• 2019-01-14 03:08:34
  • ចរាចរណ៍

ល្អបំផុត! ស្ពានអាកាស៤ខ្សែទៀត គ្រោងសង់លើផ្លូវជាតិទាំង៤នេះ នៅកម្ពុជា

  • 2019-01-14 03:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៩​ នៅ​ព្រឹក​នេះ សម្ដេច​អគ្គមហាសេនា បតី តេជោ ហ៊ុន សែន បាន​ប្រកាស​ថា នឹង​សាងសង់​ស្ពាន​អាកាស​៤​ខ្សែ​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា។ ដោយ​ស្ពាន​អាកាស​ទាំង​៤​ខ្សែ​នោះ គ្រោង​សាងសង់​នៅ​តាម​ផ្លូវ​ជាតិ​លេខ២,៣,៤ និង​២១ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

រូបភាព៖ Samdech Hun Sen, Cambodian Prime Minister

យ៉ាង​ណា​ក្ដី​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា មិន​ទាន់​បាន​បញ្ជាក់​កាល​បរិច្ឆេទ នៃ​ការ​ចាប់​ផ្ដើម​សាងសង់​នៅ​ឡើយ​នោះ​ទេ។ បច្ចុប្បន្ន​នេះ​ស្ពាន​អាកាស​ចំនួន​៥​ហើយ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ​ដូចជា៖ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស​៥​មករា(សាលាតិចណូ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ពាន​អាកាស​ស្ទឹង​មានជ័យ និង​ស្ពាន​អាកាស​ក្បាល​ថ្នល់។

គួរ​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នេះ​ជា​បណ្ដាញ​ផ្លូវ​ដ៏​សំខាន់​មួយ​ទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្រួល​បញ្ហា​កកស្ទះ ពិសេស​នោះ​បម្រើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​កាន់​តែ​រីកចម្រើន។ បើ​តាម​ប្រភព​ព័ត៌មាន ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នេះ​បាន​ចុះ​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​ចិន ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ២៥៩​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការ​កម្ចី​សម្បទាន​ពី​ប្រទេស​ចិន។

​ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ ប្រវែង ៥២,៩៨ គីឡូម៉ែត្រ​ ចាប់ពី​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ រហូតដល់​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់