• 2019-01-29 10:42:43
  • ព័ត៌មាន

កម្ពុជានឹងយកទម្រង់រឿងទាំង៥នេះ ទៅបង្អួតលើព្យុះហយាត្រាដ៏ធំនៅប្រទេសសិង្ហបុរី

  • 2019-01-29 10:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី ឈ្មោះថា ឈីងហ្គេ នឹង​ចាប់​ផ្ដើមជា​ថ្មី​នៅ​ថ្ងៃ​ទី១៥ ដល់១៦ ខែកុម្ភៈ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី ។ ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ដ៏​សម្បើម​នេះ​បាន​អញ្ចើញ​កម្ពុជា​ចូល​រួម​ និង​ផ្ដល់​ឱកាស​បង្ហាញ​វប្បធម៌​សិល្បៈដ៏ប្រពៃ ​និង​វិសេស​ដែល​ជា​មោទកភាព​ជាតិ​ ​លើ​ឆាក​អន្តរជាតិ​ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែនេះផងដែរ​។​​

​ ​ក្រោម​ការ​ដឹក​នាំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​​កិច្ចសហការ​​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កម្ពុជានឹងនាំយកនូវទស្សនីយភាព សិល្បៈប្រពៃណី និងរបាំសហសម័យ ចំនួន៥ទម្រង់ រួមបញ្ចូលគ្នាក្រោមប្រធានបទ ភាពសុខដុម (HARMONY)​ ដែល​នឹងបង្ហាញ​នូវភាពសុខដុមរបស់ជាតិសាសន៍​ ប្រជាជាតិខ្មែរ តាមរយៈការរួបរួមគ្នា ការពារស្នាដៃដូនតា និងកសាងសមិទ្ធផលនានាបន្ថែម ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ សិល្បៈ ៥ ទម្រង់ ដែលនឹងត្រូវយកទៅសម្តែងរួមមាន៖

(១) របាំម្ករ៖ គឺជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែលបង្កើតឡើងដើម្បីជានិមិត្តរូបនៃភាពត្រជាក់ត្រជំ និងជ័យជំនះរបស់កងទ័ពជើងទឹកខ្មែរអំឡុងសម័យអង្គរ។  ម្ករជាប្រភេទសត្វត្រីម្យ៉ាង មានដងខ្លួនដូចជានាគ ដែលនៅក្នុងជំនឿខ្មែរចាត់ទុកអំបូរនាគជាកំណើតដូនតាខ្មែរ។

(២) ឈុតព្រះថោងនាងនាគ៖  ​គឺជានិមិត្តរូបនៃការកសាងវង្សត្រកូល និងប្រទេសជាតិខ្មែរ ដោយការផ្សារភ្ជាប់គ្នារវាង មនុស្សជាតិ ជាតិសាសន៍ ការអនុវត្តនយោបាយដឹកនាំប្រទេស និង ជំនឿសាសនាដែលនាំឱ្យមានការរស់នៅជុំគ្នា ប្រកបដោយភាពសុខដុម ក្សេមក្សាន្ដ សុខសន្ដិភាព និងភាពសម្បូរសប្បាយ។

(៣) ឈុតកូរសមុទ្រទឹកដោះ៖  គឺបង្ហាញពីការរួមគ្នា សហការគ្នា ចូលរួមយ៉ាងសស្រាក់សស្រាំ និងស្មើភាពគ្នារវាង ទេវតា និងអសុរា ដើម្បីទទួលបាននូវសមិទ្ធផលដែលបម្រើដល់ផលប្រយោជន៍រួម។

(៤) របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ ៖  បង្ហាញពីការអត់ធ្មត់ ខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយ ស្របជាមួយនឹងភាពរឹងមាំ និងម៉ឺងម៉ាត់នៃគុណល្បុក្កតោ។

(៥) ក្បាច់ផ្ការំដួល៖ ផ្ការំដួល គឺជាផ្កាអត្តសញ្ញាណជាតិខ្មែរ។ ចាប់តាំងពីសម័យបុរាណកាលមកស្រ្តីខ្មែរត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកម្លាំងខ្យល់បក់។ ដូចនេះ របាំផ្ការំដួល នឹងបង្ហាញពីភាពស្រស់ត្រកាល និងការរីកលូតលាស់ដ៏វិសេសវិសាលនៃជាតិសាសន៍ខ្មែរ ដែលល្បីរន្ទឺដល់ពិភពលោក តាមរយៈយុវជនខ្មែរ និងប្រជាជនខ្មែរគ្រប់ៗរូប។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ជុំវិញព្រឹត្តិការណ៍ ឯកឧត្តម សុខ សប្បាយណា សមាជិកអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា៖ អ្វីដែលជាការំពឹងទុករបស់យើងនោះគឺ ក្រៅពីការសម្តែងសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជនខ្មែរ ក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយតាមលទ្ធភាពផ្សេងៗដែលអាចធ្វើបាន។ លើសពីនោះថែមទៀត ការចូលរួមក្នុងព្រឹត្តិការណ៍ ឈីងហ្គេ ក៏ជាឱកាសដែលគណៈប្រតិភូកម្ពុជាទាំងអស់ អាចកសាងទំនាក់ទំនងល្អ ជាមួយមិត្តអន្តរជាតិ ហើយរួមគ្នានាំមកនូវភាពសុខដុមនៃវប្បធម៌ មនុស្សជាតិ និងប្រទេសជាតិ។

ឯកឧត្តមបញ្ជាកបន្ថែមថា កម្ពុជានឹងនាំយកល្ខោនខោល ទៅសម្ដែង​លើ​ឆាក​អន្តរជាតិ​ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែរនាឱកាសនេះនៅថ្ងៃទី១៧ កុម្ភៈ ២០១៩​ ដើម្បីបង្ហាញប្រជាជាតិបរទេសផងដែរ៕

រូបភាពផ្ដល់ឲ្យ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់