• 2019-01-31 03:21:37
  • សេដ្ឋកិច្ច

ឧកញ៉ា ហេង ឡុង៖ ចេក​អំបូង​លឿង​​​មួយ​ហិចតា​ អាច​រក​ចំណូល​បាន​​ ៥ពាន់​ ទៅ​១ម៉ឺន​ដុល្លារ

  • 2019-01-31 03:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ឧកញ៉ា ហេង ឡុង ប្រធាន​អគ្គនាយក​​​ក្រុមហ៊ុន ឡេង ស្រេង អ៊ីនធើណេស៊ីនណល​ចម្ការ​កៅស៊ូ​បឹងកេត​ ដែល​បាន​បោះ​ទុន​វិនិយោគ​លើ​ដំណាំ​ចេក​ប្រមាណ​ ៥០០ហិចតា ​​​នៅ​ក្នុងស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​ បាន​ឱ្យ​ដឹង​ថា ដំណាំ​​ចេកអំបូង​លឿង​មួយ​ហិចតា​​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៥ ពាន់​ដុល្លារ​ទៅ​ ១​ម៉ឺន​ដុល្លារ​អាមេរិក​។

​បន្ទាប់​ពី​មាន​ទីផ្សារ​ធំ​នៅ​​ប្រទេស​ចិន ​ការ​ដាំ​ចេក​លក្ខណៈ​ទំនើប និង​ប្រកប​ដោយ​ស្តង់ដា​ខ្ពស់​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា ត្រូវ​បាន​បោះ​ទុន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ជាច្រើន​។ ជាក់​ស្តែង​ក្រុម​ហ៊ុន​ ឡុង ស្រេង អ៊ីនធើណេស៊ីនណល​ចំកា​រកៅ​ស៊ូ​បឹងកេត​ក៏​មាន​ដាំ​ដំណាំ​ចេក​ ​​​និ​ង​ កំពុង​ប្រមូល​ផល ដើម្បី​នាំ​ចេញទៅ​កាន់​ប្រទេស​ចិន។

ការ​នាំចេញ​ចេក​អំបូង​លឿង​ពី​កម្ពុជា​ ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បាន​​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​​នៅ​ខែ​មករា​ឆ្នាំ ​២០១៩​នេះ​ ក្រោយ​កម្ពុជា និង​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ពិធីសារ​មួយ អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន។ ប្រទេស​ចិន បាន​អនុញ្ញាត​ឲ្យ​កម្ពុជា នាំ​ចេញ​ចេក​៣០ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

​លោក​ឧកញ៉ា ហេង ឡុង ​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​​​​មាន​លក្ខណៈ​អំណោយ​ផល​ល្អ​ច្រើន​យ៉ាង​សម្រាប់​ដំណាំ​កសិឧស្សាហកម្ម។​ ប៉ុន្តែ​ឱកាស​ល្អ​​​បំផុត​ សម្រាប់​ដំណាំ​ចេក​ក្នុង​ខេត្ត​កំពង់​ចាម​​​គឺ​​កត្តា​អាកាសធាតុ​ និង​ការ​បើក​ទូលាយ​​​​ទីផ្សារ​​ក្រៅ​ប្រទេស​។ ​ការ​ដាំ​ចេក​​ របស់​ក្រុម​ហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណលចំកា​រកៅស៊ូបឹងកេត​ ត្រូវ​បាន​ធ្វើ​​លើ​ចំណែក​ខ្លះ នៃ​ដី​ចម្ការ​កៅស៊ូ​បឹងកេត ខណៈ​តម្លៃ​កៅស៊ូ​មាន​ការ​ប្រែប្រួល​ខ្លាំង​លើ​ទៅ​ផ្សារ ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ។ ​ឧកញ៉ា ហេង ឡុង ឱ្យដឹងថា នេះ​ ​គឺជា​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ថ្មី​មួយ ដើម្បី​ជា​ការ​ឆ្លើយតប​តម្រូវ​កា​រ​ទីផ្សារ​ពិភពលោក​។​

​ ខេត្ត​កំពង់​ចាម​មាន​អំណោយ​ផល​ល្អ​បី​យ៉ាង​ក្នុង​ការ​ធ្វើ​កសិកម្ម​ពិសេស​ដំណាំ​ចេក​គឺ៖

  • ​ទី​១សណ្ឋាន​​ដី​នៅ​ខេត្ត​កំពង់ចាម​មាន​ជីវជាតិ​ល្អ​
  • ទី​២ ​សំបូរ​កម្លាំង​ពលកម្ម​
  • ទី៣ សេវា​ដឹកជញ្ជូន។

បច្ចុប្បន្ន​ចេក​​កំពុង​ហុច​ផល​ល្អ និង​ផ្តល់​ចំណូល​បាន​ច្រើន បើ​ប្រៀបធៀប​នឹង​ដំណាំ​កៅស៊ូ។ដំណាំ​កៅស៊ូ​​​មួយ​ហិចតា​អាច​ទទួល​បាន​ទិន្និផល​ជាង​មួយ​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ ប៉ុន្តែ​ ​ដំណាំ​ចេក​វិញ​​អាច​ទទួល​បាន​ទិន្និផល​រង្វង់ ​៥ពាន់​ដុល្លារ​ទៅ​មួយ​​ម៉ឺន​ដុល្លារ​​ក្នុង​មួយ​ហិចតា​។ ផ្ដល់​ឱកាស​ការងារ​ និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង​មុន​។

ចេក​អំបូង​លឿង​​កម្ពុជា​ទទួល​ទិន្នផល​ល្អ និង​ការ​​ចាប់អារម្មណ៍​ខ្លាំង​​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​​នា​ពេល​នេះ​ពិត​ជា​បាន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​របស់​ក្រុមហ៊ុន​ផង​ និង​ការ​ចូលរួមពី​មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​​ផង ក្នុង​ការ​គោរព​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ នៃ​ការ​ដាំ​ដុះ និង​ការ​វេច​ខ្ចប់​តាម​ស្តង់ដារ​អនាម័យ​ខ្ពស់។ លទ្ធផល​នេះ​ក៏​​បាន​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​ក្រសួង​ស្ដីពី​ការ​ជំរុញ​ផលិតកម្ម​ ក្នុង​ស្រុក​បង្កើន​តម្លៃ​បន្ថែម បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចំណាក​ស្រុក​តាម​រយៈ​ការ​អភិវឌ្ឍ​ខ្សែ​សង្វាក់​ផលិតកម្ម​កសិកម្ម។ ​

ក្រុមហ៊ុន ឡេង ស្រេង អ៊ីនធើណេស៊ីនណល ចម្ការ​កៅស៊ូ​បឹងកេត​​បាន​ចុះ​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៨​លាន​ដុល្លារ សម្រាប់​ដាំ​ដុះ​ចេកអំបូង​លឿង ​លើ​ផ្ទៃដី​សាកល្បង​៥០០​ហិចតា ​ក្នុង​នោះ​ផ្ទៃដី​១០០​ហិចតា កំពុង​ប្រមូល​ផល និង​វេច​ខ្ចប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​អនាគត​គ្រោង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​ដល់​ ១ ៥០០​ហិចតា ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន ​ជប៉ុន កូរ៉េ និង​​ អ៊ឺរ៉ុប​ ជាដើម​។​

លោក​ឧកញ៉ា ហេង ឡុង​ បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ចេក​អំបូង​លឿង​កំពុង​មាន​ទីផ្សារ​​ខ្ពស់​ក៏​ពិត​មែន​ ​​​​ក្រុម​ហ៊ុន​នៅ​តែ​រក្សា​ទុក​ដំណាំ​កៅស៊ូ ដែល​មាន​ស្រាប់​រង្វង់​ពី ​៧០ ទៅ​៨០% ដដែល​​។ លោក​បាន​អំពាវនាវ​ដល់​សហគ្រិន​​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​គួរ​ងាក​មក​បោះ​ទុន​វិនិយោគ​​លើ​វិស័យ​ កសិកម្ម​បន្ថែម​​​ទៀត​ ខណៈ​ផ្ទៃ​ដាំ​ដុះ និង​កម្លាំង​ពលកម្ម​មាន​ច្រើន​។

នៅ​ក្នុង​ឆ្នាំ​ ២០១៩​នេះ កម្ពុជា​អាច​នាំ​ចេញ​ចេកអំបូង​លឿង ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជាង ១​លាន​តោន​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការនាំចេញ​ចេកអំបូង​លឿង​របស់​ក្រុមហ៊ុន​ឡុង ស្រេង ។​

ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ដូចនេះ ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​សង្កេត​ឃើញ​ថា ត្រឹម​ដើម​ឆ្នាំ​២០១៩​ តែប៉ុណ្ណោះ​ កម្ពុជា​បាន​នាំ​ចេញ​ចេកអំបូង​លឿង​បាន​ប្រមាណ​ជាង​ ៦ ០០០​តោន​រួចទៅ​ហើយ ​​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​៕

អត្ថបទ៖ សុផល

មតិយោបល់