• 2018-12-09 08:07:31
  • ព័ត៌មាន

ចង់ចំណេញប្រាក់ពីធានារ៉ាប់រង ​ប្រើល្បិចច្រំដែលអស់រយៈពេល៥ឆ្នាំ ត្រូវបែកធ្លាយគ្មានពាក្យតវ៉ា

  • 2018-12-09 08:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម៉ាឡេស៊ី​ម្នាក់​ដែល​បាន​បាត់ iPhone រាល់​ឆ្នាំ​អស់​រយៈ​ពេល​៥​ឆ្នាំ​ ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​បន្ទាប់​ពី​អាជ្ញាធរ​ក្នុង​ស្រុក​បាន​រក​ឃើញ​​​ទង្វើ​ក្លែងបន្លំ​របស់​គាត់។

រូបតំណាង

ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​វ័យ​៣៤​ឆ្នាំ​ម្នាក់​មក​ពី​ទីក្រុង ប៊ូគីត ម៊ែទែជែម (Bukit Mertajam) ក្នុង​ខេត្ត​ផេណាំង ត្រូវ​បាន​រក​ឃើញ​ថា​បាន​រាយការណ៍​ដោយ​​ក្លែង​បន្លំ​ថា​​ iPhone របស់​គាត់​ត្រូវ​បាន​គេ​លួច ដើម្បី​ទាមទារ​ប្រាក់​ធានា​រ៉ាប់រង។

​​យោង​តាម​សារព័ត៌មាន Free Malaysia Today ជន​សង្ស័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​​ប្តឹង​ទៅ​ប៉ូលីស​តាំង​ពី​ឆ្នាំ​២០១៣ ហើយ​​បណ្តឹង​ចុងក្រោយ​ ដែល​​ថា​ iPhone របស់​លោក​ត្រូវ​គេ​ជំរិត​យក​ ធ្វើ​ឲ្យ​​ប៉ូលីស​ចាប់​អារម្មណ៍​ជា​ខ្លាំង ព្រោះ​ថា​​បាត់​ដដែលៗ​អស់​រយៈពេល​៥​ឆ្នាំ។

រូបតំណាង

ជនសង្ស័យ​បាន​ប្តឹង​ប៉ូលីស​ថា iPhone XS Max របស់​លោក​ត្រូវ​បុរស​២​​នាក់​ជិះ​ម៉ូតូ​ស្ទាក់​ធ្វើ​ស៊ី។ ក្នុង​បណ្តឹង​ដដែល​ជនសង្ស័យ​បាន​រៀបរាប់​ទៀត​ថា ពួក​ចោរ​បាន​​ប្លន់​ iPad Pro កុំព្យូទ័រ MacBook Pro និង របស់​មាន​តម្លៃ​ផ្សេងៗ​ទៀត​ក្នុង​កាបូប​របស់​លោក។

​មន្រ្តី​​ប៉ូលីស​បាន​ឲ្យ​ដឹង​ថា​ពួកគេ​មាន​ការ​សង្ស័យ​នៅ​ពេល​ឆែក​​កំណត់ហេតុ​បណ្តឹង​របស់​ជន​សង្ស័យ​ខាង​លើ។ លោក Nik Ros បាន​និយាយ​ថា "នៅ​ពេល​យើង​ឆែក​កំណត់​ហេតុ​ពាក្យ​​ប្តឹង​របស់​គាត់​មាន​គំរូ​ស្រដៀង​គ្នា​ទាំង​អស់ គឺ​បាត់ iPhone”។

របស់របរ​ដែល​បាន​រាយការណ៍​ថា​បាត់

ក្រោយ​ការ​សួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាព​ថា​​លោក​បាន​លក់ iPhone និង កុំព្យូទ័រ MacBook របស់​លោក​នៅ​លើ​វេបសាយ​​ហើយ​រាយការណ៍​ថា​បាត់​ដើម្បី​បាន​ប្រាក់​ធានារ៉ាប់រង​មក​វិញ ហើយ​លោក​បន្ត​ធ្វើ​បែប​នេះ​ហូរហែ​ទៀត។

លោក​និយាយ​ថា iPhnoe XS Max របស់​លោក​លក់​ក្នុង​តម្លៃ ១ ២០៦ ដុល្លារ​ និង MacBook Pro ក្នុង​តម្លៃ ១ ៤៤០ ដុល្លារ៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់