• 2018-12-21 01:47:51
  • ព័ត៌មាន

មែនទែនហើយ! កូរ៉េខាងជើងដាក់លក្ខខណ្ឌមួយវិញឲ្យអាមេរិក បើចង់ឲ្យខ្លួនដកនុយក្លេអ៊ែរ

  • 2018-12-21 01:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ប្រកាស​ថា​ខ្លួន​នឹង​មិន​ដក​នុយក្លេអ៊ែរ​ទេ ប្រសិន​បើ​អាមេរិក​មិន​ព្រម​ដក​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ។

យោង​តាម​សេចក្ដីអធិប្បាយ​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សារព័ត៌មាន​រដ្ឋ Korean Central News Agency ឲ្យ​ដឹង​ថា "អត្ថន័យ​ពិត​នៃ​ការ​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ គឺ​មាន​ន័យ​ថា​ទាល់​តែ​លប់​បំបាត់​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​អាមេរិក​មក​លើ​កូរ៉េខាងជើង ទើប​យើង​ដក​នុយក្លេអ៊ែរ​របស់​យើង​ដែរ។" នេះ​មាន​ន័យ​ថា អាមេរិក​ត្រូវ​បិទ "ឆ័ត្រ​នុយក្លេអ៊ែរ​” របស់​ខ្លួន​ក្នុង​តំបន់ ដែល​ជា​បណ្ដាញ​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ និង​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ឆ្នេរ​សមុទ្រ​កូរ៉េខាងត្បូង និង​ជប៉ុន។

លើស​ពី​នេះ​ទៀត សេចក្ដីអធិប្បាយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កូរ៉េខាងជើង​នឹង​មិន​ប្ដូរ​ជំហរ​របស់​ខ្លួន​លើ​ការ​ដក​នុយក្លេអ៊ែរ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​កិច្ច​ប្រជុំ​កំពូល​កាល​ពី​ខែ​មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី​ក៏​ដោយ។ សេចក្ដី​អធិប្បាយ​ក៏​បាន​ជំទាស់​ថា ការ​ដក​នុយក្លេអ៊ែរ​ដោយ​គ្មាន​ការ​ធានា​សុវត្ថិភាព​ពីក្រុង​វ៉ាស៊ីនតោន​ជាមុន នឹង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្លាយ​ជា​ប្រទេស​គ្មាន​ការ​ការ​ពារ។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ខែ​មិថុនា​រហូត​មក​ទល់​ពេល​នេះ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​នៅ​តែ​ស្ថិត​ក្នុង​ភាព​ជាប់​គាំងក្នុងការចរចាស្តីពី​របៀប​ដែល​ក្រុងព្យុងយ៉ាងនឹងដកអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕

ប្រភព៖ nytimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់