• 2019-03-03 02:46:45
  • សុខភាព

គួរអាន! នេះជាអ្វីដែលនឹងកើតឡើងចំពោះរាងកាយ នៅពេលអ្នកមិនទទួលទានគ្រឿងស្រវឹង ២៨ ថ្ងៃ

  • 2019-03-03 02:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការធ្វើស្ថិតិជាច្រើនបានឱ្យដឹងថា មនុស្សធម្មតាម្នាក់ទទួលទានគ្រឿងស្រវឹងប្រមាណជា ៩.៥ លីត្រក្នុងមួយឆ្នាំ។ មនុស្សម្នាក់នេះមិនមែនញៀននឹងការទទួលទានគ្រឿងស្រវឹងឡើយ គឺគេគ្រាន់តែចំណាយពេលជួបជុំមិត្តភក្តិ ឬចូលរួមកម្មវិធីជុំលៀងផ្សេងៗ ហើយទទួលទានគ្រឿងស្រវឹងត្រឹមបន្តិចបន្តួចប៉ុណ្ណោះ។ ចំនែកអ្នកខ្លះមានទម្លាប់ទទួលទានគ្រឿងស្រវឹង ១ កែវ ឬច្រើនជាងនេះសឹងតែរាល់ថ្ងៃដើម្បីកាត់ស្ត្រេស។ ថាតើនឹងមានអ្វីកើតឡើងចំពោះរាងកាយអ្នកដែលទទួលទានគ្រឿងស្រវឹងជាប្រចាំ ប្រសិនបើពួកគេឈប់ទទួលទានសម្រាប់រយៈពេល ២៨ ថ្ងៃ?

សប្តាហ៍ទី ១

  • ចំណង់អាហារហាក់ដូចជាកើនឡើង ៖ ជាការពិតណាស់ មនុស្សមួយចំនួនធំទទួលទានកាន់ តែច្រើនជាងមុន ប្រសិនបើពួកគេទទួលទានគ្រឿងស្រវឹង។ ហើយទោះបីជាពួកគេឈប់ផឹក ក៏ដោយ ក៏ពួកគេនៅតែមានទម្លាប់ទទួលទានអាហារផ្សេងៗឥតឈប់ដដែល។ ដូច្នេះដើម្បីជាការប្រសើរ កំឡុងពេលផ្ដាច់គ្រឿងស្រវឹង ចូរព្យាយាមទទួលទានទឹកផ្លែឈើស្រស់ និងផ្លែឈើជំនួសអាហារសម្រន់ផ្សេងៗវិញ។
  • ចំណង់ឃ្លានអាហារផ្អែមកើនឡើង ៖ គ្រឿងស្រវឹង ជាពិសេសប្រភេទផ្អែមៗអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមឆាប់រហ័ស ហើយវាក៏អាចបង្កើតទៅជាចំណង់ឃ្លានរបស់ផ្អែមៗ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សម្នាក់ៗមានប្រតិកម្មខុសៗគ្នា ដោយអ្នកខ្លះបែរជាជួបប្រទះអាការៈជាតិស្ករក្នុងឈាមចុះទាបពេក។ ហើយការឡើងខ្ពស់ ឬចុះទាបពេកនៃកម្រិតជាតិស្ករក្នុងឈាម គឺគ្រោះថ្នាក់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។

  • ពិបាកគេងលក់បានស្កប់ ៖ នេះជាបញ្ហាមួយដែលតែងកើតឡើងចំពោះអ្នកដែលមានទម្លាប់ទទួលទានគ្រឿងស្រវឹងមួយកែវរាល់ពេលមុនចូលគេង ដើម្បីឱ្យគេងលក់បានឆាប់។ ខណៈដែលជាតិអាល់កុលអាចធ្វើឱ្យអ្នកឆាប់គេងលក់ ប៉ុន្តែវាកាត់បន្ថយគុណភាពនៃការគេង។ ដូច្នេះនៅពេលអ្នកផ្ដាច់គ្រឿងស្រវឹងក្នុងសប្តាហ៍ដំបូងអ្នកនឹងជួបប្រទះបញ្ហាពាក់ព័ន្ធជាមួយការគេងជាមិនខាន។

  • ក្នុងករណីខ្លះ អ្នកអាចនឹងជួបប្រទះអាការៈឈឺក្បាលដែលជារោគសញ្ញាមួយនៃភាពប្រែប្រួលសំខាន់ៗក្នុងរាងកាយខណៈដែលវាកំពុងបន្សាបជាតិអាល់កុល។ វាអាចជះឥទ្ធិពលលើថ្លើម ឬសូម្បីតែសម្ពាធឈាម។ ក្នុងដំណាក់កាលដំបូងនៃការផ្ដាច់គ្រឿងស្រវឹង រាងកាយរបស់អ្នកអាចនឹងជួបប្រទះអាការៈឈឺចុកចាប់រាងកាយផងដែរ។

សប្តាហ៍ទី ២

  • ថ្លើមចាប់ផ្ដើមធូរស្បើយឡើងវិញ ៖ នៅពេលអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ កោសិកាថ្លើម គឺជួបប្រទះបញ្ហារួចស្រេចតាំងពីដំបូងទៅហើយ។ ទោះជាយ៉ាងណា សរីរាង្គនេះអាចសះស្បើយឡើងវិញ គ្រាន់តែត្រូវការពេលយូរ ប៉ុន្តែប្រសិនបើអ្នកកាន់តែទទួលទានគ្រឿងស្រវឹងតិចប៉ុណ្ណា ថ្លើមនឹងឆាប់ជាលឿនប៉ុននោះ។
  • ស្បែកប្រែប្រួល ៖ ជាតិអាល់កុលរារាំងចរន្តឈាមហូរដែលបណ្ដាលឱ្យមានបញ្ហាកង្វះអុកស៊ីសែនក្នុងស្បែក។ ជាលទ្ធផល គ្រឿងស្រវឹងធ្វើឱ្យស្បែកប្រែជាស្ងួត និងលេចឡើងនូវស្នាមជ្រីវជ្រួញ និងអ៊ុចៗ។

  • ការរំលាយអាហារចាប់ផ្ដើមល្អប្រសើរជាងមុន ៖ គ្រឿងស្រវឹងបង្កើនការផលិតអាស៊ីតក្រពះ។ នោះហើយជាមូលហេតុដែលអ្នកទទួលទានកាន់តែច្រើននៅពេលទទួលទានគ្រឿងស្រវឹង។

  • ក្នុងសប្តាហ៍ទី ២ គឺវាកាន់តែពិបាកជាងសប្តាហ៍ដំបូងទៅទៀតក្នុងការព្យាយាមបដិសេធមិនទទួលទានគ្រឿងស្រវឹង។

សប្តាហ៍ទី ៣

  • នៅសប្តាហ៍ទី ៣ រោគសញ្ញានៃការទទួលទានគ្រឿងស្រវឹងដូចជា ស្នាមខ្មៅក្រោមភ្នែក និងហើមមុខ ចាប់ផ្ដើមបាត់ទៅវិញ។ នោះក៏ព្រោះតែប្រព័ន្ធបង្ហូរនោមអាចដំណើរការមុខងារបានត្រឹមត្រូវឡើងវិញ។
  • ងាយក្រោកពីគេងនៅពេលព្រឹក ៖ នៅពេលគ្រឿងស្រវឹងសាបអស់ទាំងស្រុងពីប្រព័ន្ធរាងកាយ វដ្ដនៃការគេងរបស់អ្នកនឹងត្រឡប់ជាធម្មតាវិញដែលធ្វើឱ្យអ្នកងាយនឹងក្រោកឡើងនៅពេលព្រឹក។

  • ការទទួលទានគ្រឿងស្រវឹងកាត់បន្ថយការផលិតទឹកមាត់ដែលជះឥទ្ធិពលលើស្ថានភាពនៃធ្មេញ។ ដូច្នេះប្រសិនបើអ្នកឈប់ផឹកគ្រឿងស្រវឹង នោះហានិភ័យនៃជំងឺពុកធ្មេញនឹងត្រូវថយចុះ ហើយកាចាធ្មេញរបស់អ្នក គឹកាន់តែររឹងមាំ។

  • គ្រឿងស្រវឹងមិនត្រឹមតែបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យអ្នកមានបញ្ហាពាក់ព័ន្ធនឹងការដឹងរសជាតិ ក៏ដូចជាការដឹងក្លិនផងដែរ។ ទោះជាយ៉ាងណា ក្រោយពេលអ្នកផ្ដាច់គ្រឿងស្រវឹងយូរទៅ សមត្ថភាពស្រងក្លិន និងដឹងរសជាតិប្រាកដជាត្រឡប់ដូចធម្មតាវិញ។

សប្តាហ៍ទី ៤

  • ប្រសិនបើមនុស្សម្នាក់ធាត់លើសទម្ងន់ នោះម៉ាសរាងកាយនឹងថយចុះគួរឱ្យកត់សម្គាល់ក្រោយពេលឈប់ទទួលទានស្រាដល់សប្តាហ៍ទី ៤។ ហើយអ្នកកាន់តែឈប់ទទួលទានគ្រឿងស្រវឹងយូរប៉ុណ្ណា ទម្ងន់ដែលលើសរបស់អ្នកកាន់តែស្រកចុះប៉ុននោះដែរ។
  • គ្រឿងស្រវឹងបង្កើនសម្ពាធឈាម ៖ ប្រសិនបើបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាញឹកញាប់ នោះអ្នកប្រាកដជាប្រឈមមុខនឹងហានិភ័យនៃជំងឺលើសឈាមជាមិនខាន។ ហើយអ្នកដែលមិនទទួលទានគ្រឿងស្រវឹង គឺមិនងាយជួបប្រទះបញ្ហានេះញឹកញាប់ឡើយ។ ដូច្នេះហានិភ័យនៃជំងឺលើសសម្ពាធឈាម ក៏ដូចជាជំងឺស្ទះសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលក៏ត្រូវថយចុះតាមនោះដែរ។

  • ស្បែកប្រែជាស្រស់ថ្លាជាមុនច្រើន ៖ មុន, ស្នាមអ៊ុចៗ និងការរោលរលាកលើស្បែកក៏បាត់ផងដែរ។ ជាញឹកញយរោគមុន និងបញ្ហាស្បែកផ្សេងៗច្រើនកើតឡើងដោយសារកង្វះជាតិទឹកក្នុងរាងកាយដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង។

  • ការផ្ដោតអារម្មណ៍, ភាពស្វាហាប់ និងថាមពលចាប់ផ្ដើមប្រសើរឡើងវិញ ៖ នេះប្រហែលជាភាពប្រែប្រួលចុងក្រោយបង្អស់នៃការផ្ដាច់គ្រឿងស្រវឹងបានរយៈពេល ២៨ ថ្ងៃ ឬ ៤សប្តាហ៍។ នោះក៏ព្រោះតែការទទួលទានគ្រឿងស្រវឹងជាប្រចាំធ្វើឱ្យកោសិកាខួរក្បាលរាប់លានត្រូវបានងាប់ដោយសារកង្វះនៃអុកស៊ីសែន។ ដូច្នេះនៅពេលអ្នកឈប់ផឹកគ្រឿងស្រវឹង កោសិកាខួរក្បាលនឹងមិនត្រូវបានបំផ្លាញទៀតទេ៕

ប្រភព ៖ health.com.kh

មតិយោបល់