• 2018-12-18 02:42:02
  • ការអប់រំ

អាយុ២៣ឆ្នាំ ធ្វើបាន៧យ៉ាងនេះ មុនឆ្នាំ២០១៩មកដល់ ទុកថាជាមនុស្សអស្ចារ្យបំផុតហើយ

  • 2018-12-18 02:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​១​ឆ្នាំ ស្មើ​នឹង​៣៦៥​ថ្ងៃ ពិត​ជា​លឿន​បំផុត ពេល​ខ្លះ​យើង​សឹង​តែ​ធ្វើ​អ្វី​មិន​ទាន់ នឹង​ពេល​វេលា​ដែល​ដើរ​ឥត​ឈប់​មិន​រង់ចាំ​អ្នក​ណា​ឡើយ។ យើង​តែង​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង ហើយ​តែង​សូរ​ខ្លួន​ឯង​ថា «ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ឆ្នាំ​នេះ»? ប្រសិន​បើ​ត្រឹម​អាយុ​២៣​ឆ្នាំ តែ​អ្នក​បាន​ធ្វើ​រឿង​៧​យ៉ាង​នេះ ចាត់​ទុក​ថា ជាជោគជ័យ​មួយ​កម្រិត​ហើយ។

១. អាច​ប្រឈម​មុខ​ និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង

មាន​បញ្ហា​ជា​ច្រើន​ចូល​មក​ជីវិត តែ​យើង​អាច​ដោះស្រាយ​បាន​ដោយ​រលូន ដោយ​ខ្លួន​ឯង ចេញ​ពី​ការ​គិត​ដ៏​ស៊ី​ជម្រៅ​របស់​ខ្លួន​ឯង។ ខុស​កាល​ពី​មុន​ ពេល​មាន​បញ្ហា​អ្វី​បន្តិច​បន្តួច ក៏​យើង​មាន​អារម្មណ៍​ថា​បញ្ហា​ធំ ហើយ​តែង​តែ​ធុញ​ទ្រាន់​នឹង​ឆ្លង​កាត់ ពេល​ខ្លះ​ទៀត​បញ្ហា​ទាំង​នោះ​បែរ​ជា​ផ្ទេរ​ឲ្យ​ឪពុកម្ដាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ តែ​ពេល​នេះ យើង​អាច​ប្រឈម​វា​ដោយ​ខ្លួន​ឯង មិន​ថា​រឿង​ធំ ឬ​តូច នោះ​ក៏​ចាត់​ទុក​ថា យើង​មាន​ទុន​ដ៏​ល្អ​ដើម្បី​បន្ត​ជីវិត​ដ៏​វែង​ឆ្ងាយ​ទៀត។

រូបតំណាង

២. អាច​ថ្លឹង​ថ្លែង​រឿង​ណា​ដែល​មាន​ប្រយោជន៍​គួរ​តែ​គិត និង​រឿង​ណា​ដែល​គួរ​គ្រវាត់​ចោល

ពេល​ខ្លះ​រឿង​មួយ​ចំនួន បាន​ចូល​មក​ជីវិត​យើង វា​អាច​ជា​រឿង​ល្អ និង​ខ្លះ​ទៀត ជា​រឿង​ដែល​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ តែ​យើង​បែរ​ជា​ចំណាយ​ពេល​គិត​ជាមួយ​រឿង​នោះ។ ចូល​ដល់​វ័យ​ប៉ុន​នេះ បើ​យើង​ចេះ​ថ្លឹងថ្លែង​ រាល់​រឿង​រ៉ាវ​ដែល​ចូល​មក​ក្នុង​ខួរ​ក្បាល នោះ​យើង​អាច​រំដោះ​បញ្ហា​ជា​ច្រើន​ដែល​មក​ជីវិត។

ដូច​បញ្ហា​ស្នេហា ដែល​មនុស្ស​ក្នុង​វ័យ​នេះ កំពុង​ចាត់​ទុក​ថា វា​ជា​បញ្ហា​ធំ​ក្នុង​ជីវិត ហើយ​តែង​តែ​ឈឺ​ចាប់​ព្រោះ​តែ​រឿង​នេះ តែ​ចំពោះ​យើង អាច​ជៀស​ផុត​ពី​រឿង​នេះ ដោយ​បង្វែរ​ការ​គិត និង​ផ្ដោត​លើ​អ្វី​ផ្សេង​ដែល​មាន​ប្រយោជន៍​ជាង​នេះ គឺ​ចាត់​ទុក​ថា ជា​ភាព​ចាស់​ទុំ​មួយ​ក្នុង​ខ្លួន​ក្នុង​ជីវិត ហើយ​ទៅ​ថ្ងៃ​មុខ​ភាព​ចាស់​ទុំ​នេះ នាំ​យើង​ទៅ​រក​អនាគត​ដ៏​ល្អ។

៣. អាច​ទិញ​អ្វី​ដែល​ជា​ញើស​ឈាម​ខ្លួន​ឯង

វា​អាច​មិន​មែន​ជា​រឿង​ធំដុំ សម្រាប់​អ្នក​មាន តែ​វា​ពិត​ជា​មាន​តម្លៃ​សម្រាប់​អ្នក​ដែល​ខំ​ប្រឹងប្រែង​ រហូត​បាន​អ្វី​ដែល​យើង​ចង់​បាន។ មិន​ថា​របស់​នោះ មាន​តម្លៃ​ប៉ុណ្ណា យើង​ត្រូវ​រីករាយ​នឹង​មាន​វា ព្រោះ​ថា​មិន​ប្រាកដ អ្នក​ដែល​មាន​វ័យ​ស្របាល​យើង អាច​ធ្វើ​បាន​នោះ​ទេ។ ត្រូវ​ដឹង​ថា របស់​មួយ យើង​បាន​តាំង​ចិត្ត និង​ដាក់​គោល​ដៅ យក​វា​ឲ្យ​បាន បើ​យើង​អាច​បាន​វា​មក​ ដោយ​កម្លាំង​ញើស​ឈាម​ខ្លួន​ឯង នោះ​ជា​ជោគជ័យ​មួយ ព្រោះ​ទៅ​ថ្ងៃមុខ​បើ​យើង​មាន​ការ​តាំង​ចិត្ត និង​ដាក់​គោលដៅ​ ធ្វើ​អ្វី​ផ្សេង​ដោយ​ច្បាស់​លាស់​ បែប​នេះ​រហូត នោះ​ភាព​បរាជ័យ មិន​ដែល​រត់​មក​រក​យើង​ឡើយ។

រូបតំណាង

៤. ឡើង​តំណែង និង​ប្រាក់​ខែ​នៅ​កន្លែង​ការងារ

បើ​ក្រឡេក​មក​មើល​ការងារ​ក្នុង​ឆ្នាំ​នេះ អ្នក​បាន​សាង​ស្នាដៃ​ល្អៗ​ជា​ច្រើន​ ធ្វើ​ឲ្យ​អ្នក​ថ្នាក់​ដឹកនាំ​សប្បាយ​ចិត្ត ហើយ​រីករាយ​នឹង​ដំឡើង​តំណែង និង​ប្រាក់​ខែ​។ ដូច្នេះ​អ្នក​គួរ​តែ​សប្បាយ​ចិត្ត និង​មាន​មោទនភាព​លើ​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​បាន​បំពេញ​កន្លង​មក។

៥.​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ដែល​ខ្លួន​ឯង​ប្រាថ្នា​តាំង​ពី​តូច

កាល​ពី​តូច​ធ្លាប់​មាន​ក្ដី​ស្រមៃ​ដើរ​លេង​កន្លែង​ឆ្ងាយៗ ឫ​ទៅ​កាន់​តំបន់​ទេសចរណ៍​ណា​មួយ ដោយ​ខ្លួន​ឯង​ទេ? បើ​ក្នុង​ឆ្នាំ​នេះ អ្នក​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ច្រើន​កន្លែង​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ចាយ​លុយ​គ្រួសារ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​សម្រេច​បាន​ក្នុង​ជីវិត។ ចំណុច​នេះ​អាច​ជា​រឿង​តូចតាច​សម្រាប់​អ្នក​មាន តែ​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​អ្នក​ដែល​ប្រឹងប្រែង​រក​លុយ​ដោយ​សមត្ថភាព និង​អាច​ទៅ​កាន់​កន្លែង​ទាំង​នោះ​ដូច​បំណង។

រូបតំណាង

៦.  ក្លាយ​ជា​មនុស្ស​គួរ​ជា​ទី​រាប់​អាន​ពី​អ្នក​ជុំវិញ​ខ្លួន

ទៅ​ដល់​ទី​ណា​ក៏​មាន​អ្នក​ស្រឡាញ់​រាប់​អាន ចូលចិត្ត ក៏​ចាត់​ទុក​ជា​ភាព​ជោគជ័យ​ដែរ។ ចំណុច​នេះ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ល្អ ចេះ​បត់បែន​គ្រប់​កាលៈទេសៈ អាច​សម្រប​ខ្លួន​គ្រប់​ជាមួយ​ប្រភេទ​មនុស្ស មិន​មាន​សត្រូវ មាន​តែ​មិត្ត។ ដូច្នេះ​ទៅ​ថ្ងៃ​មុខ មិន​ថា​មាន​រឿង​អ្វី​ក៏​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ចាំ​លើក​ទឹក​ចិត្ត​ដែរ។

រូបតំណាង

៧. អាច​កំណត់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​នៅ​អនាគត

ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ បើ​អ្នក​ដឹង​ពី​អ្វី​ដែល​គោល​បំណង​ពិត​ប្រាកដ​របស់​អ្នក ហើយ​បើ​បាន​រៀប​ចំ​ផែន​ការ ដើម្បី​សម្រេច​ឲ្យ​បាន គឺ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ តើ​អ្នក​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ឯង​សម្រាប់​ឆ្នាំ​ថ្មី​ឫ? បើ​មិន​ទាន់​ទេ សូម​គិត​ពិចារណា​ឡើង​វិញ៕

អត្ថបទ៖ រាជ

មតិយោបល់