• 2019-01-28 04:40:00
  • សេដ្ឋកិច្ច

តិចមិនដឹង! មូលហេតុនេះហើយ ទើបសេដ្ឋកិច្ចកម្ពុជាកើន ក្នុងរយៈពេល ២០ឆ្នាំ

  • 2019-01-28 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្ដម​បណ្ឌិត​អូន ព័ន្ឋមុនីរ័ត្ន​បាន​បង្ហើប​ពី​មូលហេតុ​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ជាង​៧​ភាគ​រយ​ ក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ propertyarea.asia ។

​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា កត្តា​ដែល​នាំ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ដោយ​ជោគជ័យ ក្នុង​អត្រា​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ ៧% ក្នុង​រយៈ​ពេល​ជាង​២ទសវត្ស កន្លង​មក​នេះ បាន​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល និង​ជា​ការ​ខិតខំ​របស់​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា។

ការ​អនុវត្ត​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ពិសេស​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈ​ពេល​មធ្យម ២០១៤-២០១៨ និង​កម្មវិធី​កែ​ទម្រង់ និង​ទំនើប​កម្ម​គយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។

ឯកឧត្ដម​បន្ត​ថា ចំណូល​ប្រមូល​ដោយ​រដ្ឋ​បាល​គយ បាន​កើន​ឡើង​ទ្វេ​ដង ដូច្នេះ​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​បន្ត​កំណែ​ទម្រង់ និង​ការ​ទំនើប​កម្ម​បន្ថែម​ទៀត តាម​រយៈ​ការ​កសាង​ធនធាន​មនុស្ស ការ​បំពាក់​បរិក្ខារ និង​មធ្យោបាយ​ការងារ រួម​ទាំង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​ផ្លាស់ប្ដូរ​ទម្រង់ និង​អភិវឌ្ឍ​ឥត​ឈប់ឈរ​នៃ​សេដ្ឋកិច្ច ការ​វិនិយោគ និង​ពាណិជ្ជកម្ម។​

ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក ជា​អគ្គនាយក​ នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក​ គុណ ញឹម បាន​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច​ស្នូល ក្នុង​ការ​ប្រមូល​ពន្ធ និង​អាករ​ចូល​ថវិកា​ជាតិ។

រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា កំពុង​បន្ត​សកម្មភាព​កែ​ទម្រង់ និង​ទំនើបកម្ម ដើម្បី​ឆ្លើយ​តប​ នឹង​ការ​វិវឌ្ឍ និង​ការ​អភិវឌ្ឍ​កាន់​តែ​រីក ចម្រើន​នៃ​សេដ្ឋកិច្ច​វិនិយោគ និង​ពាណិជ្ជកម្ម។

ជាក់​ស្ដែង​ការ​បំពាក់​នាវា​ល្បាត​គយ ចំនួន ២គ្រឿង ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ផ្ដល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព ក្នុង​ការ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ​នៅ​ក្នុង​ភូមិសាស្ត្រ​សមុទ្ទ និង​តំបន់​ឆ្នេរ​នៃ​កម្ពុជា ហើយ​ក៏​អាច​ចូលរួម​ក្នុង​ការ ពង្រឹង​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ ពៅ រក្សា

មតិយោបល់