• 2019-02-27 09:59:39
  • ព័ត៌មាន

បួន​ឆ្នាំ​នេះ ​មហាសេដ្ឋី​អចលនៈ​ទ្រព្យ​ ហុង ពីវ បរិច្ចាគ​លុយ​ប៉ុន្មាន​លាន​ដុល្លារ​ដល់​ពេទ្យ​គន្ធបុប្ផា​?

  • 2019-02-27 09:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នកឧកញ៉ា ហុង ពីវ ​អគ្គនាយក​ក្រុមហ៊ុន​ពិភពថ្មី​​គ្រុប និង​ក្រុម​គ្រួសារ​​បាន​បរិច្ចាគ​​ថវិកា​ផ្ទាល់​ខ្លួន​ដ៏​ច្រើន​មហាសាល​ ដើម្បី​បម្រើ​ដល់​ការងារ​សង្គម​ ពិសេស​ គឺ​ការ​បរិច្ចាគ​ដល់​​មន្ទីរពេទ្យ​គន្ធបុប្ផា។ ជាក់​ស្តែង​ឆ្នាំ ២០១៩ ​នេះ លោក​បាន​បរិច្ចាគ​ថវិកា ២ ១៨៨ ៨៨៨ ដុល្លារ។ ថវិកាជាង ២លាន​ដុល្លារ នេះ​គឺជា​ការ​បរិច្ចាគ​លើក​ទី​៤​ ហើយ ​ពោល​ គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ ​២០១៦ រហូត​ដល់​ ឆ្នាំ​២០១៩ នេះ។

​ការ​បរិច្ចាគ​ថវិកា​ដ៏​មហាសាល និង​ច្រើន​ជាង​គេ នៅ​ក្នុង​ប្រទេសកម្ពុជា ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា ​

  • លើកទី១ ត្រូវ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃទី ២៩ ខែ​មករា ឆ្នាំ២០១៦ មាន​ទឹក​ប្រាក់​ចំនួន​១ លាន​ដុល្លារ។

  • លើក​ទី​២  នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ២០១៧ មាន​ចំនួន​ ២ លាន​ដុល្លារ​អាមេរិក ជូន​ផ្ទាល់​ដល់​លោក​វេជ្ជបណ្ឌិត​បេអាត រីចឆ្នឺរ (Beat Richner) អតីត​​ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

  • លើក​ទី​៣ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨ ចំនួន ២ ១៦៨ ៨៨៨ ដុល្លារ​អាមេរិក​ និង

  • លើក​ទី​៤ នៅ​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០១៩ ចំនួន ២ ១៨៨ ៨៨៨ ដុល្លារ។ ដូច្នេះ​សរុប​ទាំង​បួន​លើ​ក​ អ្នក​​ឧកញ៉ា បាន​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ប្រមាណ​​ ៧ ៣៥៧ ៧៧៦ ដុល្លារ​អាមេរិក។

  មន្ទីរ​ពេទ្យ​គន្ធបុប្ផា មាន​ចំនួន​ ៥ទីតាំង នៅ​ក្នុង​នោះ មាន​៤ទី​តាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​១​ទីតាំង​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​ក្នុង​មួយ​ថ្ងៃៗ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ទទួល​ព្យាបាល​កុមារ ចាប់ពី​ចំនួន ១ ៦០០នាក់ ទៅ ២ ០០០ នាក់ ដោយ​មិន​គិត​ថ្លៃ​សេវា​អ្វី​ទាំងអស់។​ តាម​ការ​បញ្ជាក់​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាល​ពី​ពេល​កន្លងមក​​ឱ្យ​ដឹង​ថា មន្ទីរពេទ្យ​នេះ ចំណាយ​ថវិកា ប្រមាណ ៤២លានដុល្លារ ក្នុង​១​ឆ្នាំៗ។

  អ្នក​ឧក​ញ៉ាហុង ពីវ មិន​ត្រឹមតែ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ប៉ុណ្ណោះ​ទេ តែ​កន្លងមក លោក​បាន​ជួយ​ដល់​កិច្ចការ​មនុស្សធម៌​ជាច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​បាន​កោត​សរសើរ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​មហាជន​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​អ្នក​ឧកញ៉ា​រូប​នេះ៕

រូបភាព​ហ្វេសបុក អ្នក​ឧកញ៉ា ហុង ពីវ

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម