• 2019-01-18 02:23:00
  • ព័ត៌មាន

គួរឲ្យរន្ធត់! បំផ្ទុះគ្រាប់បែកក្នុងរថយន្ដ សម្លាប់មនុស្សយ៉ាងតិច១០នាក់នៅរដ្ឋធានីកូឡុំប៊ី (មានវីដេអូ)

  • 2019-01-18 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ដ​មួយ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១០​នាក់​និង ៥៤​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​​រដ្ឋធានី Bogota ប្រទេស​កូឡុំប៊ី។

យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ខាង​ក្រៅ​សាលា​ប៉ូលិស​មួយ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​ខែ​មករា​នេះ​វេលា​ម៉ោង ៩:៣០​នាទី​ម៉ោង​ក្នុង​តំបន់។ មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ដ Nissan Patrol មួយគ្រឿង​ពណ៌​ប្រផេះ បាន​បើក​ចូល​ទៅ​ក្នុង​បរិវេណ​សាលា General Santander ដែល​កំពុង​ប្រារព្ធ​ពិធី​ដំឡើង​តំណែង​សម្រាប់​នាយ​ទាហាន។ នៅ​ពេល​ដែល​ឡាន​ត្រូវ​បាន​បញ្ឈប់​ដោយ​អ្នក​ការពារ​ដើម្បី​ត្រួត​ពិនិត្យ បុរស​ជា​អ្នក​បើក​បរ​បែរ​ជា​ជាន់​ហ្គ៊ែរ​បន្ថែម​ទៅ​បុក​ជញ្ជាំង​បណ្ដាល​ឲ្យ​ផ្ទុះ​តែ​ម្ដង។

ការ​ផ្ទុះ​នេះ​មាន​កម្លាំង​ខ្លាំង​ក្លា​ដែល​បណ្ដាល​ឲ្យ​កញ្ចក់​អគារ​ និង​ផ្ទះនៅ​ក្បែរ​ៗ​នោះ​បែក​ទៀត​ផង។ យោង​តាម​ប៉ូលិស​ឈ្មោះ Nestor Humberto Martinez ឲ្យ​ដឹង​ថា រថយន្ដ​នេះ​មាន​ផ្ទុក​រំសេវ​ផ្ទុះ​កម្លាំង​ខ្លាំង​ទម្ងន់ ៨០​គីឡូក្រាម ដែល​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​កាល​ពី​មុន​ដោយ​ទាហាន​កូឡុំប៊ី។ ចំណែក​ឯ​ជន​ល្មើស​ដែល​បាន​បើក​ឡាន​បំផ្ទុះ​នោះ ត្រូវ​កំណត់​អត្តសញ្ញាណ​ថា​ជា​បុរស​វ័យ ៥៧​ឆ្នាំ​ម្នាក់​។

ក្រោយ​កើត​ហេតុ ប្រធានាធិបតី​កូឡុំប៊ី​ Ivan Duque បាន​ហៅ​ទង្វើ​នេះ​ថា​ជា​ភេរវកម្ម​ដ៏​ឆ្កួត​លីលា​បំផុត និង​ប្រកាស​តាម​ចាប់​ជន​ដែល​នៅ​ពី​ក្រោយ​រឿង​នេះ​មក​កាត់​ទោស​តាម​ច្បាប់​ឲ្យ​បាន។ ជាមួយ​គ្នា​ អាជ្ញាធរ​និង​មេដឹក​នាំ​កំពូល​ៗ បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​ភេរកម្ម​នេះ ខណៈ​ដែល​ប្រជាជន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​វា​អាច​នឹង​កើត​ឡើង​ម្ដង​ទៀត៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់