• 2019-02-08 07:02:03
  • ព័ត៌មាន

និយាយមែន! ទៅដើរលេង១កន្លែងនេះនៅកំពត សប្បាយខ្លាំង ថ្លៃគេងវិញតែ១០ដុល្លារទេ

  • 2019-02-08 07:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្យល់​សមុទ្រ​ដ៏​ល្អ​បរិសុទ្ធ ខណៈ​ចូល​ដល់​ជំរំ​នៃ​ម្លប់​ដើម​កោងកាង​យ៉ាង​ត្រឈឹងត្រឈៃ នឹង​នាំ​អារម្មណ៍​រីករាយ​សម្រាប់​ភ្ញៀវ​ទេសចរ​​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​​ស្ពាន​​រាប់​រយ​ម៉ែត្រ ដែល​ហ៊ុម​ព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​​យ៉ាង​ខៀវ​ស្រងាត់​​។ ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​ដី​ ប្រជា​សហគមន៍​នេសាទ បាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​​ក្រុង​កំពត។

លោក សឹម ហ៊ីម ប្រធាន​សហគមន៍​ទេសចរណ៍​ត្រពាំងសង្កែ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ស្នាក់​នៅ​១​បន្ទប់ ត្រឹម​តែ​១០​ដុល្លារ គេង​បាន​គ្នា​៤នាក់។ ក្នុងភ្ញៀវទេសចរទទួលបានសេវាកម្មជាច្រើនដូចជា ជិះទូកមើលទេសភាពព្រៃកោងកាង ដាំដើមកោងកាងក្នុងសហគមន៍ គយគន់អំពិលអំពែកពេលរាត្រី ស្ទូចត្រី ជាដើម។

ភ្ញៀវ​នឹង​រីករាយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​​បក់​ផាត់​ពី​ដៃ​សមុទ្រ គយគន់​​ស្រែ​ស្រូវ​ច្បារ​ដំណាំ​ និង​ស្រែ​​អំបិល​​​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ភ្ញៀវ​ទេសចរណ៍​អាច​បន្ត​ដំណើរ​តាម​ទូក​ក្នុង​ព្រែក​ក្បាល​រមាស នៅ​អម​សង​ខាង​ជាមួយ​ទេសភាព​ដ៏​ល្អ​ត្រកាល​នៃ​ព្រៃ​លិចទឹក ដើម្បី​បាន​ដល់​តំបន់​អេកូ​ទេសចរណ៍​ព្រៃ​កោងកាង​នា​ឆ្នេរ​សមុទ្រ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់សហគមន៍​​ផ្ទាល់​។

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពត​មក​ខេត្ត​កែប​ចម្ងាយ​ជាង ៧ គីឡូម៉ែត្រ អ្នក​ដំណើរ​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ភូមិ​ទេសចរណ៍​ត្រពាំងសង្កែ ដែល​រំលេច​នូវ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ភូមិ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ។ បត់​ស្តាំ​ចុះ​ពី​ផ្លូវ​ជាតិ​ប្រមាណ​ត្រឹម ៣០០ ម៉ែត្រ​ ​ឆ្លងកាត់​ភូមិ​ឋាន​ប្រជាពលរដ្ឋ នឹង​ចូល​ដល់​​ទីតាំង​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ​ ដែល​ស្ថិត​នៅ​ក្បែរ​ដៃ​សមុទ្រ​មាន​ឈ្មោះ​ថា«ព្រែក​ក្បាល​រមាស»៕

សូមប្រិយមិត្តទស្សនាវីដេអូបង្ហាញពីទិដ្ឋភាពដ៏ស្រស់បំព្រងខាងក្រោមនេះ៖

រូបភាព៖ ផ្ដល់សិទ្ធិ អត្ថបទ​៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់