• 2019-03-03 03:13:43
  • សុខភាព

គួរឲ្យខ្លាច! ជំងឺសាហាវៗ ៦ ប្រភេទនឹងកើតឡើង បើអ្នកស្រ្តេសរ៉ាំរ៉ៃ

  • 2019-03-03 03:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​មក​រស់​នៅ​លើ​ផែនដី​រាប់​ឆ្នាំ​ហើយ ជឿ​ថា​នរណា​ក៏​មាន​បទពិសោធន៍​កើត​មាន​បញ្ហា​ថប់អារម្មណ៍​ ឬ​ស្រ្តេស​ដែរ​នៅ​ក្នុង​ជីវិត។ ពេល​ខ្លះ​ស្រ្តេស​អាច​ជា​កម្លាំង​ជំរុញ​វិជ្ជមាន ដែល​ជួយ​ឲ្យ​អ្នក​រឹត​តែ​ខំ និង​អាច​សាង​លទ្ធផល​បាន​ល្អ តែ​វា​ពិត​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ផ្លូវ​ចិត្ត និង​សុខភាព​របស់​អ្នក។ ​ទាំង​នេះ​គឺ​ជា​ជំងឺ ៦ ប្រភេទ​ដ៏គួរ​ឲ្យ​បារម្ភ​ ដែល​អ្នក​អាច​នឹង​​កើត​​ឡើង បើ​អ្នក​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ។

១. ជំងឺ​គេង​មិន​លក់

ថប់​អារម្មណ៍​ ឬ​ស្រ្តេស​ច្រើន​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​គេង​មិន​លក់។ ពេល​ខ្លះ​វា​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក ដែល​ធ្វើ​​​ឲ្យ​ភ្ញាក់​កណ្ដាលយប់​​ជា​ញឹកញាប់។ បើ​អ្នក​បណ្ដោយ​ឲ្យ​វា​កើត​ឡើង​យូរៗ​ទៅ​ វា​នឹង​បង្ក​ទៅ​ជា​ទម្លាប់ ឬ​ជំងឺ​ដែល​ពិបាក​នឹង​ស្រោច​ស្រង់។ ត្រឡប់​មក​វិញ បញ្ហា​គេង​មិន​លក់ ឬ​មិន​គ្រប់គ្រាន់​​នេះ ក៏​អាច​កើន​ឡើង​ទៅ​ជា​ស្រ្តេស​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា មិន​ត្រូវ​ធ្វើ​​សកម្មភាព​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​ខ្លួន​គេង​មិន​លក់​ដូចជា ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន និង​មិន​ត្រូវ​ហាត់​ហាត់ប្រាណ​រយៈ​ ៤ ម៉ោង​មុន​ពេល​ចូល​គេង។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​ញ៉ាំ​​ទឹកដោះគោ​មួយ​កែវ និង​ រៀប​ចំ​កន្លែង​គ្រែ​ឲ្យ​មាន​ផាសុកភាព​ ទើប​គេង​ឆាប់​លក់ ហើយ​មិន​ត្រូវ​គិត​ពី​រឿង​ស្មុគស្មាញ​នានា​ឡើយ។

រូបតំណាង

២. ជំងឺបាក់ទឹកចិត្ត ឬ Depression

បញ្ហា​ស្រ្តេស​ ឬ​ភាព​អស់​សង្ឃឹម​ដែល​​កើត​ឡើង​រយៈ​ពេល​យូរ នឹង​នាំ​ឲ្យ​អ្នក​មាន​បញ្ហា​ជំងឺ​បាក់​ទឹក​ចិត្ត។ នេះ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង។ ដូច្នេះ​អ្នក​គួរ​ពិភាក្សា​ជា​មួយ​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត ឬ​​ពេទ្យ​ជំនាញ ដើម្បី​ដោះស្រាយ។

៣. បញ្ហាឈាម​រត់

ភាព​តានតឹង​អារម្មណ៍ អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អាកទែ និង​សរសៃ​ឈាម​ក្នុង​ខ្លួន​មាន​ភាព​ប្រទាញ​ និង​រឹត​បន្តឹង ដែល​ធ្វើ​ឲ្យ​ឈាម​មិន​អាច​ដំណើរ​ការ​បាន​ល្អ និង​អាច​កក​ឈាម ឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ទៀត​ផង។ បើ​អ្នក​យល់​ឃើញ​ថា​ខ្លួន​ដល់​ដំណាក់​កាល​នេះ ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ជា​បន្ទាន់ ​ឬ​អាច​ប្រើ​វិធីទប់​ស្កាត់​បណ្ដោះ​អាសន្ន​នានា ដូចជា ត្រាំ​ទឹក​ក្ដៅ ញ៉ាំ​ទឹក​ក្ដៅ ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន និង​គិត​រឿង​ល្អៗ។

៤. ជំងឺ​ទឹក​នោម​ផ្អែម

ជំងឺ​មួយ​ដែល​និយម​កើត​​ដោយ​សារ​បញ្ហា​ស្រ្តេស គឺ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ស​ម្រាប់​អ្នក​មានជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ខ្លះ​បាន​កំណត់​ការ​ទទួល​យក​ជាតិ​ស្ករ​ក្នុង​កម្រិត​ត្រឹមត្រូវ តែ​នៅ​តែ​មាន​បញ្ហា​គ្រោះថ្នាក់​ធំ​កើត​ឡើង​ ដោយ​សារ​តែ​ពួក​គេ​រង​នូវ​សម្ពាធ​ផ្លូច​ចិត្ត​នេះ​ឯង។

រូបតំណាង

៥. ជំងឺ​បេះដូង

ភាព​តានតឹង​នឹង​ធ្វើ​ឲ្យ​បេះដូង​ញាប់ញ័រ ឬ​លាត់​ញាប់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​សម្ពាធ​ឈាម។ យូរៗទៅ​បញ្ហា​នេះ​ នឹង​បង្ក​ឲ្យ​បេះដូង​ខូច។ ម្យ៉ាង​កម្រិត​នៃ​ការ​ស្រ្តេស​ ក៏​នឹង​បណ្ដាល​ឲ្យ​កូឡេស្តូរ៉ូល​មាន​ការ​កើន​ឡើង។ ដូច្នេះ​ទើប​មាន​ការ​ណែនាំ​​ថា ត្រូវ​ពិនិត្យ​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀតទាត់ ដើម្បី​ដឹង​ពី​ស្ថានភាព​សុខភាព​ឆាប់​រហ័ស និង​ទទួល​បាន​ការ​ប្រឹក្សា​ពី​គ្រូពេទ្យ​ទាន់​ពេល។

៦. ជំងឺ​មហារីក

ការ​សិក្សា​ជា​ច្រើន បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​ស្រ្តេស ដែល​អាច​បង្ក​ទៅ​ជំងឺ​មហារីក​ផ្សេងៗ ដោយ​សារ​ភាព​តានតឹង​នេះ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ នេះ​​ជា​ហេតុ​នាំ​ឲ្យរាង​កាយ​មនុស្ស​បាត់​បង់​អ្នក​ចម្បាំង​ដែល​ទៅ​ប្រយុទ្ធ​ជា​មួយ​ជំងឺ​ធំៗ​ទាំង​នោះ។ ដូច្នេះ​ អ្នក​ត្រូវ​ថែទាំ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ចិត្ត​ ឲ្យ​បាន​ល្អ​តាម​ក្បួន​វេជ្ជសាស្រ្ត ធ្វើ​លំហាត់​ប្រាណ សម្រាក ស្ដាប់​តន្រ្តី ដើម្បី​កាត់​បន្ថយ​ស្រ្តេស និង​ផ្ដល់​ឱកាស​ឲ្យ​ខួរក្បាល​មាន​សេរីភាព៕

អត្ថបទ៖ សុខណា

មតិយោបល់