• 2019-02-24 04:19:08
  • ការអប់រំ

វិធី​៩​យ៉ាង​ ជួយ​បង្កើន​ទំនុក​ចិត្ត​ ដើម្បី​ទទួល​បាន​ការងារ​ក្នុង​ក្តី​សុបិន​របស់​អ្នក​

  • 2019-02-24 04:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗ តើ​មាន​ប៉ុន្មាន​លើក​ដែល​អ្នក​តែងតែ​​គិត​ថា​អ្នក​នឹង​ទទួល​បាន​ការងារ​ក្នុង​ក្តី​សុបិន​របស់​អ្នក ឬ ថា​អ្នក​នឹង​អាច​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ​ប្រសិន​បើ​អ្នក​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង?

រូបតំណាង

គ្មាន​នរណា​ម្នាក់​កើត​មក​ជាមួយ​ទំនុក​ចិត្ត​នោះ​ទេ ប៉ុន្តែអ្នក​អាច​កសាង​វា​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​៩យ៉ាង​ដើម្បី​អភិវឌ្ឍ​ទំនុក​ចិត្ត៖​

១ រៀន​ទទួល​យក​ការ​សរសើរ

មនុស្ស​គ្រប់​គ្នា​មាន​ប្រតិកម្ម​ចំពោះ​ការ​សរសើរ​ខុសៗ​គ្នា។ មនុស្ស​ខ្លះ​ប្រែ​ជា​ខ្មាស់អៀន​ហើយ​ថែម​ទាំង​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​គុណវិបត្តិ​របស់​ខ្លួន​ទៀត​ក៏​មាន។ នេះ​គឺ​ជា​វិធី​ខុស​ចំពោះ​ប្រតិកម្ម​ការ​សរសើរ ហើយ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ក្រៅ​ពី​នេះ​វា​ហាក់​បី​ដូច​ជា​អ្នក​មិន​ឱ្យ​តម្លៃ​ទៅ​លើ​មតិ​របស់​អ្នក​ដែល​បាន​សរសើរ។

វិធី​ល្អ​បំផុត​ក្នុង​ការ​ប្រតិកម្ម​ចំពោះ​ការ​កោតសរសើរ គឺ​សូម​ញញឹម​ដោយ​ស្មោះ ហើយ​និយាយ​ថា "អរគុណ​ច្រើន"។ កុំ​ចេះ​តែ​សន្មត​ថា​​មនុស្ស​ម្នាក់​សរសើរ​អ្នក​ គ្រាន់​ជា​ពាក្យ​បន្លំ។ ចូរ​ចាំ​ថា ទទួល​យក​ការ​សរសើរ​ ខុស​ពី​អំនួត​ដែល​អ្នក​អួត​ប្រាប់​អ្នក​ដទៃ។

២ កុំ​ព្យាយាម​ធ្វើ​ឱ្យ​ល្អ​ឥត​ខ្ចោះ

ឧទាហរណ៍​ថា អ្នក​ចេះ​ជំនាញ​ច្រើន​នៅ​ការិយាល័យ ប៉ុន្តែ​គ្មាន​ជំនាញ​ណា​មួយ​ដែល​អ្នក​គិត​ថា​ល្អ​គ្រប់គ្រាន់​សម្រាប់​អ្នក​សោះ ឬ នៅ​ពេល​អ្នក​កំណត់​គោលដៅ​ដែល​អ្នក​ពិបាក​ទៅ​ដល់ អ្នក​តែង​មាន​ការ​ថប់​ បារម្ភ ខ្លាច​មិន​ជោគជ័យ។

មនុស្ស​ជោគជ័យ​ក៏​ចេះ​ធ្វើ​ខុស ហើយ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ដែល​ពួកគេ​បាន​ធ្វើ។ ប៉ុន្តែ​ពួកគេ​​រៀន​ពី​មេរៀន​ទាំង​នោះ ហើយ​អ្នក​ក៏​គួរ​ធ្វើ​ដូច្នោះ​ដែរ។

៣ រៀន​ប្រើ​ក្រសែភ្នែក​នៅ​ពេល​សន្ទនា

អ្នក​អាច​មើល​ឃើញ​អារម្មណ៍​មនុស្ស​ដោយ​ការ​សម្លឹង​ភ្នែក​គេ។ ចាប់​តាំង​ពី​​អាយុ​៩​ខែ ទារក​​ចាប់​ផ្ដើម​ចេះ​សម្លឹង​ភ្នែក​ឪពុក​ម្ដាយ​របស់​ពួកគេ​ ដើម្បី​យល់​ពី​អារម្មណ៍​ពួកគាត់​។ មនុស្ស​កុហក​​តែង​គេច​ភ្នែក ដើម្បី​លាក់​ការ​ពិត​ដែល​​គេ​កំពុង​កុហក។

នៅ​ពេល​មាន​នរណា​ម្នាក់​គេច​ភ្នែក មាន​ន័យ​ថា​ គេ​ខ្វះ​ទំនុក​ចិត្ត​។ ដូច្នេះ ការ​រក្សា​ភ្នែក​ជាមួយ​មនុស្ស​នឹង​ជួយ​អ្នក​ឱ្យ​ឈ្នះ​ទំនុក​ចិត្ត​ និង បញ្ចុះបញ្ចូល​ពួកគេ​ជឿ​ថា​អ្នក​ស្មោះត្រង់។

៤ បញ្ឈរ​ឲ្យ​ត្រង់​ខ្នង និង ប្ដូរ​ពី​របៀប​ដើរ​របស់​អ្នក

ខ្នង​ត្រង់ កាយវិការ​រស់​រវើក ដើរ​ដោយ​ទំនុក​ចិត្ត នេះ​គឺ​ជា​សញ្ញាណ​នៃ​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត។​ ដូច្នេះ ងើប​ក្បាល​ឡើង ដើរ​ឲ្យ​ត្រង់​ខ្លួន សម្លឹង​ឡើង​លើ ជាជាង​អោន​មុខ​ចុះ។ មនុស្ស​នៅ​ជុំវិញ​អ្នក នឹង​សម្គាល់​អ្នក ហើយ​អ្នក​នឹង​កត់​សម្គាល់​ថា​​អ្នក​នឹង​មាន​អារម្មណ៍​ខុស​ប្លែក។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ភាសា​កាយវិការ​របស់​មនុស្ស​មាន​ទំនុក​ចិត្ត​នឹង​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង (stress)។

៥ បោះ​ចោល​គំនិត​អវិជ្ជមាន

ការ​ត្រួត​ពិនិត្យ​ការ​សន្ទនា​ផ្ទៃ​ក្នុង​របស់​អ្នក​គឺ​ជា​មធ្យោបាយ​មួយ​ដ៏​លំបាក ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ដាក់​វិន័យ​ខ្លួន​អ្នក។ អ្នក​ក៏​អាច​សរសេរ​នូវ​រាល់​គុណសម្បត្តិ​របស់​អ្នក​ក្នុង​បញ្ជី​មួយ ហើយ​អាន​វា​នៅ​ពេល​ដែល​គំនិត​អវិជ្ជមាន​មក​សន្ថិត​លើ​ខួរក្បាល​អ្នក។

៦ កត់​សមិទ្ធផល​របស់​អ្នក

អ្នក​អាច​ធ្វើ​សៀវភៅ​កំណត់ហេតុ​ ហើយ​កត់​រឿង​ជោគជ័យ​ថ្មីៗ​របស់​អ្នក​រាល់​ថ្ងៃ។ មិន​ចាំបាច់​​ទាល់​តែ​ជោគជ័យ​ធំៗ​ទេ កត់​រាល់​រឿង​តូចៗ​ឆ្ពោះ​ទៅ​គោលដៅ​របស់​អ្នក។ ឧទាហរណ៍ "ថ្ងៃ​នេះ​ខ្ញុំ​បាន​អាន​សៀវភៅ​៥​ទំព័រ...ខ្ញុំ​បាន​ដាក់​ចិត្ត​ហាត់​ប្រាណ​បាន​២០​នាទី...”។

នៅ​ពេល​អ្នក​មាន​ហេតុផល​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​មោទនភាព​ វា​នឹង​ជួយ​បង្កើន​ទំនុក​ចិត្ត​របស់អ្នក។

៧ ចាប់ផ្ដើម​និយាយ​ជាមួយ​មនុស្ស​មិន​ដែល​ស្គាល់

​វា​ជា​ការ​លំបាក​ក្នុង​ការ​និយាយ​ជាមួយ​មនុស្ស​មិន​ដែល​ស្គាល់។ ប៉ុន្តែ​អ្នក​នឹង​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ។

៨ ហ៊ាន​ស្នើ​ឲ្យ​គេ​ជួយ​

មនុស្ស​ចូលចិត្ត​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់​ និង មាន​តម្លៃ។ មនុស្ស​គ្រប់​គ្នា​គួរ​តែ​មាន​នរណា​ម្នាក់​ដែល​ពួកគេ​អាច​ពឹង​ពាក់​បាន ​ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ ប៉ុណ្ណោះ​ដែល​នឹង​ស្វែង​រក​ជំនួយ។

៩ កុំ​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

កុំ​មើល​រូបថត​មនុស្ស​ដែល​អ្នក​ស្គាល់​ហើយ​ប្រៀប​ធៀប​ពួកគេ​ទៅ​នឹង​ខ្លួន​អ្នក។ ទម្លាប់​នេះ​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ខ្លួនឯង។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ជា​កន្លែង​ដែល​មនុស្ស​ប្រកួត​ប្រជែង​សំញែង​ភាព​មាន​បាន​ជោគជ័យ។ ពួកគេ​ postតែ​រូប​ស្រស់​ស្អាត ពី​កន្លែង​អស្ចារ្យ។ ហើយ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ថត​រូប​ខ្លួន​ឯង​នៅ​ផ្ទះ​ ស្លៀក​សំលៀក​បំពាក់​ធម្មតា ធ្វើ​ការងារ​ធម្មតា។

អ្នក​គួរ​​ទុក​ពេល​ខ្លះ​ពី​ពិភព​ស្រមើស្រមៃ​ទាំង​នោះ​ មក​រស់​នៅ​ក្នុង​ពិភព​ពិត ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទៅ​ក្រៅ ជួប​មិត្តភ័ក្ដិ​​បងប្អូន​ពិត។ នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង ជជែក​ជាមួយ​ពួកគេ​ដោយ​ផ្ទាល់៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់