថែមទាំងមានអំនួតធ្វើរឿងឆ្គាំឆ្គងដដែលៗ ស្អីក៏ចេះៗ បុគ្គលនោះនឹងក្លាយជាមនុស្សដែលឆ្លងជំងឺដ៏អាក្រក់មួយក្នុងសង្គមការងារដែលគេនិយមហៅថា ជំងឺតួឯក។ ជំងឺប្រភេទនេះជ្រាបទៅនរណាម្នាក់ហើយ នឹងធ្វើឲ្យបុគ្គលរូបនោះឯកា និងគ្មានអ្នកចង់ក្បែរឡើយ។ ប៉ុន្តែយ៉ាងណាក៏នៅមានវិធីរំដោះខ្លួនចេញពីជំងឺនេះផងដែរ។
៤. ឆាប់បាក់ទឹកចិត្ត
ឆាប់បាក់ទឹកចិត្ត គឺជាកំហុសដ៏ធំមួយក្នុងនាមជាបុគ្គលិកកំពុងបំពេញការងារម្នាក់ ដែលបង្ហាញឱ្យឃើញពីភាពទន់ខ្សោយរបស់ខ្លួនទៅកាន់ថ្នាក់លើ។ ជាធម្មតាការងារតែងមានឧបសគ្គ និងជួបផលលំបាកដោយជៀសមិនផុត។ ដូច្នេះហើយប្រសិនបើក្នុងកាលៈទេសៈមួយពេលដែលការងារកំពុងតែជួបបញ្ហា តែបែរជាបាក់ទឹកចិត្ត មិនខិតខំបន្ត នោះហើយជាពេលដែលថ្នាក់លើអាចកាត់សេចក្ដីថា បុគ្គលិកនោះមានលក្ខណៈដូចម្ដេច។
៥. មិនទទួលស្គាល់កំហុស
ក្នុងការបំពេញការងារជៀសមិនផុតពីកំហុស ដែលតែងតែកើតមាន។ ដូច្នេះហើយប្រសិនបើខុសគួរទទួលស្គាល់កំហុសរបស់ខ្លួន មិនមែនឆ្លើយយករួចខ្លួនដោយពុំមានហេតុផលនោះទេ។ ជាបុគ្គលិកល្អម្នាក់នៅពេលធ្វើខុសអ្វីមួយ គួរយកកំហុសនោះទៅសិក្សា ហើយធ្វើការអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើង គឺជារឿងល្អបំផុត។ នេះជាការលើកឡើងបន្ថែមទៀតរបស់លោក ផុន សុវណ្ណដេត។
៦. ធ្វើការតាមអារម្មណ៍
មកដល់ចំណុចនេះ លោក សុវណ្ណដេត ប្រាប់ថា អារម្មណ៍ពីខាងក្រៅ និងម៉ោងបំពេញការងារត្រូវបែងចែកគ្នាឱ្យដាច់ កុំយកមកលាយឡំគ្នាឱ្យសោះ។ បុគ្គលិកដែលមានទម្លាប់មិនល្អនោះ គឺយកអារម្មណ៍ផ្ទាល់ខ្លួនមកបូកបញ្ចូលជាមួយការងារ មានន័យថា ប្រសិនបើអារម្មណ៍ល្អគឺបំពេញការងារដោយធម្មតា ប៉ុន្តែបើមានអារម្មណ៍មិនល្អពីខាងក្រៅបែរជាជះកំហឹងដាក់ការងារធ្វើការខ្ជះខ្ជាយ។ ដូច្នេះបើមានទម្លាប់ធ្វើការបែបនេះ គួរកែប្រែជាបន្ទាន់ ប្រសិនបើចង់ឡើងប្រាក់ខែ ឬឡើងតំណែងក្នុងក្រុមហ៊ុន៕