• 2019-01-31 02:52:57
  • ការអប់រំ

​គ្រូ​អក្សរ​សាស្ត្រ​ខ្មែរ​មួយ​រូប​ ​ដណ្តើម​បាន​ពាន​រង្វាន់​លេខ​១ ផ្នែក​តែង​កំណាព្យ

  • 2019-01-31 02:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ ខឹក ហ៊ន​​ សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ នៃ​វិទ្យាល័យ​សម្តេច​ឪ ស្រុក​សំរោង ​ខេត្តតាកែវ បាន​ជាប់​ជយលាភី​លេខ​​១ កម្មវិធី​ប្រកួត​ប្រជែង​តែង​និពន្ធ​កំណាព្យ​ខ្មែរ ដែល​រៀបចំ​ដោយ​បណ្ណាល័យ​បញ្ញវន្ត នៅ​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០១៩។

លោកគ្រូ ខឹក ហ៊ន

កម្មវិធី​ប្រគល់​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ជ័យ ចាប រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។

លោកគ្រូ ខឹក ហ៊ន បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ ​ដែល​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​តែង​កំណាព្យ ខណៈ​ពី​មុន​ពុំ​ដែល​មាន​ឱកាស​ប្រកួត​ប្រជែង ដោយសារ​ជាប់​បង្រៀន​សិស្ស និង​មាន​ការ​កំណត់​អាយុ​បេក្ខជន​ប្រលង។ លោក​បាន​ជ្រើសរើស​ប្រធាន​បទ គុណ​តម្លៃ​នៃ​បណ្ណាល័យ ​យក​មក​បរិយាយ​ជា​កាព្យ​ពាក្យ​៧ និង​ផ្ដោត​លើ​អត្ថន័យ​បី​ធំៗ៖

  • ទី១ បណ្ណាល័យ​ គឺជា​កន្លែង​ផ្ទុក​នូវ​ស្នាដៃ​ចាស់ និង​ថ្មី
  • ទី២ បណ្ណាល័យ​គឺជា​ទី​កន្លែង​មួយ​ជួយ​លើក​កម្ពស់​ដល់​អ្នក​និពន្ធ​ខិតខំ​បង្កើត​ស្នាដៃ និង​យក​ស្នា​ដៃ​មក​រក្សា​ទុក​នៅ​បណ្ណាល័យ
  • ទី៣ បណ្ណាល័យ​គឺជា​ឃ្លាំង​បណ្ដុះ​វិជ្ជា។

មាន​បទពិសោធន៍​បង្រៀន​សិស្ស​ជាង ២៨ឆ្នាំ លោកគ្រូ ខឹក ហ៊ន ចង់​ឲ្យ​មាន​កម្មវិធី​ប្រលង​បែប​នេះ​ច្រើន​ទៀត​ក្នុង​គោល​បំណង​លើក​កម្ពស់​អក្សរ​សាស្ត្រ​ខ្មែរ និង​ការ​តែង​កំណាព្យ។

អ្នកស្រី ស សុខខេង នាយិកា​វិទ្យាល័យ​សម្ដេច​ឪ​ឲ្យ​ដឹង​ថា លោកគ្រូ ខឹក ហ៊ន តែងតែ​មាន​ស្នាដៃ​ល្អ​ជា​ច្រើន​ និង​ឧស្សាហ៍​ព្យាយាម ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស​គ្រប់​ជំនាន់ ដោយ​ទទួល​បាន​ជយលាភី​ជាច្រើន​ជំនាន់ ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី​តែង​និពន្ធ តែង​កំណាព្យ និង​អក្សរសាស្ត្រ​តែង​សេចក្ដី​ផង​ដែរ ក្នុង​ការ​ប្រកួតប្រជែង​ប្រឡង​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ផង​ដែរ។

អ្នកស្រី​ចាត់ ទុក​ស្នាដៃ​ទាំង​នេះ​របស់​លោក​គ្រូ ជា​មោទនភាព នៃ​សាលា​និង​កូន​សិស្ស​គ្រប់​ជំនាន់។​ គ្រូ​ល្អ សិស្ស​ពូកែ សិស្ស​ពូកែ មាន​គ្រូ​ល្អ និង​ការ​យក​ចិត្ត​ទុក​ដាក់​ខិតខំ​រៀន​សូត្រ​របស់​ប្អូន​ៗ​នាំ​ឲ្យ​ប្អូន​ៗ​ក្លាយ​ជា​សិស្ស​ពូកែ៕

អត្ថបទ៖ សុផល

មតិយោបល់