• 2019-02-15 04:23:11
  • សុខភាព

មកស្គាល់ឈ្មោះមេរោគដ៏កាចសាហាវ ពេលឆ្មា ឬឆ្កែខាំ អាចបំផ្លាញសរីរាង្គសំខាន់ៗរហូតស្លាប់

  • 2019-02-15 04:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​បក​ស្រាយ​របស់ រដ្ឋលេខាធិការ​ និង​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​ លោក​ស្រី​វេជ្ជ​បណ្ឌិត ឱ វ៉ាន់ឌីន បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឆ្កែខាំ​ ឬ​ឆ្មា​ខ្វាចនេះ វាបង្កឲ្យមានអាការ:រោគភ្លាមៗ​ កើត​តាមរយៈ​មេរោគ​បាក់តេរី​ ឈ្មោះ​ បាតូណេឡា​ (Bartonella)​ ដែលបង្កឲ្យកើតមានដុំសរសៃឡាំហ្វាទិច​ (Lymphogranulome)​ ដែល​អាចធ្វើឲ្យមានសភាពឆ្ងន់ធ្ងរ និងស្លាប់បាន​។ នេះ​បើ​តាម​ប្រភព​អង្គភាព​សារព័ត៌មាន Fresh News ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។

លោក​ស្រី​វេជ្ជ​បណ្ឌិត ឱ វ៉ាន់ឌីន (រូបភាព៖ ក្រសួងសុខាភិបាល)

តាម​ប្រសាសន៍​របស់​លោក​ស្រ​វេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឆ្មា​ខាំ​ពី​២ទៅ​៣​សប្ដាហ៍ អ្នក​ជំងឺ​នឹង​មាន​អាការៈ​ហើម​កូន​កណ្ដុរ ករណី​មួយ​ចំនួន​ទៀត​មាន​អាការៈ មានក្តៅខ្លួន​ ឈឺក្បាល​ ឈឺសាច់ដុំ​ ស្រកទម្ងន់​ ដំបៅស្បែកធ្លាយចេញមក​ រលាក​សរសៃរដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗ​ ពិសេសថ្លើម​ ជួនកាលមានរលាកភ្នែក​ ហើយករណីធ្ងន់ធ្ងរនឹងស្លាប់ដោយសាររលាកខួរក្បាល ឫរលាកបេះដូងជាដើម។

រូបតំណាង

អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​នោះ គឺ​ពុំ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ«ដុំសរសៃឡាំហ្វាទិច»នេះ​ឡើយ។ ដូច្នេះ​ហើយ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ប្រុង​ប្រយ័ត្ន ប្រសិន​បើ​មាន​ចិញ្ចឹម​សត្វ​ឆ្មា ឬ​ឆ្កែ សូម​កុំ​ឲ្យ​កូន​តូច​ៗ លេង ឬ​ប៉ះពាល់​ផ្ដេសផ្ដាស។ ក្នុង​ករណី ឆ្មា ឬ​ឆ្កែ​ខាំ សូម​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឆ្កែ​ឆ្កួត និង​តេតាណុស​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​បង្ការ​កុំ​ឲ្យ​ជំងឺ​ឆ្កែ​ឆ្កួត និង​ជំងឺ​តេតាណុស។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ឆ្មា​ខាំ​អស់​រយៈ​ពេល​៣​ខែ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​​ភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​អាណិត​អាសូរ​ជាពន់​ពេក ទៅ​ក្មេង​ស្រី​រង​គ្រោះ ដែល​មុន​ពេល​នាង​ស្លាប់​ទៅ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ខ្លាំង រហូត​ក្មេង​ស្រី​នោះ​ផុត​ដង្ហើម។ ដូច្នេះ​សូម​មាតា បិតា ទូទាំង​ប្រទេស​កម្ពុជា សូម​ប្រុង​ប្រយ័ត្ន​បំផុត កុំ​ឲ្យ​មាន​វិប្បដិសារី​ដូច​ជា​ឪពុក​ម្ដាយ របស់​កុមារី​រង​គ្រោះ​នេះ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់