• 2019-01-13 08:00:55
  • ការអប់រំ

ចូលដល់អាយុ២០ឆ្នាំ ល្មមចោលទម្លាប់អត់ប្រយោជន៍ ទាំង៦យ៉ាងនេះ ប្រយ័ត្នអនាគតទាត់ខ្យល់

  • 2019-01-13 08:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ពិត​ជា​ដើរ​លឿន ប្រសិន​បើ​មនុស្ស​ម្នាក់ៗ​មិន​ចេះ​គ្រប់គ្រង និង​ប្រើប្រាស់​ពេល​វេលា​របស់​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ទេ នោះ​ក៏​ធ្វើ​ឲ្យ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ហាក់​អូស​បន្លាយ​កាន់​តែ​យូរ​ទៅៗ។ ត​ទៅ​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ទម្លាប់​មួយ​ចំនួន​របស់​យុវវ័យ ហាក់​គ្មាន​ជះ​ផល​វិជ្ជមាន​ណា​មួយ​សោះ​ដល់​ជីវិត៖

១. យក​បណ្ដាញ​ទំនាក់ទំនង​សង្គម​គ្រាន់​តែ​កម្សាន្ត​អារម្មណ៍

សម័យ​បច្ចេកវិទ្យា យុវវ័យ​ម្នាក់ៗ​មាន​ស្មាត​ហ្វូន សឹង​តែ​គ្រប់​ដៃ តែ​សួរ​ថា​យុវវ័យ​ប៉ុន្មាន​នាក់ ដែល​អាច​ទាញ​ប្រយោជន៍​ពី​ឧបករណ៍​បច្ចេក​វិទ្យា​នេះ​បាន? ពេល​ខ្លះ​លេង​ហ្វេសប៊ុក​បង្ហោះ​តែ​រូប អ្នក​ខ្លះ​ទៀត​យក​មក​ទុក​ឈ្លោះ​គ្នា ខ្លះ​ទៀត​ក៏​ញ៉ែញង​គ្នា។ល។ គួរ​កាត់​បន្ថយ​លើ​ការ​កម្សាន្ត​តាម​រយៈ​ឧបករណ៍​មួយ​នេះ ទៅ​ជា​ការ​ស្រាវជ្រាវ ការ​ទំនាក់ទំនង​ដ៏​ល្អ និង​ទាញ​រក​ប្រភព​ចំណេះ​ដឹង​ឥត​មាន​ព្រំដែន តាម​រយៈ​គេហទំព័រ​ដ៏​សម្បូរ​បែប​នៅ​លើ​ពិភពលោក។

រូបតំណាង

២. ទម្លាប់​ប្រើ​ពាក្យ «ចាំ»

ទម្លាប់​នេះ​គួរ​គ្រវាត់​ទៅ មក​ដល់​វ័យ​នេះ​ហើយ គួរ​ចាប់​ផ្ដើម​រៀន​ធ្វើ​អ្វី​ដែល​គិត​ថា​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង​ឲ្យ​ច្រើនៗ។ ពាក្យ​ «ចាំ» បណ្ដាល​មក​ពី​ភាព​ខ្ជិល​ច្រអូស ហើយ​ភាព​ខ្ជិល​នេះ ធ្វើ​ឲ្យ​ពេល​វេលា​កាន់​តែ​ខ្លី​ទៅៗ។ ប្រសិន​បើ​គិត​ថា​ ចង់​​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ មិន​ថា​កិច្ច​ការ​តូច ឬ​ធំ សូម​កុំ​ប្រើ​ពាក្យ​ចាំ ហើយ​ព្យាយាម​រក​លេស​កុហក​ខ្លួន​ឯង​ឲ្យ​សោះ។

៣. ខ្វល់​ខ្វាយ​លើ​បញ្ហា​ស្នេហា​ច្រើន​ហួសហេតុ

ដល់​វ័យ​២០​ឆ្នាំ មិន​ថា​អ្នក​ណា​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ត្រូវ​ការ​ដៃ​គូ​ស្នេហា។ តែ​សូម​កុំ​ប្រើ​អារម្មណ៍ និង​ពេល​វេលា​ផ្ដោត​លើ​រឿង​នេះ​ខ្លាំង​ហួស​ហេតុ​ពេក រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​ផ្សេង​ដែល​កំពុង​តែ​ធ្វើ។ យុវវ័យ​ខ្លះ​អាច​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​លើស​ប្រមាណ ដែល​ជា​ហេតុ​មាន​អ្នក​ខ្លះ​ឮ​តែ​ខូច​ចិត្ត​បែកបាក់ រហូត​ដល់​លែង​មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ផ្សេង។

រូបតំណាង

៤. ទម្លាប់​អាង​លើ​គ្រួសារ

ទម្លាប់​នេះ អាច​កើត​ឡើង​បាន​តែ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ហាក់​ខ្វះ​ខាត​លើ​ការ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ។ ត្រូវ​ចាំ​ថា មួយ​ជីវិត​នេះ មិន​អាច​រស់​នៅ​ជាមួយ​ឪពុកម្ដាយ បាន​រហូត​នោះ​ទេ ជីវិត​មនុស្ស​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រៀង​ខ្លួន។ ដូច្នេះ​ហើយ ត្រូវ​រៀន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​ខិតខំ​រៀន​សូត្រ ចាប់​យក​ជំនាញ ដើម្បី​អាច​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង និង​បង្កើត​គ្រួសារ​នៅ​ពេល​អនាគត។

រូបតំណាង

៥. ការ​សេពគប់​មនុស្ស​ដែល​ផ្ដល់​ផល​ជា​វិជ្ជមាន​ដល់​ជីវិត

​ការ​សេព​គប់​មិត្ត​ភក្ដិ​ក្នុង​វ័យ​នេះ​គឺ​ត្រូវ​ប្រយ័ត្ន​បំផុត កុំ​ព្យាយាម​សម្លឹង​​រក​តែ​អ្នក​ណា​សម្បូរ​លុយ ចូលចិត្ត​ដើរ​លេង​ពេក ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ទៅ​ថ្ងៃ​អនាគត​ទេ គឺ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ក្នុង​បច្ចុប្បន្ន​ប៉ុណ្ណោះ។

តែ​ផ្ទុយ​មក​វិញ​គួរ​បង្កើត​មិត្តភាព​ជាមួយ​បុគ្គល​ដែល​ផ្ដោត​សំខាន់​លើ​ការ​សិក្សា បុគ្គល​ដែល​មាន​ភាព​ចាស់​ទុំ បុគ្គល​ដែល​តែង​គិត​គូរ​ពី​អនាគត ព្រោះ​អ្នក​ទាំង​នោះ នឹង​នាំ​យើង​ដើរ​ទៅ​រក​ផ្លូវ​ល្អ និង​មាន​អនាគត​ល្អ។ បើ​មាន​មិត្ត​ភក្ដិ​ច្រើន តែ​សុទ្ធ​ជា​អ្នក​គិត​តែ​ពី​រឿង​សប្បាយ រឿង​ដើរ​លេង​ក៏​មិន​បាន​ផល​ប្រយោជន៍​អ្វី​ដែរ។

៦. ចំណាយ​ពេល​លើ​ភាព​សប្បាយ​រីករាយ​ច្រើន​ហួសហេតុ

យុវវ័យ​មួយ​ចំនួន​ធំ​ច្រើន​និយាយ​ថា កុំ​ទៅ​ខ្វល់​ពេក​នៅ​ក្មេង​សោះ​គួរ​តែ​ធ្វើ​រឿង​សប្បាយ​ៗ​ទៅ​។ ដូចនេះ​មានន័យ​ថា យុវវ័យ​មិនមែន​សំដៅ​លើ​អត្ថន័យ​នេះ​ទេ យុវវ័យ​ជា​វ័យ​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ ចេះ​ផ្ដល់​តម្លៃ​ឱ្យ​ពេល​វេលា ប្រមូល​ផ្ដុំ​បទពិសោធន៍​ ការ​សិក្សា​ជាដើម​។ ក៏​ប៉ុន្តែ​មិនមែន​មិន​មាន​ការ​កម្សាន្ត​សុទ្ធ​នោះ​ទេ តែ​ត្រូវ​ឱ្យ​ការ​កម្សាន្ត​សប្បាយ​ត្រឹម​ ២០%​បាន​ហើយ កុំ​១០០%​ភាគរយ​ក្នុង​ភាព​ជា​យុវវ័យ​ជាមួយ​ការ​កម្សាន្ត​សប្បាយ​អី​៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់