• 2019-02-08 02:46:20
  • ស្នេហា

ប្រាប់ក្រមុំៗឲ្យខ្មាសគេម្ដង! ប្រុសៗពេលចង់បានប្រពន្ធខ្លាំង ដឹងតែចេញចរិត៦យ៉ាងនេះហើយ

  • 2019-02-08 02:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​នៅ​ពេល​មនុស្ស​ប្រុស​ពេញ​វ័យ សម​ល្មម​ដល់​ពេល​ចង់​បាន​ប្រពន្ធ​ តែង​បង្ហាញ​ចរិត​បែប​ណា​ខ្លះ​ទៅ? ថ្ងៃ​នេះ Sabay សូម​ទម្លាយ​ចរិត​ពិត​របស់​បុរស​ពេល​ចង់​បាន​ប្រពន្ធ ប្រាប់​មិត្តៗ​នារី​ដូច​ខាង​ក្រោម​នេះ៖

១. នឹក​កូន​ក្រមុំ​គេ​ឡើង​រវើរវាយ​ឃើញ​ត្រឹម​ដំបូល​ផ្ទះ​ក៏​អស់​ចិត្ត៖ ដល់​ដំណាក់​កាល​មួយ​ចង់​បាន​នារី ណា​ម្នាក់​មក​ធ្វើ​ជា​គូ​គាប់​ទ្រនាប់​ទ្រូង​ខ្លាំង​ពេល រហូត​ដល់​ថ្នាក់​អង្គុយ​តែ​នឹក​គេ​បាយ​មិន​នឹក ទឹក​មិន​ស្រេក។ ជួន​កាល​បើ​ថា បាន​ស្គាល់​ផ្ទះ​គេ​បាន​ត្រឹម​ជិះ​កាត់​ ឃើញ​ដំបូល​ផ្ទះ​ក៏​អស់​ចិត្ត​ហើយ។

២. លែង​មើល​ឃើញ​អ្នក​ណា​ស្អាត​ក្រៅ​ពី​ម្នាក់​ហ្នឹង៖ ពេល​​ដែល​ស្រលាញ់​នារី​ណា​ម្នាក់​ពិត​ប្រាកដ​ហើយ ទោះ​មាន​នារី​ផ្សេង​ស្អាត​ជាង​១០០​ដង​ទៀត​ក៏​លែង​មាន​ន័យ​ហើយ។ ក្នុង​ចិត្ត​គិត​ប៉ង​តែ​នាង​ម្នាក់​ទន្ទឹង​យប់​ថ្ងៃ ចង់​បាន​នាង​មក​រួមរស់​ជា​គូ​អស់​មួយ​ជីវិត។

រូបតំណាង

៣. ពី​ខ្ជិល​បំផុត ក្លាយ​ជា​មនុស្ស​ឧស្សាហ៍​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ៖ ពី​មុន​ការងារ​ផ្ទះ​ជួន​ក៏​ធ្វើ ជួន​ក៏​អត់ តែ​ពេល​ចង់​បាន​ប្រពន្ធ​ខ្លាំង​ហើយ មិន​ថា​ការងារ​កំប៉ិកកំប៉ុក​ប៉ុណ្ណា​ទេ គឺ​ស្រវា​ធ្វើ​មិន​ចាំ​បាច់​អ្នក​ណា​ប្រាប់។ ហេតុផល​នេះ​ក៏​ព្រោះ​តែ​ចង់​យក​ចិត្ត​ឪពុក​ម្ដាយ ចង់​បង្ហាញ​ថា ការងារ​អ្វី​ក៏​ចេះ​ធ្វើ​ដែរ ល្មម​អាច​ចិញ្ចឹម​កូន​ក្រមុំគេ​រស់​ហើយ។

៤. លែង​សូវ​លេង​សើច​ច្រើន​អត់​ប្រយោជន៍​ដូច​មុន៖ ពី​មុន​អាច​ថា មិន​ទាន់​ខ្វល់​ខ្វាយ​រឿង​គូ​ស្រករ​អ្វី​ចេះ​តែ​លេង​សើច​ច្រើន​ជាមួយ​មិត្ត​ភក្ដិ ដើរ​លេង​ផឹកស៊ី ជួន​កាល​ក៏​ដើរ​ដាច់​យប់។ ប៉ុន្តែ​តាំង​ពី​កើត​មាន​ចិត្ត​ចង់​បាន​ប្រពន្ធ​មក ផ្លាស់​ប្ដូរ​អត្តចរិត​ឯកឯង មិន​ចាំ​បាច់​មាន​គ្រូ​អាចារ្យ​ណា​មក​ប្រដៅ​ទេ។

រូបតំណាង

៥. ចេះ​សន្សំ​លុយ​កាក់៖ ចង់​បាន​ប្រពន្ធ​បើ​អត់​លុយ​ផង​ធ្វើ​អី​ចេញ មិន​មែន​ពឹង​ឪពុក​ម្ដាយ​ទាំង​ស្រុង​ឯណា យ៉ាង​ហោច​ណាស់​ក៏​បាន​ត្រឹម​១០% នៃ​ថ្លៃ​ទឹក​ដោះ​សរុប​ដែរ។ ដូច្នេះ​ហើយ​បុរសៗ​ភាគ​ច្រើន ឲ្យ​តែ​ចង់​បាន​ប្រពន្ធ ចាប់​ផ្ដើម​ចេះ​សន្សំ​លុយ ចេះ​ដាក់​ផែន​ការ​ចាយ​វាយ​ច្បាស់​លាស់ មិន​មែន​ចាយ​លុយ​សល់​ថ្ងៃ​ដូច​ពី​មុន​ទៀត​ទេ។

៦. រំអុក​ម៉ែ​ឲ្យ​ចូល​ស្ដី​ដណ្ដឹង​មួយ​ថ្ងៃ​ចង់​ដប់​ដង​ខ្លាច​គេ​យក​បាត់៖ ដល់​ដំណាក់​កាល​មួយ​ដែល​គិត​ថា សម​ល្មម​នឹង​អាច​យក​ប្រពន្ធ​បាន​ហើយ មិន​ថា​កំលោះ​ណា​ទេ គឺ​ទៅ​និយាយ​ប្រាប់​ត្រង់ៗ​តែ​ម្ដង ឲ្យ​ប្រញាប់​ចូល​ចែចូវ​ ព្រោះ​ខ្លាច​គេ​ដណ្ដឹង​បាត់។

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់