• 2019-01-15 09:45:57
  • ការអប់រំ

ជនបរទេសម្នាក់នេះ លក់ទ្រព្យសម្បត្តិអស់ពីខ្លួន មកជួយកុមារកម្ពុជា ១៥ឆ្នាំហើយ

  • 2019-01-15 09:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយ​មិត្ត​ធ្លាប់​បាន​ដឹង​ខ្លះ​ៗ​មក លោក​ ​ស្កុត​នី​សិន​ (Scott Neeson) ​គឺ​​ជា​ស្ថាបនិក​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រឺ​ Cambodian Children's Fund (CCF) ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​ មក​ម្ល៉េះ​។  ​លោក​បាន​លក់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ និង ខិត​ខំ​ស្វែង​រក​ជំនួយ​ពី​សប្បុរស​ជន​នានា​ក្នុង​គោល​ដៅ​​ជួយ​ដល់​កុមារ​កម្ពុជា ​ដែល​រស់​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ឲ្យ​ទទួល​​បាន​ការ​អប់​រំ​ និង ​រស់​នៅ​ក្នុង​ជីវិត​ថ្មី​មួយ​ផ្សេង​ទៀត​។​​

រូបភាព៖ Scott Neeson

លោក ស្កុត​នី​សិន​​​បាន​កើត​នៅ​ក្នុង​​តំបន់​មួយ​នៃ​ប្រទេស​ស្កុត​ឡែន​ ស្ថិត​ក្នុង​ចក្រភព​អង់គ្លេស​ ហើយ​​គ្រួសារ​​របស់​លោក​បាន​​​ផ្លាស់​ទី​​​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​លោក​មាន​​អាយុ​៥​ឆ្នាំ​ម្ល៉េះ​។​ ពេល​​វ័យ​ជំទង់​ ​លោក​បាន​​​​​​​ទៅ​ធ្វើ​ការ​​នៅ​​ក្រុម​ហ៊ុន​ភាព​យន្ត​ រហូត​លោក​អាច​​ក្លាយ​ខ្លួន​​ជា​​​ប្រធាន​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៅ​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត​​ហូលីវ៉ូដ​ (20 Century Fox International)​ ទៀត​ផង​។​

​​អំឡុង​​ឆ្នាំ​ ២០០៣​ គឺ​ជា​ពេល​​ដែល​លោក​​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​ប្រទេស​កម្ពុជា​​។​ លោក​បាន​ទៅ​ខេត្ត​សៀម​រាប​ សារមន្ទីរ​ទួល​ស្លែង​ និង តំបន់​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ​​​។​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​លោក​ចងចាំ​មិន​ភ្លេច​ រហូត​ឈាន​ដល់​ការ​កែប្រែ​ខ្សែ​​ជីវិត​​របស់​លោក​​ទាំង​ស្រុង​នោះ​គឺ​ គ្រា​​មួយ​ ​ដែល​លោក​បាន​ទៅ​ទី​​លាន​ចាក់​សំរាម​នៅ​​តំបន់​ស្ទឹង​មាន​ជ័យ​​ រាជ​ធានី​ភ្នំពេញ​។

រូបភាព៖ Scott Neeson

​ពេល​ទៅ​ដល់​ទី​នោះ​ លោក​មាន​អារម្មណ៍​​សង្វេគ​ជា​ខ្លាំង​​​នៅ​ពេល​ដែល​​ លោក​បាន​ឃើញ​កុមារ​តូច​ៗ​ និង មនុស្ស​​ជា​ច្រើន​រស់​នៅ​​ទី​នោះ​ពោរពេញ​ដោយ​ការ​លំបាក​ ​ខ្វះ​អនាម័យ​ និង រស់​នៅ​​​ក្នុង​បរិស្ថាន​ដ៏​អាក្រក់​​បំផុត​។​ ​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​គិត​ថា​ លោក​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ដល់​ពួក​គេ​។ ហេតុ​​នេះ​ហើយ​ ទើប​នៅ​ឆ្នាំ​ ២០០៤​ លោក​​បាន​សម្រេច​ចិត្ត​​លា​ឈប់​​ពី​ការ​ងារ​​​។​ ​បន្ទាប់​មក​លោក​បាន​លក់​​​ផ្ទះ​ លក់​រថយន្ត​​ លក់​កប៉ាល់​ទេសចរណ៍​ផ្ទាល់​ខ្លួន និង ​ទ្រព្យ​​សម្បត្តិ​មួយ​ចំនួន​​​​ទៀត​ ដើម្បី​យក​លុយ​មក​​​​​បើក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF) ​ជំនួស​វិញ​។​

រូបភាព៖ Scott Neeson

បេសកកម្ម​របស់​លោក​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​អោយ​កុមារ​ទាំង​នោះ​ទទួល​បាន​ការ​អប់​រំ​ក្នុង​កម្រិត​មួយ​ខ្ពស់​ និង ​​​ការ​ជួយ​ដល់​​គ្រួសារ​ក្រីក្រ​របស់​ពួក​គេ​អោយ​មាន​ចំណី​អាហារ​បរិភោគ​ ព្រម​ទាំង​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​​ទៀត​ផង​។ ​ ជា​លទ្ធផល​ ជាង​១៥​ឆ្នាំ​មក​នេះ​ អង្គការ​របស់​លោក​បាន​ជួយ​ដល់​​កុមារ​តាំង​ពី​ ៤៥​ នាក់​ដំបូង​រហូត​ កើន​ឡើង​ដល់​រាប់​ពាន់​នាក់​។​ លើស​ពី​នេះ​ទៀត​ អង្គការ​ក៏​បាន​​​​ជួយ​ដល់​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​​តាម​រយៈ​ការ​សាង​សង់​ផ្ទះរាប់រយខ្នង​ និង ការ​ជួយ​ផ្គត់​ផ្គង់​អាហារ​​​មួយ​ចំនួន​​ផង​ដែរ​។ ហើយ​គម្រោង​​ថ្មី​មួយ​ដែល​លោក​ទើប​តែ​ទទួល​​បាន​ជោគ​ជ័យ​នោះ​ គឺ​ការ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​សាលា​រៀន នីសិន​គ្រីប​អាខាដឺមី​ សម្រាប់​​​បណ្ដុះ​បណ្ដាល​ជំនាញ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា ​វិស្វកម្ម​ និង គណិតវិទ្យា​​ដល់​កុមារ​​ក្រី​ក្រ​រស់​នៅ​​លើ​គំនរ​សំរាម​​ទាំង​នោះ៕ ​​​​​​​​​​​​

រូបភាព៖ Scott Neeson

អត្ថបទ៖ ចន្ថា

មតិយោបល់