• 2018-12-29 07:41:37
  • ព័ត៌មាន

តោះ! ចំណាយ ៥នាទីធ្វើ ៥ជំហានងាយៗនេះដើម្បកំណត់គោលដៅជីវិតខ្លួនឲ្យច្បាស់សម្រាប់ឆ្នាំថ្មី

  • 2018-12-29 07:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ថា «គោល​ដៅ​ជីវិត» មានន័យថា​ជា​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន​បំផុត​ក្នុង​ជីវិត ហើយ​វា​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ជា​ដំណាក់​កាល ព្រោះ​​យើង​មិនអាច​សម្រេច​បាន​រឿង​ជាច្រើន​ក្នុង​ពេល​តែ​មួយ​ឡើយ។ ​គោល​ដៅ​ធំ​មួយ គឺ​ជា​បណ្ដុំ​នៃ​ភាព​ជោគជ័យ​តូច​ៗ​ជាច្រើន។

វា​សំខាន់​ព្រោះ​អ្នក​ដែល​ដឹង​ច្បាស់​ពី​គោល​ដៅ​ខ្លួន​ឯង​ នឹង​អាច​រៀប​ចំ​ខ្លួន​បាន​ល្អ​ដើម្បី​ឈោង​ទៅ​សម្រេច​គោល​ដៅ​នោះ​​ឆាប់​រហ័ស ជាង​អ្នក​ដែល​គ្មាន​គោល​ដៅ​ច្បាស់​លាស់ ឬ​វង្វេងផ្លូវ ដែល​ទី​បំផុត​អាច​នឹង​មិន​សល់​អ្វី​សោះ​ពេល​ខ្លួន​ចាស់​ទៅ​ក៏​មាន​។

(រូបតំណាង)

ដើម្បី​កំណត់​គោល​ដៅ​ជីវិត​ អ្នក​អាច​ចាប់​ផ្តើម​តាម​ជំហាន​ងាយ​ៗទាំង ៥ នេះ ដូច​ជា ​៖

ទី១.សួរ​ខ្លួន​ឯង​ថា អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​បំផុត?

មិន​ថា​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ធ្វើការ និង​តាំង​ពី​​ក្មេង​មក​ អ្វី​ដែល​អ្នក​យល់​ថា​ខ្លួន​ពេញ​ចិត្ត​នឹង​ធ្វើ​បំផុត ធ្វើ​យ៉ាង​ម៉េច​ក៏​មិន​ចេះ​ធុញ និង​នឿយ​ហត់ ហើយ​កិច្ចការ​ទាំង​នោះ​គួរ​តែ​ជា​អ្វី​ដែល​មាន​តម្លៃ និង​មាន​ប្រយោជន៍​ផង​ដែរ។

ទី២.សួរ​ខ្លួន​ឯង​ថា​អ្នក​ជា​អ្នក​ណា?

អ្នក​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ ថា​បច្ចុប្បន្ន​អ្នក​មាន​ចំណុច​ខ្លាំង និង​ខ្សោយ​អ្វី​ខ្លះ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ញប់​ស្ញែង​បំផុត​ និង​ចង់​​ដូច​ម្នាក់​នោះ​ អីចឹង​​​អ្នក​ត្រូវ​រៀន​អ្វី​បន្ថែម​ទៀត​ដើម្បី​ឈាន​ដល់​ចំណុច​នោះ​ដែរ។

ទី៣.អ្នកធ្វើ​ដើម្បី​អ្នកណា?

ក្រៅ​ពី​ដើម្បី​ខ្លួន​ឯង​ទទួល​បាន​សុភមង្គល​ពិត​ប្រាកដ អ្នក​ក៏​គួរ​តែ​មាន​មនុស្ស​សំខាន់​ក្នុង​ជីវិត​ផ្សេង​ទៀត ដើម្បី​ជា​កម្លាំងចិត្ត​ដល់​អ្នក ជម្នះ​ពេល​ជួប​ការ​លំបាក ឧទាហរណ៍​ដូច​ជា​អ្នក​ម្តាយ និង​លោកឪពុក ឬ គូ​ស្នេហ៍​ ដែល​អ្នក​ចង់​ឃើញ​ពួក​គាត់​រីករាយ​ពេល​អ្នក​ជោគជ័យ​ជាដើម។

ទី៤.រៀប​ផែន​ការ​ដើម្បី​សម្រេច​គោល​ដៅ​

បើ​អ្នក​គ្រាន់​តែ​គិត​ហើយ​ទុក​ក្នុង​ចិត្ត​នោះ អ្នក​អាច​នឹង​ភ្លេច​។ គួរ​មាន​សៀវភៅ​កំណត់​ហេតុ​តូច​មួយ កត់​ត្រា​គោល​ដៅ​នោះ​ទុក​ដើម្បី​ឲ្យ​វា​ជាក់លាក់ ហើយព្រៀង​គំនិត និង​សកម្មភាព​ផ្សេងៗ ជា​ចំណុចៗ និង​កំណត់​Timeline ដើម្បី​សម្រេច​គោលដៅ។កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ពេក ធ្វើ​វា​តាម​សម្រួល ​ពេល​ទំនេរ​ក៏​បាន ពេល​ណា​ដែល​នឹក​ឃើញ​ក៏​បាន។

ទី៥.សិក្សា​​ឱកាស

ពេល​អ្នក​ចាប់​កាន់​ប៊ិច​សរសេរ​គោលដៅ និង​គម្រោង​របស់​ខ្លួន​នោះ អ្នក​នឹង​គិត ហើយ​គំនិត​នឹង​កាន់​តែ​បែក​។ ដូច្នេះ​អ្នក​នឹង​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​តម្រូវ​ការ​ផ្សេងៗ​ដែល​អ្នក​ត្រូវ​បំពេញ​ដើម្បី​សម្រេច​គោល​ដៅ។ គួរ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ជីវិត និង​ចំណេះ​ដឹង​ ដែល​អ្នក​អាច​ពិភាក្សា​ ឬ​ប្រឹក្សា​យោបល់​ជាមួយ​បាន ​អាច​ជា​សាស្ត្រាចារ្យ​នៅ​សាលា ឬ រៀម​ច្បង​នៅ​កន្លែង​ធ្វើ​ការ ឬ មិត្ត​ស្និត​ស្នាល​យល់​ចិត្ត​ជាដើម។

មួយ​ថ្ងៃ​គួរ​ចំណាយ​ពេល យ៉ាង​តិច ៥​នាទី ទៅ​១០នាទី រំលឹក​ខ្លួន​ឯង​ពី​ការ​គោល​ដៅ​ជីវិត និង​Update ពី​ការ​សម្រេច​បាន​របស់​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃស្អែក​ត្រូវ​បន្ត​សកម្មភាព​អ្វី​ទៀត​ដើម្បី​ទៅ​ឲ្យ​កាន់​តែ​កៀក​គោលដៅ​ទាំង​នោះ​។ ​កុំ​សម្រុក​ទៅ​មុខ​ខ្លាំង​ពេក ត្រូវ​យល់​កាលៈទេសៈ ចេះ​បត់បែន និង​វិភាគ​ពី​ការ​ប្រថុយ​ប្រថាន​​ដែល​អាច​កើត​មាន​ផង៕​

អត្ថបទទាក់ទង៖

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់