• 2019-01-19 06:45:59
  • សុខភាព

កូន​ស្រី​ក្លាហាន ស្ម័គ្រ​បរិច្ចាគ​ថ្លើម ដើម្បី​ឪពុក​បាន​រស់

  • 2019-01-19 06:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាងYvonne Chan បាន​​សម្រេច​ចិត្តស្ម័គ្រ​បរិច្ចាគ​ថ្លើម ដើម្បី​ឪពុក​បាន​រស់​ទោះ​ជា​ត្រូវ​អាឡោះអាល័យ​ប្តី​ហើយ​និង​កូន​ស្រី​២​នាក់​ក៏​ដោយ។ ​

Yvonne Chan បានបរិច្ចាគថ្លើមរបស់នាងទៅឱ្យឪពុក​នាង​ឈ្មោះ Casey Chan

នៅ​ពេល​ដែល​នាង​ប្រុង​នឹង​ចូល​បន្ទប់​វះកាត់​នៅ​​មន្ទីរពេទ្យ​ National University Hospital (NUH) ប្រទេស​សឹង្ហបុរី ពាក្យ​ចុងក្រោយ​ដែល​ចាន់​បាន​លឺ​គឺ​កូន​ស្រី​អាយុ​៥​ឆ្នាំ​របស់​នាង​និយាយ​ទាំង​ទឹកភ្នែក​ថា "ម៉ាក់ ​សូម​ចេញ​មក​វិញ​ ហើយ​ឃើញ​ខ្ញុំ" ។

អ្នកនាង​ចាន់​ក៏​សម្រក់ទឹកភ្នែក​ដូច​គ្នា ហើយ​កូន​ស្រី​អាយុ​២​ឆ្នាំ​របស់​នាង​ក៏​យំ​​លា​ម៉ាក់។ ប៉ុន្តែ​នាង​ត្រូវ​តែ​តាំង​ចិត្ត​​យ៉ាង​ម៉ឺងម៉ាត់​ថា​ត្រូវ​តែ​វះកាត់​យក​ថ្លើម​ប្តូរ​ឲ្យ​ឪពុក​នាង​ដែល​ត្រូវការ​ថ្លើម​ជា​ចាំបាច់​បើ​ពុំ​ទេ​លោក​នឹង​រស់​មិន​ផុត​១​ឆ្នាំ​ឡើយ។

ឪពុក​នាង​បាន​និយាយ​ថា "ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​​ឲ្យ​ភ្លេច​វា​។ ខ្ញុំ​មិន​ចង់​ឱ្យ​ពួកគេ​ឈឺចាប់​ទេ​ហើយ​អាយុ​របស់​ខ្ញុំ​ក៏​ចាស់​ហើយដែរ។ ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​ថ្លើម​​ពួកគេ តើ​ខ្ញុំ​អាច​រស់​បាន​យូរ​ប៉ុណ្ណា? ១០ ឆ្នាំ? ២០ ឆ្នាំ?”។

ក្រោយ​ពិភាក្សា​ជាមួយ​បង​ប្រុស​២​នាក់ ហើយ​ទី​បំផុត​ក្រោយ​ពិនិត្យ ឃើញ​​ថា​អ្នក​ដែល​សាកសម​បំផុត​ក្នុង​ការ​បរិច្ចាក​ថ្លើម​គឺ​ ចាន់។ នាង​ក៏​យល់​ព្រម​ឲ្យ​ពេទ្យ​ធ្វើការ។

ឪពុក​របស់​ចាន់​បាន​និយាយ​ទៅ​កាន់​កូន​ប្រសារ​ប្រុស កុំ​ឲ្យ​​កូន​ស្រី​របស់​គាត់​វះកាត់​ប្តូរ​ថ្លើម​​អី។ តែ​អ្វី​ៗ​ហួស​ពេល​ទៅ​ហើយ។ ចាន់​ត្រូវ​បាន​រុញ​ចូល​ទៅ​ក្នុង​បន្ទប់​វះកាត់​រួច​ជា​ស្រេច។

ប្រាប់​ Channel NewsAsia នៅ​ថ្ងៃ​នេះ ចាន់​ដែល​ជា​វិស្វករ​វ័យ​៣៥​ឆ្នាំ​បាន​និយាយ​ថា កាល​នោះ​ខែ​កញ្ញា ឆ្នាំ​២០១៧។ "នៅ​ពេល​នោះ​ខ្ញុំ​គិតថា ៖ នេះ​គឺ​សម្រាប់​ឪពុក​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា​មាន​អ្វី​ផ្សេង​អាច​រារាំង​ខ្ញុំ​មិន​ឲ្យ​ធ្វើ​វា​ទេ។ វា​លើស​ពី​ការ​ដឹងគុណ។ វា​ព្រោះ​តែ​ចំណង​ដ៏​រឹងមាំ​រវាង​ខ្ញុំ​ហើយ​នឹង​គាត់"។

ឥឡូវ​នេះ ឪពុក​នាង​ឈ្មោះ​ Casey កំពុង​មាន​សុខភាព​ល្អ។

Lee Guan Huei វេជ្ជបណ្ឌិត​នៅ​​មន្ទីរពេទ្យ NUH បាន​និយាយ​ថា បើ​តាម​ច្បាប់​សរីរាង្គ​របស់​សឹង្ហបុរី ជន​ដែល​អាច​បរិច្ចាគ​សរីរាង្គ​ទាល់​តែ​គេ​ស្លាប់ បើ​ពុំ​នោះ​ទេ​សំណើរ​បរិច្ចាគ​របស់​គេ​នឹង​ត្រូវ​ទាត់​ចោល។ ប៉ុន្តែ​លោក វេជ្ជបណ្ឌិត Lee បាន​​លើកឡើង​ថា​ទោះ​ជា​យ៉ាងនេះ​ក្តី​មនោសញ្ចេតនា​របស់​សមាជិក​គ្រួសារ​មិន​អាច​ឃាត់​ជាប់​ឡើយ។

មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសិង្ហបុរី (National University Hospital)

វេជ្ជបណ្ឌិត Shridar Iyer ផ្នែក​ផ្លាស់ប្តូរ​ថ្លើម​របស់​ National University Hospital បាន​និយាយ​ថា​​ការ​វះកាត់​ប្តូរ​ថ្លើម​ទាមទារ​ឲ្យ​អ្នក​បរិច្ចាគ​លះបង់​ខ្ពស់ ហើយ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​សុខភាព និង សម្ភាសន៍​ដោយ​គណៈកម្មការ​ជំនាញ។

ជា​ច្រើន​ករណី​ដែល​អ្នក​គ្រោង​​បរិច្ចាគ​គ្រឿង​ក្នុង​របស់​ខ្លួន​រន្ធត់​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​វេជ្ជបណ្ឌិត។ អ្នក​ខ្លះ​ក៏​ប្តូរ​ចិត្ត​មិន​បរិច្ចាគ​វិញ។ ឧទាហរណ៍​ពួកគេ​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា​ការ​បរិច្ចាគ​ថ្លើម​ឲ្យ​មនុស្ស​ពេញវ័យ​មាន​ន័យ​ថា ៦០ ទៅ ៧០% នៃ​ថ្លើម​ទាំង​មូល​របស់​គេ​ត្រូវ​បាន​បរិច្ចាគ។ ​​​

វេជ្ជបណ្ឌិត Shridar Iyer និង វេជ្ជបណ្ឌិត Lee Guan Huei មក​ពី មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសិង្ហបុរី

អត្រា​ស្លាប់​របស់​អ្នក​បរិច្ចាគ​អាច​មាន​ដល់​ទៅ ០,៥% ហើយ​និង​​ហានិភ័យ​​​សុខភាព​ដែល​បណ្តាល​​ពី​ផលវិបាក​នេះ​អាច​មាន​​ពី ១៥ ទៅ ២០%។ ម្យ៉ាង​ទៀត ពួកគេ​ត្រូវ​សម្រាក​ពី​ការងារ​ឬ​សាលា​ពី​៦​ទៅ​៨​សប្តាហ៍​ក្រោយ​បរិច្ចាគ​ដើម្បី​ឲ្យ​សុខភាព​ប្រសើរ​ឡើង​វិញ។

សម្រាប់​ចាន់ ដែល​បាន​បរិច្ចាគ​ផ្នែកខ្លះ​នៃ​ថ្លើម​សម្រាប់​ឪពុក នាង​មាន​ពាក្យ​ទាំង​នេះ​សម្រាប់​អ្នក​ដែល​ចង់​បរិច្ចាគ​ថ្លើម​របស់​ពួក​គេ។ "ប្រសិន​បើ​អ្នក​គិត​ថា​នេះ​ជា​រឿង​ត្រឹមត្រូវ ធ្វើ​វា។ កុំ​សួរ​ខ្លួន​ឯង ពីព្រោះ​អ្នក​កំពុង​ធ្វើ​រឿង​ល្អ​ហើយ។ គ្រាន់តែ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ បន្ត​ដំណើរ​ទៅ​មុខ ធ្វើ​អ្វី​ដែល​បេះដូង​អ្នក​ប្រាប់​អ្នក"។

សឹង្ហបុរី​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ខ្លាំង។ អតីត​នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក​ លី ក្វាន់យូ ធ្លាប់​បាន​និយាយ​ថា​ភាពរីកចម្រើន​របស់​ប្រទេស​លោក​គឺ​ដោយសារ​ ចំណង​គ្រួសារ​រឹងមាំ​របស់​ប្រជាជន​សឹង្ហបុរី ឧទាហរណ៍ឪពុកម្តាយ​អាច​បោះបង់​គ្រប់យ៉ាង​សូម្បី​ការងារ​​ដ៏​មមាញឹក​របស់​ពួកគេ​ដើម្បី​តែ​ទៅ​លើក​ទឹកចិត្ត​ពេល​កូន​ប្រលង។​

រឿងរ៉ាវ​របស់​ចាន់ ប្រហែល​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ទិដ្ឋភាព​ជា​​ច្រើន​ក្នុង​សង្គម​សឹង្ហបុរី ហើយ​ក៏​ប្រហែល​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ជា​ច្រើន​ទៀត​ដែល​ជម្រុញ​ឲ្យ​ប្រទេស​នេះ​មាន​ការ​អភិវឌ្ឍ​ខ្លាំង៕ ​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់