• 2019-02-20 08:30:10
  • ព័ត៌មាន

ដឹងការពិតហើយ! អ្នកជំនាញបកស្រាយ រឿងផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនៅវៀតណាម

  • 2019-02-20 08:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក (African Swine Fever) ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ក្នុង​សត្វ​ជ្រូក​នៅ​កសិដ្ឋាន​ចំនួន​បី​ក្នុង​ប្រទេស​វៀតណាម។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ករណី​ជំងឺ​ប៉េស​ជ្រូក​ដំបូង​គេ​ក្នុង​ប្រទេស​វៀត​ណាម​ត្រូវ​បាន​រក​ឃើញ​នៅ​កសិដ្ឋាន​ក្នុង​ខេត្ត Hung Yeng និង​ខេត្ត Thai Binh។ ជ្រូក​ទាំង​​អស់​ដែល​នៅ​ក្នុង​កសិដ្ឋាន​ខាង​លើ ត្រូវ​បាន​សម្លាប់​ហើយ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​ឆ្លង​រីករាល​ដាល​ទៅ​កាន់​ជ្រូក​ដទៃ​ទៀត​ក្នុង​ប្រទេស។ យ៉ាងណាមិញ ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ​លោក Pham Van Dong ឲ្យ​ដឹង​ថា ការ​នាំ​ចូល​សត្វ​គេច​ពន្ធ​តាម​ច្រក​ព្រំ​ដែន​នៅ​តែ​បង្ក​ការ​លំបាក​សម្រាប់​ការ​គ្រប់​គ្រង​មិន​ឲ្យ​ជ្រូក​ឆ្លង​ជំងឺ​នេះ។

ផ្ទុយទៅវិញ​លោក Dong អះអាង​ថា​ បើ​ទោះ​បី​ជា​ជំងឺ​នេះ​មិន​អាច​ព្យាបាល​លើ​សត្វ​ជ្រូក​យ៉ាង​ណា​ក្ដី ប៉ុន្តែ​វា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​បរិភោគ​នោះទេ។ ជាមួយ​គ្នា​ដែរ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​វៀតណាម​កុំ​មាន​ការ​ព្រួយ​បារម្ភ ហើយ​នៅ​តែ​អាច​បន្ដ​បរិភោគ​សាច់​ជ្រូក​បាន​ដោយ​ចម្អិន​ឲ្យ​បាន​ល្អ។

គួរ​ឲ្យ​ដឹង​ថា ប្រជាជន​វៀតណាម​បរិភោគ​សាច់​ជ្រូក​ប្រមាណ ៧៥%នៃ​ផលិត​សាច់​សរុប ខណៈ​ពេល​ដែល​ជ្រូក​ចិញ្ចឹម​ក្នុង​ប្រទេស​ជាង ៣០​លាន​ក្បាល​ត្រូវ​បាន​សម្លាប់​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រជាជន​ជាង ៩៥​លាន​នាក់៕

ប្រភព៖ Reuters ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់