• 2019-03-09 04:16:25
  • ព័ត៌មាន

​និស្សិត​មួយ​ក្រុម បង្កើត​កម្មវិធី​មនុស្ស​ធម៌​ និង​ការ​ថែរក្សា​បរិស្ថាន

  • 2019-03-09 04:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​និស្សិត​ជាង ១០០នាក់​ដែល​មកពី​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​គ្រប់គ្រង​ជា​ភាសា​បារាំង (Filière d'économie et de Gestion ) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង សាកល​វិទ្យាល័យ លីយ៉ុង II បាន​រួម​គ្នា​រៀបចំ​និង​បង្កើត​ឡើង​នូវ​ដំណើរ​ទស្សន​កិច្ច​សិក្សា​រួមគ្នា​ក្រោម​ប្រធាន​បទ​ផ្សេងៗ ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ក្ដី​ស្រលាញ់​ចំពោះ​ធម្មជាតិ ការ​ថែ​រក្សា​បរិស្ថាន ការ​ខ្វល់ខ្វាយ​ពី​បម្រែបម្រួល​អាកាស​ធាតុ ការ​ចូលរួម​សកម្មភាព​មនុស្ស​ធម៌ ការ​ចូលរួម​ថែ​រក្សា​ការ​ពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជាពិសេស​ផ្ដល់​ភាព​កក់​ក្ដៅ​តាម​រយៈ​ការ​រឹត​ចំណង​សាមគ្គីភាព​រវាង​គ្នា​ និង​គ្នា​ក្នុង​សង្គម​ខ្មែរ ។

នៅ​ឆ្នាំ​នេះ​ទស្សន​កិច្ច​សិក្សា​ ដែល​ប្រព្រឹត្ត​ឡើង​តាម​រយៈ​ក្រុម​និស្សិត​នេះ​ផងដែរ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត​កំពង់ធំ និង​សៀមរាប មាន​រយៈពេល ៤ ថ្ងៃ ៣យប់ ចាប់​ពី​ថ្ងៃទី ០៧ ដល់ថ្ងៃ ១០ ខែ មីនា ឆ្នាំ ២០១៩ ក្រោម​ប្រធាន​បទ "ការ​ចូលរួម​របស់​យុវជន​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​ នៃ​សង្គម" ។

សកម្មភាព​របស់​ក្រុម​និស្សិត​មាន​ដូចជា៖

  • ការ​តម្រង់​ទិស​ក្នុង​ការ​ជ្រើសរើស​ជំនាញ​នៅ​ថ្នាក់​ឧត្ដម​សិក្សា ​និង​ការ​ចែក​រំលែក​អំពី​ចំណេះ​ដឹង​ផ្នែក​បរិស្ថាន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កំពង់ធំ

  • ការ​រាំ​ជា​ក្រុម​ទ្រង់ទ្រាយ​ធំ នៅ​មុខ​លាន​ជល់ដំរី​ ​​ដោយ​មាន​វត្តមាន​នៃ​ការ​ចូលរួម​ទស្សនា​ពី​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ ដែល​ជា​សារ​បង្ហាញ​ពី​ចង្វាក់​រាំ​ខ្មែរ និង​ដើម្បី​ឲ្យ​អ្នក​មក​ទស្សនា​ស្វែង​យល់​ពី​វប្បធម៍​របស់​ខ្មែរ

  • ការ​ដាំ​ដើម​ឈើ និង​ការ​ប្រលែង​ត្រី​នៅ​ក្នុង​សហគមន៍​មួយ​ដែល​ស្ថិត​នៅ​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប

  • សកម្មភាព​មនុស្ស​ធម៌​តាម​​រយៈ​ការ​បរិច្ចាគ​ជា​សម្ភារៈ ថវិកា​ដែល​បាន​រៃ​អង្គាស​ពី​សប្បុរស​ធម៍​នានា ទៅ​កាន់​សាលា​កុមារ​គ ថ្លង់​មួយ​ក្នុង​ខេត្ត​សៀមរាប

  • ការ​ជិះកង់​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរវត្ត និង​ការ​ទស្សនា​ប្រាសាទ​បន្ទាយ​ក្តី  ប្រាសាទ​អង្គរវត្ត និង ប្រាសាទ​តា​ព្រំ

  • ការ​ប្រគំ​តន្ត្រី​ខ្នាត​តូច​នា​ពេល​រាត្រី ដោយ​មាន​ការ​សម្ដែង​ចេញ​ពី​ទេព​កោសល្យ​ផ្ទាស់​ពី​ក្រុម​និសិ្សត។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​មុន​ៗ​ក្រុម​និស្សិត​បាន​នាំ​យក​អំណោយ​ជា​សម្ភារៈ​សិក្សា​ សំលៀក​បំពាក់ ក៏​ដូចជា​ថវិកា​មួយ​ចំនួន​ ដែល​បាន​មក​ការ​បរិច្ចាគ​របស់​សប្បុរស​ជន​នានា និង​មួយ​ចំណែក​បាន​មក​ដោយ​ក្រុម​និស្សិត​ផ្ទាល់ ទៅ​ជួយ​កុមារ​ ដែល​កំពុង​ខ្វះ​ខាត និង​កុមារ​ពិការ​ដែល​កំពុង​ស្នាក់​នៅ​តាម​បណ្ដា​អង្គការ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​និង​បាន​ចូល​រួម​ការ​ដាំដើម​កោងកាង​នៅ​ក្នុង​សហគមន៍​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​គោលដៅ​ជំរុញ​ការ​អភិរក្ស និង​ថែរក្សា​ព្រៃលិច​ទឹក​ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​មច្ឆជាតិ​នានា​ដែល​មច្ឆជាតិ​ទាំង​នោះ​ហើយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជាជន​នេសាទ​នៅ​ក្នុង​សហគមន៍។លើស​ពី​នេះ​​ទៅ​ទៀត​ក្រុម​និសិ្សត​ទាំង​អស់​ក៏​បាន​ចូល​រួម​ក្នុង​ការ​សំអាត​នៅ​តាម​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន​នៅ​ខេត្ត​ដែល​យើង​រៀបចំ​កម្មវិធី​ទៅ​តាម​ឆ្នាំ​នី​មួយៗ​។

គោលបំណង​ចម្បង​ដើម្បី​បង្ហាញ​ពី​តួនាទី​យុវជន​កម្ពុជា​ក្នុង​ការ​ចូលរួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន បញ្ហា​អាកាសធាតុ និង​ផ្ដល់​ជា​គំរូ​ល្អ​ក្នុង​ការ​ថែទាំ​បរិស្ថាន​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ទេសចរណ៍ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។មួយ​ផ្នែក​ទៀត​យើង​ក៏​ចង់​បង្ហាញ​ពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ជួយ​លើក​ស្ទួយ​តំបន់​ទេសចរណ៍​ក៏ដូចជា​ជួយ​សង្គម​ជាតិ​ទាំង​មូល​ផងដែរ។  

ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ទទួល​បាន​ការ​គាំទ្រ​ពី សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច សាកល​វិទ្យាល័យ​លីយ៉ុង II (ប្រទេសបារាំង) ក្រសួង​ទេសចរណ៍ ក្រសួង​អប់រំ​យុវជន​ និង​កីឡា ក្រសួងបរិស្ថាន ក្រសួង​វប្បធម៏ និង​វិចិត្រ​សិល្បៈ សាលាភូមិន្ទ​រដ្ឋបាល និង​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​មួយ​ចំនួន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់