• 2019-02-08 04:21:25
  • សេដ្ឋកិច្ច

ទៅទិញដី នៅតំបន់ទាំងនេះ ក្នុងខេត្តសៀមរាប ដូចយកលុយទៅជះចោលទទេៗ

  • 2019-02-08 04:21:25
  • ចំនួនមតិ 4 | ចំនួនចែករំលែក 1407

ចន្លោះមិនឃើញ

ថ្មីៗ នេះ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

តាម​ប្រភព​ពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ដើម្បីទប់ស្កាត់សកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព ព្រមទាំងបញ្ចៀសការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកើតឡើងពីការបោកបញ្ឆោតរបស់បុគ្គលមួយចំនួនអំពីការទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់នៃរដ្ឋបាលសាលាខេត្តសៀមរាប ដំឡើងផ្ទាំងព័ត៌មានហាមទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាបដូចជា ភូមិអញ្ចាញ ភូមិអារក្សស្វាយ សង្កាត់នគរធំ ចំនួន៣ផ្ទាំង ភូមិខ្វៀន សង្កាត់គោកចក ចំនួន១ផ្ទាំង ភូមិជ្រៃ សង្កាត់ទឹកវិល ចំនួន១ផ្ទាំង ភូមិថ្នល់ សង្កាត់ស្រង៉ែ ចំនួន១ផ្ទាំង។

ក្រៅពីទីតាំងដូចរៀបរាប់ខាងលើ អាជ្ញាធរជាតិអប្សរានឹងដំឡើងផ្ទាំងព័ត៌មាននេះនៅតាមទីតាំងភូមិសាស្ត្រមួយចំនួនទៀតដែលសកម្មភាពទិញ-លក់ដីធ្លីកំពុងតែកើតឡើង។

អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គលដែលកំពុងតែប្រព្រឹត្តសកម្មភាពទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានរបស់ខ្លួន និងសូមឲ្យយើងម្នាក់ៗចូលរួមបំពេញតួនាទីជាអ្នកទប់ស្កាត់ ថែរក្សា ការពារ និងអនុវត្តច្បាប់យ៉ាងដាច់ខាតចំពោះការទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់
អត្ថបទពេញនិយម