• 2019-02-11 05:34:33
  • ព័ត៌មាន

កាន់តែជឿនលឿន! ផារ៉ាហ្គនចាប់ដៃគូជាមួយវិទ្យាស្ថានកាណាដានាំបច្ចេកវិទ្យាថ្មីមកកម្ពុជា

  • 2019-02-11 05:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក (Paragon Education Company Limited) បាន​ធ្វើ​ជា​ម្ចាស់​នៃ​ការ​រៀប​ចំ​ពិធី​ជប់លៀង ដើម្បី​អបអរសាទរ​ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ វិទ្យាសា្ថន​ពហុ​បច្ចេកទេស (Southern Alberta Institute of Technology) នៃ​ប្រទេស​កាណាដា។

ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត របស់​គ្រឹះ​ស្ថាន​អប់រំ ផារ៉ាហ្គន ដើម្បី​ជួយ​​ឱ្យ​យុវជន​កម្ពុជា​បន្ត​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​មុខ​ក្នុង​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ភាព​ជា​ដៃ​គូ​ជាមួយ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ដែល​ឈាន​មុខ​គេ​របស់​ប្រទេស​កាណាដា ដោយ​ ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​អប់រំ​ទាំង​ពីរ បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

SAIT (Southern Alberta Institute of Technology) ជា​វិទ្យាស្ថាន​ពហុ​បច្ចេកទេស នៃ​ប្រទេស​កាណាដា ដែល​បណ្ដុះបណ្ដាល​និស្សិត​របស់​ខ្លួន​ឱ្យ​ទទួល​បាន​ចំណេះ ជំនាញ និង​សមត្ថភាព ស្រប​តាម​តម្រូវ​ការ​នៃ​ពិភព​បច្ចេកវិទ្យា​បច្ចុប្បន្ន។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩១៦ ហើយ​បាន​ផ្ដល់​នូវ​កម្មវិធី​សិក្សា​ជាង​ ១០០​កម្មវិធី ដែល​ផ្ដល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​មាន​តម្លៃ​ខ្ពស់។

វិទ្យាសា្ថន​នេះ​បាន​ជួយ​ឱ្យ​និស្សិត​ត្រៀម​ខ្លួន​សម្រាប់​ការងារ​ផ្សេង​ៗ​នៅ​ក្នុង​វិស័យ​ពាក់​ព័ន្ធ ជា​ពិសេស​ការងារ​បច្ចេកទេស ខណៈ​ដែល​ប្រទេស​កាណាដា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​ដែល​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ពិភពលោក​លើ​ផ្នែក​នវានុវត្តន៍​បច្ចេកវិទ្យា។​

លោក​ជំទាវ ជា សុផា​កន្នី ប្រធាន​ក្រុម​ប្រឹក្សាភិបាល បាន​ចុះ​ហត្ថលេខា​ជា​តំណាង ក្រុមហ៊ុន​ផារ៉ាហ្គន​អេឌ្យូខេសិន ឯ.ក ដោយ​ឡែក លោក​ស្រី យូឌី ផេដឺសិន (Judy Pedersen) ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អតិថិជន​អន្តរជាតិ បាន​ធ្វើ​ជា​តំណាង Southern Alberta Institute of Technology អំឡុង​អង្គ​ពិធី​នេះ​ផង​ដែរ។

បន្ថែម​ពី​នេះ ក៏​មាន​ផង​ដែរ​នូវ វត្តមាន និង​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ាង សុផល្លែត ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សាភិបាល​ផារ៉ាហ្គន និង លោក​ជំទាវ​ដូនីកា ផត់ធី (Donica Pottie) ឯកអគ្គរាជ​ទូត​កាណាដា ប្រចាំ​កម្ពុជា។

មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ព័ត៌មាន​វិទ្យា រួម​នឹង​ជំនាញ​វិស្វកម្ម និង​គ្រប់គ្រង​ពាណិជ្ជកម្ម គឺ​ជា​មុខ​ជំនាញ​ស្នូល​នៃ​ការ​អប់រំ​នៅ​សាកលវិទ្យាល័យ​ផារ៉ាហ្គន ខណៈ​ដែល​សិស្សានុសិស្ស​ពី​សាលា​អន្តរជាតិ​ផារ៉ាហ្គន គ្រប់​សាខា​ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​រៀន​ស្គាល់​មុខ​វិជ្ជា​ទាំង​នេះ​ចាប់​ពី​កម្រិត​ដំបូង​មក។

កិច្ច​សហប្រតិបត្តិការ​ថ្មី​ជាមួយ​ស្ថាប័ន​នៃ​ប្រទេស​កាណាដា​នេះ​​ នឹង​ពង្រីក​នូវ​វិសាលភាព និង​បង្កើន​ឱកាស​ដល់​សិស្ស-និស្សិត ព្រម​ទាំង​ផ្ដល់​ជូន​ពួក​គាត់​នូវ​ចំណេះ​ដឹង​កាន់​តែ​ប្រសើរ​ឡើង ជុំ​វិញ​វិស័យ​នានា​ដែល​កំពុង​សម្រួច​អនាគត​ពិភពលោក។

អត្ថបទ៖ លីដា

មតិយោបល់