• 2019-03-01 10:44:55
  • សេដ្ឋកិច្ច

កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤

  • 2019-03-01 10:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម ៤.០ រឺហៅថា បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ មិនមែនគ្រាន់តែជាផ្នែកមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាជាបដិវត្តន៍បច្ចេកវិទ្យាដែលនឹងកើតមានឡើងមិនអាចជៀសផុត។ ក្នុងយុគសម័យមួយនៃការរីកចម្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងល្បឿនៃការរីកចម្រើនផ្នែកសេដ្ឋកចិ្ចយ៉ាងឆាប់រហ័ស បាតុភូតនៃឧស្សាហកម្មជំនាន់ថ្មីនេះ នឹងធ្វើឲ្យមានការផ្លាស់ប្តូររបៀបរបបក្នុងការផលិត, ប្រើប្រាស់, ចែករំលែក, ចែកចាយ, ទំនាក់ទំនង និងការរស់នៅជាដើម។

ក្នុងន័យនេះ សម្ព័ន្ធធុរកិច្ចអាស៊ី ដែលជាស័ម្ពន្ធអន្តរជាតិផ្តោតលើការផ្តល់ប្រឹក្សាយោបល់ វិភាគ និងការធ្វើធុរកិច្ចនៅក្នុងតំបន់អាស៊ីកណ្តាល អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ បានរួមសហការជាមួយ VR Event Planner ដែលជាក្រុមហ៊ុនរៀចំព្រឹត្តិការណ៍ និងរៀបចំយុទ្ធសាស្រ្តកសាងម៉ាកយីហោក្រុម ដើម្បីសហការរៀបចំសិក្ខាលាមួយស្តីពី “ការភ្ជាប់ទំនាក់ទំនងភាពជាដៃគូ និងកាលានុវត្តភាពនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤” ដែលបានប្រារព្ធធ្វើឡើងនៅឯអគារការិយាល័យ Raintree កាលពីថ្ងៃទី ២៦ ខែកុម្ភះ។

សិក្ខាសិលានេះមានការចូលរួមពីថ្នាក់ដឹកល្បីល្បាញជាច្រើនមកពីវិស័យផ្សេងៗគ្នា រួមមានដូចជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រុមហ៊ុន VR Legend Plc, Deewee Management Consultants, Bosch, Sabay Digital Corporation និងសភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ព្រមទាំងវត្តមានរបស់សហគ្រិន និងម្ចាស់សហគ្រាសធុននិងមធ្យមមួយចំនួនផងដែរ។

អ្នកស្រី Enkhzul Orgodol ស្ថាបនិក និងជានាយកប្រតិបត្តិសម្ព័ន្ធធុរកិច្ចអាស៊ី បានបង្ហាញចំណាប់អារម្មណ៍ថាសម្ព័ន្ធធុរកិច្ចអាស៊ីមានគោលបំណងដើរតួនាទីជាកាតាលីករ ហើយក៏ជាអង្គវេទិការមួយសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស អន្តរវស័យនៅក្នុងតំបន់ដើម្បីភាពរីកចម្រើនប្រកបដោយបរិយាប័ន្ន ដែលផ្តោតលើកិច្ចការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសហគ្រិនភាព។

ជាមួយគ្នានេះ អ្នកស្រី តាក់ពិសិដ្ឋរដ្ឋលីដា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិក្រុមហ៊ុន VR Event Planner បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រុមហ៊ុនរបស់លោកស្រី និងសម្ព័ន្ធធុរកិច្ចអាស៊ី ដើម្បីរៀបចំសិក្ខាសិាលាបែបនេះឡើង នឹងរួមចំណែកក្នុងការពាំនាំនូវកាលានុវត្តភាពនៃភាពជាដៃគូសម្រាប់ធុរកិច្ចក្នុងកម្ពុជាផ្សារភ្ជាប់ទៅនឹងឆាកអន្តរជាតិស្របតាមនិន្នាធុរកិច្ចនៅក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងសកលលោកផងដែរ។

ថ្លែងនៅក្នុងសិក្ខាសិលានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រសាសន៍ថា បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងផ្លាស់ប្តូរពីប្រទេសមានប្រាក់ចំណូលទាបមធ្យម ទៅជាប្រទេសមានប្រាក់កចំណូល កម្រិតខ្ពស់មធ្យម ហើយក៏អាចក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នាពេលអនាគតផងដែរ។

លោក Prashanta Pradhan តំណាងសម្ព័ន្ធធុរកិច្ចអាស៊ី ប្រចាំនៅកម្ពុជា ក៏បានបង្ហាញពីប្រព័ន្ធ E-Guide រឺហៅថា “ការណែនាំអំពីការធ្វើធុរកិច្ចនៅកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់សម្ព័ន្ធធុរកិច្ចអាស៊ី ហើយការធ្វើធុរកិច្ចក្នុ្ងងតំបន់អាស៊ីតាមរយៈ ប្រព័ន្ធ E-Guide នេះត្រូវបានបង្កើតឡើងក្នុងប្រទេសម៉ងហ្គោលី ហើយនឹងត្រូវបង្កើតឡើងនៅក្នុងប្រទេសហ្វីលីពីន, ចិន និងប្រទេស កាសាក់ស្តាន ជាដើម។ សូមជម្រាបថា កិច្ចប្រជុំប្រចាំលើកទី២ របស់សម្ព័ន្ធធុរកិច្ចអាស៊ី នឹងត្រូវប្រព្រឹត្តិធ្វើឡើងក្នុងខែ កក្កដា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែ កក្កដា ឆ្នាំ២០១៨។

សម្ព័ន្ធធុរកិច្ចអាស៊ី អង្គវេទិការទ្រទ្រង់សហគ្រិន និងសហគ្រាសធុន និងមធ្យមក្នុងគោលបំណងពង្រីក និងកាន់តែរីកចម្រើននៅក្នុងតំបន់អាស៊ីក្នុងការផ្តល់នូវចំណេះដឹងពិត ស៊ីជម្រៅ និងចំណេះដឹងអនុវត្តជាក់ស្តែងពីទិដ្ឋាភាពទីផ្សារដែលកំពុងមានការរីកចម្រើនក្នុងតំបន់អាស៊ី តាមរយៈការបណ្តុះបណ្តាល និងសិក្ខាសិលាផ្សេងៗ។

ជាចុងក្រោយ ក្រុមហ៊ុន VR Event Planner បានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីទ្រទ្រង់ដល់សម្ព័ន្ធធុរកិច្ចអាស៊ីក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ របស់សម្ព័ន្ធធុរកិច្ចមួយនេះប្រកបដោយភាពជោគជ័យ និងជួយលើកកម្ពស់ធុរកិច្ចក្នុងតំបន់ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះ៕

រូបភាពផ្ដល់ឲ្យ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់