• 2018-12-31 08:17:18
  • ព័ត៌មាន

តន្ត្រី​សប្បុរស​ធម៌​ដើម្បី​កុមារ បំផុស​គំនិត​លើ​ការ​លើ​ក​កម្ពស់​​ការ​ផលិត​សំលៀកបំពាក់​ក្នុង​ស្រុក

  • 2018-12-31 08:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​មួយ​ គ្រោង​បង្កើត​ឡើង​ដើម្បី​បំផុស​គំនិត​សំខាន់​លើ​ការ​ផលិត​សំលៀក​បំពាក់​ក្នុង​ស្រុក ដែល​គំនិត​ផ្ដួចផ្ដើម​នេះ​ធ្វើ​ឡើង​ដោយ KID Project រួម​ជា​មួយ​ដៃគូ​ឧបត្ថម្ភ និង​សហការ​។ កម្មវិធីនេះ គ្រោង​រៀប​ចំ​ នៅ​ថ្ងៃទី ១៣ ខែ​មករា ឆ្នាំ ២០១៩ នៅ​ហាង​កាហ្វេ INSTant​ T Cafe and Restaurent (ផ្លូវ ៤៧)។

នេះ​មិនមែន​ជា​លើក​ទី​១ ឡើយ​ដែល KID Project បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ព្រឹត្តិការណ៍​គោលដៅ​មនុស្ស​ធម៌ ដើម្បី​ជួយ​ដល់​កុមារ, ក្រឡេក​មើល​កាល​ពី​ថ្ងៃ​ទី ​២៧ ខែ​ធ្នូ ឆ្នាំ ២០១៥ កម្មវិធី​ប្រកួត​បាល់ទាត់​សប្បុរសធម៌​ (Football for Kids) របស់​ពួកគេ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ផង​ដែរ។

ប៉ុន្តែ​លើក​នេះ ពួកគេ​ជ្រើសរើស​យក​ប្រធាន​បទ​ថ្មី​មួយ​ដែល​ទាក់ទង​ទៅ​នឹង​សំលៀក​បំពាក់​ជា​ចំណុច​សំខាន់​នៃ​សកម្មភាព។ “ក្នុង​ឱកាស​ថ្មី​នេះ យើង​ជ្រើសរើស​យក​សំលៀក​បំពាក់​ជា​គោល​គំនិត ពី​ព្រោះ​ខ្ញុំ​ចង់​បង្វែរ​ចំណាប់​អារម្មណ៍​ខ្លះ​របស់​យុវជន និង​សាធារណជន​ដើម្បី​ចូលរួម​យក​ចិត្ត​ទុក​ដាក់​និង​លើក​កម្ពស់​តម្លៃ​ផលិតផល​សំលៀក​បំពាក់​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​មុន។ ពួក​យើង​ចាប់​ផ្ដើម​គំនិត​ច្នៃ​ម៉ូដ ដោយខ្លួនឯង និង​ជ្រើសរើស​យក​អ្នក​ផលិត​ក្នុង​ស្រុក​ដើម្បី​ឲ្យ​វា​ចេញ​ជា​រូបរាង​ ហើយ​សង្ឃឹម​នឹង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ខ្នាត​តូច​នា​ថ្ងៃ​ទី ១៣ ខែ​មករា របស់​យើង។ នេះ​ជា​ការ​លើកឡើង​របស់​លោក សៀក វិសាល និស្សិត​កំពុង​បន្ត​ការ​សិក្សា​នៅ​បរទេស និង​ជា​ប្រធាន​គម្រោង KID Project ។

យើង​ប្រើ​ប្រាស់ logo ពណ៌​ផ្កា​ឈូក​ព្រោះ​វា​ជា​តំណាង​នៃ​សេចក្ដី​សង្ឃឹម, ផ្ទៃ​អាវ​ពណ៌​ខ្មៅ​ដែល​ប្រៀប​ដូច​ជា​ភាព​ងងឹត និង​គ្រា​លំបាក នឹង​ទទួល​បាន​ពន្លឺ នៃ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រលាញ់​ជាមួយ KID Project។”  

កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​កុមារ Joint KID Project នឹង​មាន​ការ​ចូលរួម​ពី​កញ្ញា ចិត្ត កញ្ចនា, លោកអ៊ួង សូរយា, លោក Sakada និង​ក្រុម September’s End ដែល​នឹង​ញ៉ាំង​ឲ្យ​បរិយាកាស​កាន់តែ​មាន​ភាព​ទាក់ទាញ និង​សប្បាយ​រីករាយ។ ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូលរួម និង​ការ​លក់​សំលៀក​បំពាក់ ​នឹង​ត្រូវ​យក​ទៅ​បរិច្ចាគ​ជួយ​ដល់​កុមារ​ជា​សិស្សានុសិស្ស​ជួប​ការ​លំបាក​ខ្វះខាត​នៅ​សាលា​បឋម​សិក្សា​ភូមិវាល ខេត្ត សៀមរាប។  

អ្នក​រៀបចំ​កម្មវិធី និង​ជា​ម្ចាស់​គម្រោង​បញ្ជាក់​ថា “ខ្សែ​សង្វាក់​ផលិតកម្ម​សំលៀក​បំពាក់​ក្នុង​ស្រុក​មាន​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​ពី​កម្ពុជា ហើយ​នេះ​គួរ​ត្រូវ​ទទួល​បាន​ការ​ឲ្យ​តម្លៃ។ Joint KID Project ធ្វើ​ឡើង​ដើម្បី​ចូលរួម​លើក​តម្លៃ​សង្គម និង​បញ្ជាក់​ថា​យុវជន​ជំនាន់​ក្រោយ​ក៏​មាន​សមត្ថភាព និង​ការ​តាំង​ចិត្ត​ជំនះ​រាល់​ឧបសគ្គ ដើម្បី​សម្រេច​ក្ដី​សុបិន និង​អ្វី​ដែល​ពួកគេ​ស្រលាញ់​ផងដែរ។ ការ​ចូលរួម​ចំណែក​ក្នុង​សង្គម តាម​រយៈ​ការ​ចែក​រំលែក និង​សកម្មភាព​គោលដៅ​មនុស្សធម៌​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​កាន់​តែ​ច្បាស់​ពី​ខ្លួន​ឯង។“

លោក វិសាល​បន្ថែម​ថា ៖ ”ជា​ចុង​ក្រោយ ខ្ញុំ​សូម​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់ Klassy Watch , instant T cafe , borey derm meas, epic club និង converse Cambodia ជាដៃ​គូ​ឧបត្ថម្ភ ​និង​សហការ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ និង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​សកម្មភាព​របស់ Joint KID Project។ ខ្ញុំ​សង្ឃឹម និង​រំពឺង​ថា​នឹង​សកម្មភាព​នេះ​នឹង​ទទួល​បាន​ការ​ចូលរួម​គាំទ្រ​ច្រើន​ពី​សំណាក់​យុវជន និង​សាធារណជន, ហើយ​ផលិតផល​ក្នុង​ស្រុក​នឹង​ទទួល​បាន​ការ​គាំទ្រ​ទៅ​ថ្ងៃ​អនាគត៕”

អត្ថបទ៖ ដៃគូសហការ

មតិយោបល់